ខេត្តបាត់ដំបង ៖ កូនប្រុសលោក លី ប៊ួយ អធិការនគរបាលស្រុកសំឡូត ឈ្មោះ សំ សោម ហៅចិន ដែលជានាយប៉ុស្តិ៍រដ្ឋបាលរួមជាមួយកូនចៅរបស់ខ្លួនប៉ុន្មាននាក់ផង រងការចោទប្រកាន់ថា បានចាប់ឈ្មួញដើរទិញផ្លែសំរងភ្នំចំនួន២នាក់ដាក់ខ្នោះដៃ រួចព្រួតគ្នាវាយដំគ្មានត្រាប្រណីដើម្បីបង្ខំឱ្យឈ្មួញទាំង២នាក់នោះបង់ប្រាក់ឱ្យខ្លួនចំនួន៣លានរៀលជាថ្នូរនឹងការជូនផ្លូវ និងឱ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលរបស់ខ្លួន ។
សកម្មភាពដ៏ឃោរឃៅនេះ ត្រូវប្រភពព័ត៌មានរាយការណ៍ថា បានកើតឡើងកាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី២៣ មេសា នៅក្នុងប៉ុស្តិ៍រដ្ឋបាលឃុំសំឡូត តែម្តង ។ ប្រភពដដែលបានប្រាប់ថា ជនរងគ្រោះក្នុងអំពើហិង្សានេះ ម្នាក់ឈ្មោះ ហឹុម គួន ភេទប្រុស អាយុ៣១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឡេវ លេង ភេទប្រុស អាយុ២៨ឆ្នាំ ជាបងប្អូនរស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត បើករថយន្តប្រភេទទួរីស១២កៅអី ពាក់ស្លាកលេខភ្នំពេញ 2D-6637 ជាឈ្មួញដែលតែងចុះទៅរកទិញផ្លែសំរងភ្នំនៅស្រុកសំឡូត នេះ ។
ជនរងគ្រោះឈ្មោះ ហឹុម គួន បានប្រាប់តាមទូរស័ព្ទ បន្ទាប់ពីគាត់បើករថយន្តចេញផុតពីទឹកដីស្រុកសំឡូតនាព្រឹកថ្ងៃទី២៣ មេសា ថា រូបគាត់និងឈ្មោះ សំ សោម ហៅចិន នេះ គឺធ្លាប់ទាក់ទងរកសីុមុខរបរនេះជាមួយគ្នាកន្លងមកជាមួយនឹងនារីម្នាក់ឈ្មោះវីស ជាសង្សារបស់ឈ្មោះចិននោះដែរ ។ គាត់និយាយថា ការរកសីុបានឈានដល់ការទុកចិត្តគ្នា ដំបូងគាត់ក៏បានទម្លាក់លុយឱ្យទៅឈ្មោះចិន ចំនួន២០០ដុល្លារ និងឱ្យទៅឈ្មោះវីស ជាសង្សាររបស់ឈ្មោះចិន ចំនួន២.៥០០ដុល្លារទៀត ដើម្បីឱ្យពួកគេជួយរកទិញផ្លែសំរងនេះទុកឱ្យ ដែលចំនួនលុយនេះអាចទិញផ្លែសំរងល្អៗបានពី២០០ទៅ៣០០គីឡូក្រាមដែរ ។
លោក ហឹុម គួន បានបញ្ជាក់ថា នៅថ្ងៃទី២២ មេសា រូបគាត់និងប្អូនប្រុសក៏បើករថយន្តទៅដឹកផ្លែសំរង ដែលឈ្មោះចិន និងសង្សារឈ្មោះវីស ទិញទុកឱ្យ ។ ប៉ុន្តែនៅវេលាម៉ោងប្រហែល៣ទៀបភ្លឺ ថ្ងៃទី២៣ មេសា ពេលគាត់ទៅជួបឈ្មោះចិន គឺឃើញផ្លែសំរងប្រហែល៣០០គីឡូក្រាម ដែលជាងពាក់កណ្តាលជាប្រភេទផ្លែមិនល្អ មិនដូចការសន្យាដំបូង កាលដែលគាត់ទម្លាក់លុយឱ្យទិញនោះទេ ។ ជនរងគ្រោះរូបនេះបន្តថា គាត់បានបដិសេធមិនទទួលយកផ្លែសំរងនោះទេ ព្រោះឃើញផ្លែអន់ៗពេកហើយទិញថ្លៃទៀត តែឈ្មោះចិន បានព្រមានថា បើមិនយកផ្លែសំរងនេះ គេក៏មិនឱ្យលុយវិញ ដែរ ។ ដោយមានការព្រមានបែបនេះ គាត់ក៏បង្ខំចិត្តយកផ្លែសំរងនោះ ប៉ុន្តែឈ្មោះចិន បានទារលុយពីគាត់បន្ថែមចំនួន២០ម៉ឺនរៀលទៀតជាថ្នូរនឹងការជូនផ្លូវ ។
