ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​​ចុង​ខែ​មេសា មន្ដ្រី​​ជាន់​ខ្ពស់​គណ​ប​ក្ស​​ប្រជាជន​​ថា​ថ្នាក់​​ដឹកនាំ​ប​ក្ស​ទាំង​២​​អាច​ជួប​​គ្នា​ចុង​ខែ​នេះ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​​ពី​​ជំនួប​ក្រៅ​ផ្លូវការ​​តាម​ទូរ​ស័ព្ទ​​មុន​ថ្ងៃ​​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​​នោះ ថ្នាក់​ដឹក​នាំ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី​ ​នឹង​ជួប​ពិភាក្សា​​គ្នា​ជា​ថ្មី​​ទៀត នៅ​ចុង​ខែ​មេសា​នេះ តែ​មិន​ដឹង​ថា​ជួប​គ្នា​​​នៅ​តុចរចា​​ ឬ​ជួប​តាម​​ទូរ​ស័ព្ទ​នោះ​ទេ​ បន្ទាប់​ពី​ត្រឡប់​មក​ពី​ក្រៅ​​ប្រទេស​វិញ​​ ដើម្បី​​បញ្ចប់​បញ្ហា​​ដែល​សេស​សល់​​ពី​កិច្ច​ពិភាក្សា​​​គ្នា​លើក​មុន​តាម​ទូរ​ស័ព្ទ​នោះ ។

រាជធានីភ្នំពេញ ៖ បន្ទាប់​​ពី​​ជំនួប​ក្រៅ​ផ្លូវការ​​តាម​ទូរ​ស័ព្ទ​​មុន​ថ្ងៃ​​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​​នោះ ថ្នាក់​ដឹក​នាំ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី​ ​នឹង​ជួប​ពិភាក្សា​​គ្នា​ជា​ថ្មី​​ទៀត នៅ​ចុង​ខែ​មេសា​នេះ តែ​មិន​ដឹង​ថា​ជួប​គ្នា​​​នៅ​តុចរចា​​ ឬ​ជួប​តាម​​ទូរ​ស័ព្ទ​នោះ​ទេ​ បន្ទាប់​ពី​ត្រឡប់​មក​ពី​ក្រៅ​​ប្រទេស​វិញ​​ ដើម្បី​​បញ្ចប់​បញ្ហា​​ដែល​សេស​សល់​​ពី​កិច្ច​ពិភាក្សា​​​គ្នា​លើក​មុន​តាម​ទូរ​ស័ព្ទ​នោះ ។

នេះ​បើតាម​​​ការ​ឱ្យ​ដឹង​​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ និង​ជា​សមា​ជិក​​គណៈ​កម្ម​ការ​ចម្រុះ​​កែ​ទម្រង់​ការ​បោះ​ឆ្នោត​​ លោក ជាម យៀប ប្រាប់​​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​នៅ​ថ្ងៃ​ទី​២៤ មេសា​ ។ លោក ជាម យៀប បាន​ឱ្យ​ដឹង​ថា តាម​រយៈ​ភ្នាក់​ងារ​​ព័ត៌​មាន​របស់​លោក​​នៅ​ក្រៅ​ប្រទេស​បាន​​ឱ្យ​លោក​ដឹង​ថា​ ​លោក សម រង្ស៊ី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​សន្និសីទ​​កាសែត​​​ថា រូប​លោក​​នឹង​ជួប​ពិភាក្សា​ជាមួយ​សម្តេច​​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​ បន្ទាប់​ពី​​លោក​ត្រឡប់​មក​កម្ពុជា​វិញ ។​ ក្នុង​ជំនួប​​នោះ លោក សម រង្ស៊ី​ នឹង​និយាយ​បញ្ចប់​ពី​កិច្ច​ការ​ដែល​មាន​ពី​មុន​មក​​​ឱ្យ​ចប់​សព្វ​គ្រប់​​ ដើម្បី​រក​យុត្តិធម៌​ សុខ​សន្តិភាព​ជូន​ប្រទេស​ជាតិ និង​ក្នុង​បំណង​ផ្សះ​​ផ្សា​ជាតិ ។

