កម្ពុជា​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មនុស្ស​សាស្ត្រ និង​សង្គម​សាស្ត្រ​លើក​ដំបូង


រាជធានី​ភ្នំពេញ ៖ ដើម្បី​ចងក្រង​ឯកសារ​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បានដឹង​សកល​វិទ្យាល័យ​ចំនួន​២ រួម​នឹង​សាលា​បណ្តុះបណ្តាល​គ្រូបង្រៀន​បាន​រួម​គ្នា​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មនុស្ស​សាស្ត្រ និង​សង្គម​សាស្ត្រ​ជា​លើក​ដំបូង​នៅ​កម្ពុជា ។

លោក ចូ ហ្សេ​វ ថា​ច់ សាស្ត្រាចារ្យ​មក​ពី INALCO ប្រទេស​បារាំង និង​ជា​ប្រធាន​គម្រោង​អភិបាលកិច្ច និង​ការ​រំលេច​ឡើង​នៃ​ការ​ស្រាវជ្រាវ​ផ្នែក​មនុស្ស​សាស្ត្រ​នៅ​កម្ពុជា (GEReSH-CAM) បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​គម្រោង​ស្តី​ពី GEReSH-CAM នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា​ថា​មជ្ឈមណ្ឌល​ដែល​បង្កើត​ឡើង​មានការ​ចូលរួម​ពីសា​កល​វិទ្យា​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​វិទ្យា​ស្ថានភាព​អប់រំ ។ លោក​បញ្ជាក់​អំពី​គោលបំណង​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បង្កើត​ឡើង​ក្នុង​គោលបំណង​ស្រាវជ្រាវ​ទាក់ទង និង​មនុស្ស​សាស្ត្រ និង​សង្គម​សាស្ត្រ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​យល់​អំពី​ការ​វិវត្តន៍​សង្គមមនុស្ស (​ខ្មែរ​) ឬ​សង្គម​ផ្សេង​ៗ ដែល​មាន​ប្រវត្តិសាស្ត្រ ន​រក្ស​វិទ្យា និង​ភាសាវិទ្យា​ជាដើម​។

លោក​ក៏​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​មជ្ឈមណ្ឌល​បង្កើត​ឡើង​ដោយ​បាន​ជំនួយ​ពី​សហគមន៍​អឺរ៉ុប និង​ដៃគូ​ជួយ​៤​ប្រទេស​ផ្សេង​ទៀត ។ លោក​បន្ថែម​ថា ការ​បង្កើត​មជ្ឈមណ្ឌល នេះ​ឡើង​ដោយសារ​នៅ​កម្ពុជា​មិនសូវ​ទាន់​មានការ​ស្រាវជ្រាវ​ផ្នែក​មនុស្ស​សាស្ត្រ និង​សង្គម​សាស្ត្រ​នៅឡើយ​សម្រាប់​កម្ពុជា ។ ជាង​នេះ​ដោយសារ​ធនធានមនុស្ស​ផ្នែក​ស្រាវជ្រាវ​នេះ​នៅ​មាន​តិច ។

ដូច្នេះ​ការ​បង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង​ក៏​ដើម្បី​ប្រមូល​ធនធានមនុស្ស​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ធ្វើការ​ស្រាវជ្រាវ​មាន​លក្ខណៈ​អន្តរជាតិ ។ លោក​សាស្ត្រ​ចា​រ្យ​ក៏​បាន​លើក​ឡើង​ទៀត​ការ​ស្រាវជ្រាវ​ក៏​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​ផង​ដែរ ប៉ុន្តែ​ត្រូវការ​ស្រាវជ្រាវ​ឲ្យ​ស៊ីជម្រៅ​ពី​សង្គម និង​ប្រវត្តិសាស្ត្រ ។ យ៉ាងណា​ក្តី​លោក​ក៏​បញ្ជាក់​អំពី​ការ​ស្រាវជ្រាវ​មនុស្ស​សាស្ត្រ និង​សង្គម​សាស្ត្រ​មិន​បានឃើញ​ពី​ប្រយោជន៍​ភ្លាម​ៗ​ដូច​ជា ការ​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នោះ​ទេ ប៉ុន្តែ​ផលប្រយោជន៍​នៅ​ដើរទៅ​ជំ​ហ៊ាន​វែង ។

