ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​ចំនួន​២​នាក់​បាត់បង់​ជីវិត​លើ​ផ្លូវ​៦០​ម៉ែត្រ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩​នេះ លោក គុ​ជ លី​ណា អនុប្រធាន​គណៈ កម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩​នេះ លោក គុ​ជ លី​ណា អនុប្រធាន​គណៈ កម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប តំណាង​ឱ្យ​លោក ទៀ សីហា ប្រធាន​គណៈ កម្មាធិការ​សាខា បាន​ដឹកនាំ​ក្រុម​ប្រតិបត្តិ​សាខា និង​អនុ​សាខា​កាកបាទក្រហមកម្ពុជា ក្រុង​សៀមរាប នាំ​យក​អំណោយ​របស់​សាខា​ចូលរួម​រំលែក​មរណទុក្ខ​គ្រួសារ​សព​ចំនួន​២​នាក់ ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៩ កន្លង​ទៅ​។

គ្រួសារ​ជន​រង​គ្រោះ​ទាំង​២​ខាងលើ ក្នុង​នោះ ១-​ឈ្មោះ តាំ ចិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ប្រជា​ការពារ​ភូមិ បាន​ស្លាប់ ចំណែក​ប្រពន្ធ​ឈ្មោះ តី អូន និង​កូនប្រុស​ម្នាក់​ឈ្មោះ ចិន ចាន់​ណា អាយុ​៦​ឆ្នាំ ក៏​បាន​រង​របួសធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ផង​ដែរ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ។ ២-​លោកតា ជៀប ប៉ុន អាយុ​៧០​ឆ្នាំ ជា​កសិករ បាន​ស្លាប់ មាន​ប្រពន្ធ​ឈ្មោះ ប៉ិក សឿ​ម អាយុ​៧១​ឆ្នាំ​។ គ្រួសារ​ជន​រង​គ្រោះ​ទាំង​២​ខាងលើ មាន​ទីលំនៅ​ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

ក្នុង​ឱកាស​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ខាងលើ​នេះ លោក​អនុប្រធាន​គណៈកម្មាធិការ​សាខា​បាន​ពាំនាំ​នូវ​ការ​ចូលរួម​រំលែក​មរណទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​ដូច​ជា​លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា សូម​ចូលរួម​រំលែក​ទុក្ខ និង​សោកស្តាយ​ជាទី​បំផុត​ជាមួយ​ក្រុម​គ្រួសារ​សព​ទាំង​២​នាក់ ដែល​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ក្នុង​រយៈពេល​តែ​មួយប៉ប្រិចភ្នែក​នា​ពេល​នេះ ។

លោក​បន្ត​ថា សូមកុំ​អស់សង្ឃឹម ត្រូវ​តាំងស្មារតី​ឡើង ខិតខំ​ប្រកបការងារ​បន្ត​ទៀត ព្រោះថា គ្មាន​អ្នក​ណា​ម្នាក់​ចង់ឱ្យ​កើតឡើង​ទេ តែ​ធ្វើ​ម្ដេច​វា​ជា​ឧបទ្ទវហេតុ​ដែល​នឹក​ស្មាន​មិន​ដល់ ហេតុនេះ​សូម​បួងសួង​សូម​ឧទ្ទិស​កុសល​ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ធ​សព​ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​ទៅ​កាន់​សុខ​គតិ​ភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សូម​បញ្ជាក់​ថា ទេយ្យវត្ថុ​ចូលរួម​ក្នុង​ពិធី​បុណ្យសពជនរងគ្រោះទាំង​​២នាក់​​ខាងលើ ក្នុងនោះ​​មួយ​គ្រួសារ​ទទួល​បាន មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​១ មី​១​កេស ត្រីខ​២​យួរ ទឹកបរិសុទ្ធ ១​កេស អង្ករ​៣០​គីឡូក្រាម និង​ថវិកា​១​លាន​រៀល​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