​មន្ត្រី​​ជាន់​ខ្ពស់​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​​រូប​​នេះ​ បាន​លើក​ឡើង​ទៀត​ថា រូប​លោក​ស្វាគមន៍​​ឱ្យ​មាន​ជំនួប​​រវាង​ថ្នាក់​ដឹក​នាំ​​សម្តេច​​តេជោ​​ ហ៊ុន សែន ជាមួយ​លោក សម រង្ស៊ី​ និង​មាន​សុទិដ្ឋិ​និយម​ និង​ជា​គោល​គំនិត​​របស់​គណ បក្ស​ប្រជា​ជន​កម្ពុជា​ ក្នុង​ការ​បើក​ជើង​មេឃ​ទូលាយ​ជា​និច្ច​កាល គឺ​ចង់​ធ្វើ​យ៉ាង​ណា​​​ឱ្យ​កម្ពុជា​​​មាន​សុខ​សន្តិភាព​ យុត្តិធម៌ និង​ស្រុះ​ស្រួល​ជាមួួយ​គ្នា​ និង​ចង់​ឱ្យ​ធ្វើ​ការ​ជាមួយ​គ្នា​​ដើម្បី​កសាង​ជាតិ​​ជាមួយ​គ្នា ជា​ការ​ត្រឹមត្រូវ ។ ​ទោះ​​ជា​យ៉ាង​ណា​ក្តី​ លោក ជាម យៀប មិន​បាន​បញ្ជាក់​​ច្បាស់​លាស់​ថា​ ជំនួប​កំពូល​រវាង​​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ កំណត់​ថ្ងៃ​ណា​មួយ​ជាក់​លាក់​ឡើយ គ្រាន់តែ​​ថា នៅ​ពេល​​ដែល​សម្តេច​​​តេជោ​នាយក​រដ្ឋ​មន្ត្រី​ត្រឡប់​មក​ពី​​បំពេញ​ទស្សន​កិច្ច​​​នៅ​ក្រៅ​ប្រទេស ក៏​ដូច​ជា​លោក សម រង្ស៊ី​ ដែរ ។

ចំពោះ​​ទស្សន​កិច្ច​នៅ​ក្រៅ​​ប្រទេស​របស់​​ប្រធាន​គណបក្ស​ប្រឆាំង​​ លោក សម រង្ស៊ី នោះ ត្រូវ​បាន​លោក ជាម យៀប​ សង្ឃឹម​ថា​ ជា​កាដូ​ថ្មី​សម្រាប់​​ការ​ចរចា​​ជាមួយ​ថ្នាក់​ដឹក​នាំ​​គណបក្ស​ប្រជា​ជន​​កម្ពុជា ប្រសិន​បើ​​គាត់​ពិត​ជា​​មាន​គំនិត​ចង់​បញ្ចប់​បញ្ហា​ដែល​សេស​សល់​​​មែន​នោះ​ ។ លោក​​ថ្លែង​ថា ការ​វិល​ត្រឡប់​មក​វិញ​នោះ​ជា​ដំណឹង​ល្អ​ សម្រាប់​រក​ដំណោះ​ស្រាយ​​បញ្ហា​​នានា​ដែល​​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​​ បាន​ជជែក​គ្នា​តាម​ទូរ​ស័ព្ទ​អស់​៤៤​នាទី មុន​ថ្ងៃ​ដែល​លោក សម រង្ស៊ី​ ​​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​ក្រៅ​ប្រទេស​ គឺ​បាន​ជជែក​គ្នា​យល់​ព្រម​ជាមួយ​គ្នា​​​លើ​ចំណុច​ជា​ច្រើន​ គឺ​នៅ​សល់​តែ​ចំណុច​បន្តិច​ (២០%) តែ​ប៉ុណ្ណោះ​ ដែល​មិន​ទាន់​​ដោះ​ស្រាយ​ចប់ ។

លោក​ ជាម​ យៀប​ បាន​លើក​ឡើង​ទៀត​ថា ក្នុង​នាម​ជា​សមាជិក​ក្រុម​គណ​ៈ​កម្ម​ការ​ចម្រុះ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជន​ គឺ​មាន​តែ​ការ​ចរចា​គ្នា​ទេ​ ដែល​ជា​គន្លឹះ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​សេស​សល់​នៅ​កម្ពុជា​ទាំង​អស់​នោះ​បាន​ ។ ​មិន​អាច​យក​ការ​ធ្វើ​បាតុ​កម្ម​មក​ដោះ​ស្រាយ​​បញ្ហា​ដែល​នៅ​សេស​សល់​នៅ​កម្ពុជា​ ដូច​លោក​ កឹម​ សុខា អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​បាន​ទេ ។ លោក​​ថ្លែង​ថា ចាប់​តាំង​ពី​ផ្អាក​ការ​ចរចា​គ្នា​រវាង​ក្រុម​គណៈ​កម្ម​ការ​ចម្រុះ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​មក​​ រហូត​​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ជួប​ពិភាក្សា​គ្នា​ជា​ផ្លូវ​ការ​ឬ​ក្រៅ​ផ្លូវ​ការ​ណា​មួយ​នៅ​ឡើយ​ទេ។