លោក​សាស្ត្រ​ក៏​បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​នឹង​បើកចំហរ​សម្រាប់​អ្នក​ស្រាវជ្រាវ​ទាំងអស់ មិន​ថា បរទេស ឬ​ខ្មែរ​នោះ​ទេ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ក្នុង​ស្វែង​យល់​ពី​បញ្ហា​រួម​គ្នា ។ លោក​គូស បញ្ជាក់​ថា​«​នៅ​ថ្ងៃ​ខាង​មុខ​យើង​សង្ឃឹមថា មជ្ឈមណ្ឌល​នឹង​លើកមុខ​មាត់​អ្នក​ស្រាវជ្រាវ​ខ្មែរ និង​គោល​ជំហរ​រឹង​មាំ ដើម្បី​ជជែក​ពិភាក្សា​ផ្នែក​ចំណេះដឹង​ជាមួយ​បរទេស ។ សព្វ​ថ្ងៃនេះ​ខ្មែរ​មិន ទាន់​មាន​ផ្នែក​ស្រាវជ្រាវ​នេះ​នៅឡើយ​ទេ​»​។ ចំណែក​លោក​សាស្ត្រ សុខ សូត្រ ព្រឹទ្ធបុរស​មហាវិទ្យាល័យ​អប់រំ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​លើក​ឡើង​ថា ម​ជ្ឍ​មណ្ឌល​នេះ​នឹង​ដើរតួ​ជា​វេទិការ​មួយ​សម្រាប់​ឲ្យ​សាស្ត្រ​ចា​រ្យ​ដែល​មាន​ជំនាញ​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ផ្នែក​សង្គម​សាស្ត្រ និង​មនុស្ស​សាស្ត្រ​បាន​មក​ធ្វើ​ជាមួយ​គ្នា ។

លោក​បន្ត​ថា នៅ​កម្ពុជា​មាន​អ្នក​ស្រាវជ្រាវ​មាន​ច្រើន​ផ្នែក ប៉ុន្តែ​ដើម្បី​ឲ្យ​មាន​ផលប្រយោជន៍​ដល់​មនុស្ស និង​សង្គម​ខ្មែរ​មិន​ទាន់​មាន​ច្រើន​ទេ ព្រោះ​ពួក​គេ​ចង់​ល្បី តែ​ប៉ុណ្ណោះ គឺ​គាត់​ស្រាវជ្រាវ​ហើយ​គាត់​បាន​បោះ​ពុ​ម្ភ​ជា​ភាសា​អង់គ្លេស ។ អី​ញ្ចឹ​ង​អ្នក​ដែល​ចង់​ដឹង​ពី​បញ្ហា​របស់​ខ្មែរ​មិន​មាន​ច្រើន​ទេ ទោះបីជា​ពូក​គេ​ចង់​ដឹក​ក៏​ដោយ ។ លោក​បញ្ជាក់​ថា​«​អី​ញ្ចឹ​ង​ទេ សំណូមពរ​របស់​ខ្លូ​ន គឺ​ចង់​ឲ្យ​អ្នកធ្វើការ​នៅ​មជ្ឈមណ្ឌល​ត្រូវ​បង្កើត​ធនធាន​ដែល​ខ្លូ​ន​ស្រាវជ្រាវ ដើម្បី​ផ្តល់​ឲ្យ​មនុស្ស​ផ្សេង​ទៀត​ងាយ​ទទួលយក​បាន ។ ដើម្បី​ព្រៀម​ធៀប​ជាមួយ​អន្តរជាតិ​ថា យើង​ដល់​ណា​ហើយ​គេ​ដល់​ណា ។ ជាង​នេះ ដើម្បី​ថា យើង​ត្រូវ​យ៉ាងណា​ទៀត ដើម្បី​ឲ្យ​ខ្មែរ​ដើរ​ទាន់​ទេ​ខាង​ផ្នែក​សង្គម​សាស្ត្រ និង​មនុស្ស​សាស្ត្រ​នេះ » ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