ក្រោយពីទូទាត់ថ្លៃផ្លែសំរងរួចរាល់ រូបគាត់និងប្អូនប្រុសក៏បើករថយន្តដឹកផ្លែសំរងចេញ តែឈ្មោះចិន និងសង្សារឈ្មោះវីស បានបើករថយន្តនាំមុខរហូតមកដល់មុខប៉ុស្តិ៍រដ្ឋបាលសំឡូត ស្រាប់តែឈ្មោះចិនបានឈប់ រួចសួរគាត់ថា ចុះមិនបង់លុយឱ្យកម្លាំងប៉ុស្តិ៍ខ្លះទេឬ? គ្រានោះគាត់បានដកលុយឱ្យចំនួន១០មឺុនរៀល តែឈ្មោះចិន មិនព្រមយកទេ ថែមទាំងបញ្ជាឱ្យកងកម្លាំងក្នុងប៉ុស្តិ៍៤នាក់ដែលប្រដាប់ដោយកាំភ្លើងគ្រប់ដៃចេញមកពាំងពីមុខរថយន្ត និងបញ្ជាឱ្យគាត់បើករថយន្តចូលក្នុងប៉ុស្តិ៍តែម្តង ។ ពេលនោះ ឈ្មោះចិន បានឱ្យគាត់ និងប្អូនប្រុសចុះពីរថយន្ត ហើយពួកគេបានយកទូរស័ព្ទពីប្អូនគាត់ ដោយចោទថាប្អូនប្រុសគាត់បានលួចថតរូបពីសកម្មភាពនោះ ។
ជនរងគ្រោះនិយាយថា ភ្លាមនោះឈ្មោះចិន បញ្ជាឱ្យមន្ត្រីក្រោមឱវាទ៣នាក់ចាប់រូបគាត់ក្រៀក រួចព្រួតគ្នាវាយដំយា៉ងចាស់ដៃ ខណៈប្អូនប្រុសគាត់ក៏ត្រូវគេចាប់ដាក់ខ្នោះដៃជាប់ដែរ ។ ពួកគេបានវាយដំរូបគាត់បណ្តើរ និងឈ្មោះចិន បាននិយាយគំរាមបណ្តើរថា «អញបានរាយការណ៍អំពីករណីនេះជូនទៅព្រះរាជអាជ្ញារួចហើយ ត្រូវតែចាប់ខ្លួន» តែឈ្មោះចិន បានបង្ខំឱ្យគាត់បង់ប្រាក់ចំនួន៣លានរៀលជាថ្នូរនឹងការដោះលែងវិញ ។ ដោយសារភ័យខ្លាច និងឃើញប្អូនប្រុសត្រូវគេដាក់ខ្នោះជាប់ផង គាត់ក៏ប្រមែប្រមូលលុយបាន២លានរៀលបង់ឱ្យឈ្មោះចិន ជាមួយនឹងការអង្វរករក្រាបក្បាលដល់ដី ទើបគេដោះលែងឱ្យពួកគាត់បើករថយន្តចេញពីប៉ុស្តិ៍នៅម៉ោង៥ព្រឹកថ្ងៃដដែល ខណៈដែលពួកគាត់គ្មានកំហុសអ្វីសោះ ។
ទោះបីជាបែបណា នេះគ្រាន់តែជាការចោទប្រកាន់ពីភាគីម្ខាងប៉ុណ្ណោះ ។ ចំណែកឈ្មោះ សំ សោម ហៅចិន នាយប៉ុស្តិ៍រដ្ឋបាលឃុំសំឡូត និងលោកលី ប៊ួយ អធិការនគរបាលស្រុកសំឡូត កោះសន្តិភាពបានព្យាយាមទាក់ទងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ មេសា ដើម្បីសុំការបំភ្លឺ ប៉ុន្តែទូរស័ព្ទមន្ត្រីទាំង២នាក់បានបិទមិនដំណើរការឡើយ ។ រីឯលោក ម៉ែន រីម អធិការរងនគរបាលស្រុកសំឡូត បានបដិសេធថា រូបលោកមិនបានដឹងអំពីរឿងនេះទេ ព្រោះខាងមន្ត្រីប៉ុស្តិ៍សំឡូតនេះធ្វើអ្វីមិនដែលរាយការណ៍ឡើយ តែលោកនឹងសួរនាំអំពីរឿងនេះ ។ ដោយឡែក លោក ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត ក៏បានបញ្ជាក់ប្រាប់តាមទូរស័ព្ទដូចលោក ម៉ែន រីម ដែរថា លោកក៏មិនបានដឹងរឿងនេះដែរ ។ លោក ជេត វណ្ណនី បានប្រាប់ថា បើរឿងនេះពិតជាកើតឡើងដូច្នេះមែន លោកអំពាវនាវឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ ទោះជាប្តឹងទៅស្ថាប័នណាក្តី តែលោកក៏ត្រូវតែធ្វើការស្រាវជ្រាវអំពីករណីនេះដែរ ។
ជុំវិញករណីនេះដែរ តាមប្រភពពីមន្ត្រីនគរបាលវរៈការពារព្រំដែនលេខ៨២៣ដែលមានទីតាំងនៅតំបន់នោះបញ្ជាក់ថា ពិតជាមានការប្រើអំពើហិង្សាដ៏ឃោរឃៅនៅក្នុងប៉ុស្តិ៍រដ្ឋបាលសំឡូតមែន ខណៈកូនប្រុសលោក លី ប៊ួយ ឈ្មោះ សំ សោម ហៅចិន នេះទើបត្រូវបានតែងតាំងជានាយប៉ុស្តិ៍បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