ទាក់​ទិន​នឹង​ការ​លើក​ឡើង​របស់​លោក​ ជាម​ យៀប ​ដែល​ថា​ នឹង​មាន​ជំនួប​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​គណ​បក្ស​​ជាប់​ឆ្នោត​ទាំង​២​ លោក​ យ៉ែម​ បុញ្ញ​ឫទ្ធិ​ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​​នោះ​ថា មិន​ទាន់​មាន​គម្រោង​ជំនួប​ណា​មួយ​ទេ​ ដោយ​សារ​ពេល​នេះ​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ទាំង​ពីរ​​កំពុង​នៅ​ក្រៅ​ប្រទេស ។ លោក​ យ៉ែម​ បុញ្ញ​ឫទ្ធិ​ បន្ត​ថា លោក​គ្រាន់​តែ​ដឹង​ថា​ ថ្នាក់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រឡប់​ពី​ក្រៅ​ប្រទេស​វិញ​នៅ​ចុង​ខែ​មេសា​នេះ​ ​ដោយ​លោក​ សម​ រង្សុី នឹង​ត្រឡប់​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​២៩​ មេសា ចំណែក​លោក​ កឹម​ សុខា នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​​២៨​ មេសា ខាង​មុខ​ ។

គួរ​​រំឭក​ថា កាល​ពី​ថ្ងៃ​ទី​៩​ មេសា សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​លោក​ សម​ រង្សុី​ ប្រធាន​​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​​អស់​រយៈ​ពេល​៤៤​នាទី​ ដោយ​ផ្តោត​ទៅ​លើ​ ទី​១​-ពេល​វេលា​នៃ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ និង​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ទី​២-​កំណែ​ទម្រង់​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) និង​ការ​កែ​ទម្រង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ប៉ុន្តែ​លោក​ សម​ រង្សុី​ បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​លោក​ កឹម​ សុខា ដែល​ជា​អនុ​ប្រធាន​គណ​បក្ស​សិន​ ។ ស្រប​ពេល​នោះ​ដែរ សម្តេច​ ហ៊ុន​ សែន​ ជឿ​ជាក់​ថា បញ្ហា​នយោ​បាយ​នឹង​ត្រូវ​បាន​បញ្ចប់​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ។ ​ក្រោយ​ពី​ពិភាក្សា​គ្នា​ លោក​ សម​ រង្សុី​ បាន​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​ថា លោក​ពិត​ជា​បាន​និយាយ​ជាមួយ​​សម្តេច​ ហ៊ុន​ សែន​ ពិត​មែន​ និង​លើក​ឡើង​ថា​ លទ្ធ​ផល​​ដែល​លោក​​ជជែក​​ជាមួយ​សម្តេច​តេជោ​​ ហ៊ុន សែន​​ ទទួល​បាន​លទ្ធផល​ប្រមាណ​៨០​%​ គឺ​សល់​តែ​​ប្រមាណ​២០%​​​ប៉ុណ្ណោះ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក សម រង្ស៊ី​ ប្រកាន់​ជំហរ​ថា​ លោក​ត្រូវ​តែ​​មាន​ការ​ពិភាក្សា​​​ជាមួយ​លោក កឹម សុខា​​​ ព្រោះ​​ថា​​រូប​លោក​ ​និង​លោក កឹម សុខា​​ ជា​មនុស្ស​តែ​មួយ​​ ​គ្មាន​ថ្ងៃ​បែក​បាក់​គ្នា​​​ឡើយ​​ ​ហើយ​រាល់​កិច្ច​ការ​និង​ចុះ​ហត្ថ​លេខា​​​អ្វី​មួយ​​ត្រូវ​​តែ​មាន​វត្ត​មាន​ទាំង​ពីរ​នាក់​ ។

ការ​ចាត់​ទុក​​ថា ដំណោះ​ស្រាយ​ដែល​ជាប់​គាំង​​សល់​តែ​២០%​នោះ សម្រាប់​លោក​ សម រង្ស៊ី​ ​ហាក់​បានខ្វែង​គំនិត​គ្នា​​នឹង​ការ​អះ​អាង​​របស់​លោក កឹម សុខា​ ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​ក្រៅ​ស្រុក​មួយ​​​ក្នុង​ថ្ងៃ​ដដែល​នោះ​ បង្ហាញ​ថា​ នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​​​​ដែល​ពិបាក​នឹង​​បោះ​ជំហាន​ទៅ​មុខ​​ដោយ​រលូន​ណាស់ ពិសេស​គឺ​កាល​​បរិច្ឆេទ​បោះ​ឆ្នោត​​មុន​អាណត្តិ​ ៕