ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​មាសកាឡៃ​120ដុំ ថៅ​កែហាង​លីណា​បានរួច​ខ្លួន

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អ្នក​ស្រី​ ចាន់​ លីណា​ ថៅកែ​ហាង​កាត់​សក់​ អ៊ុតសក់​ និង​ម៉ាស្សា​យីហោ​លីណា​ ដែល​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ឃាត់​ខ្លួន​ ពាក់​ព័ន្ធ​នឹង​ការ​យកមាស​កាឡៃ​ជាង​១​រយ​ដុំ​ទៅ​លក់​បន្ដ​ឱ្យ​ម៉ូយ​របស់​ខ្លួន​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរី​ភាព​វិញ​ ព្រោះ​តែថៅ​កែ​ហាង​រូប​នេះ​ បាន​ចាញ់បោក​កលល្បិច​ជន​ជាតិ​ចិន​ទេ ។​

រាជធានីភ្នំពេញ​ ៖ អ្នក​ស្រី​ ចាន់​ លីណា​ ថៅកែ​ហាង​កាត់​សក់​ អ៊ុតសក់​ និង​ម៉ាស្សា​យីហោ​លីណា​ ដែល​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ឃាត់​ខ្លួន​ ពាក់​ព័ន្ធ​នឹង​ការ​យកមាស​កាឡៃ​ជាង​១​រយ​ដុំ​ទៅ​លក់​បន្ដ​ឱ្យ​ម៉ូយ​របស់​ខ្លួន​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរី​ភាព​វិញ​ ព្រោះ​តែថៅ​កែ​ហាង​រូប​នេះ​ បាន​ចាញ់បោក​កលល្បិច​ជន​ជាតិ​ចិន​ទេ ។​

អ្នក​ស្រី​ ចាន់​ លីណា​ អាយុ​ ៥៩​ឆ្នាំ​ បើក​ហាង​កាត់សក់​ អ៊ុតសក់​ និងម៉ាស្សា​ នៅ​ផ្ទះលេខ​៨៤​Eo ផ្លូវ​លេខ​៦៣ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌ​ដូន​ពេញ​ ។​ កាល​ពី​ថ្ងៃ​ទី​១៨​ មេសា​កន្លង​ទៅ​ ថៅកែ​ហាង​រូប​នេះ​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ដូន​ពេញ​ឃាត់​ខ្លួន​ ខណៈ​អ្នក​ស្រី​យកមាស​កាឡៃ​ចាក់​ជា​ប្រាក់​ស្ដូក​បុរាណ​ចំនួន​១២០ដុំ​(មួយ​ដុំមាន​ទម្ងន់​២តម្លឹង​)​​ទៅ​លក់​ឱ្យ​អ្នក​ស្គាល់​គ្នា​ ។​ ការ​ដោះ​លែង​ថៅកែ​ហាង​រូប​នេះ​ឱ្យ​មាន​សេរី​ភាព​វិញ​ ត្រូវ​បាន​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ អ្នក​ស្រី​ ចាន់​ លីណា​ ពិត​ជា​ចាញ់បោក​ជន​ជាតិ​ចិនម្នាក់​ដែល​យក​មាស​កាឡៃ​១២០​ដុំ​ឱ្យ​ជួយ​លក់​នោះ​ប្រាកដ​មែន​ ។

មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​ឱ្យ​ដឹង​ថា​ ចំពោះ​រឿង​ហេតុ​នេះ​ដំបូង​មាន​ជនជាតិ​ចិន​២​នាក់​ ប្រុស​ម្នាក់​ ស្រី​ម្នាក់​ បាន​ចេញ​ចូលធ្វើ​សក់​ និងម៉ាស្សា​នៅ​ហាង​របស់​អ្នក​ស្រី​ ។​ ថ្ងៃមួយ​ ជន​ជាតិ​ចិន​រូប​នោះ​បាន​យកមាស​កាឡៃ​ចំនួន៥​​ដុំ ដែល​១ដុំ​ទម្ងន់​២​តម្លឹង​ពឹង​អ្នក​ស្រី​ឱ្យ​ជួយ​លក់ ហើយ​ក៏​បាន​យក​ប្រាក់​ទៅ​បាត់​ ។ លុះ​នៅថ្ងៃ​ទី​១៨​ មេសា​ ជន​ជាតិ​ចិន​នោះ​បាន​យក​មាស​១២០​ដុំ​ ឱ្យ​អ្នក​ស្រី​ជួយ​​លក់ទៀត​ ហើយ​ប្រាប់​ថា​ លក់បាន​ប៉ុន្មាន​ក៏​យក​ដែរ​ ព្រោះ​នេះ​ជា​កំណប់​ដែលគេ​ទើប​នឹង​ជីកបានពី​ផ្នូរ​បុរាណ​របស់​ជន​ជាតិ​ចិន​ ។ ពេល​នោះ​ អ្នក​ស្រី​ ចាន់​ លីណា​ បាន​យក​មាស​ទាំង​១២០​ដុំ​នេះ​ទៅ​លក់​ឱ្យអ្នក​ស្រី​ ឆាយ​ លាង​ហេង​ ដែល​ជា​អាជីវករ​លក់​អង្ករ​បាន​ប្រាក់​ប្រមាណ​៣​ម៉ឺុន​ដុល្លារ​ឱ្យជន​ជាតិ​ចិន​នោះ​ ។​ ក្រោយ​ពី​ជន​ជាតិ​ចិន​យក​ប្រាក់​ហើយ​ អ្នក​ស្រី​ ឆាយ​ លាង​ហេង​ បាន​យក​មាស​នោះ​ទៅដុត​មើល​ដើម្បី​ចង់​ដឹង​ថា​ សុទ្ធ​ឬ​មិន​សុទ្ធ​ និង​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​អ្នក​ស្រី​ ចាន់​ លីណា​ ។ ពេលអ្នក​ទិញ​និង​អ្នក​លក់​យកមាស​ទៅ​ដុត​  ស្រាប់​តែ​មាស​ក្លាយ​ជា​ស្ពាន់​ទាំង​អស់​ ភ្លាម​នោះ​ អ្នក​ទិញ​បាន​ចាប់​ឃាត់​អ្នក​លក់​នាំ​ខ្លួន​ឱ្យ​សមត្ថ​កិច្ច​ចាត់​ការ​តាម​ច្បាប់​ ។​

តាម​រយៈ​នៃ​ការ​សាក​សួរ​បង្ហាញ​ថា​ អ្នក​ទិញ​និង​អ្នក​លក់សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​ដូច​គ្នា​ ទើប​សមត្ថកិច្ច​ដោះលែង​អ្នក​ស្រី​ ចាន់​ លីណា​ ឱ្យ​មាន​សេរី​ភាព​វិញ​ និង​បាន​សហការ​គ្នា​ជួយ​ស្វែង​រក​ចាប់​ខ្លួន​ជន​ជាតិចិន​ ដែល​យក​មាស​ក្លែង​ក្លាយ​មក​លក់​បោក​ប្រាស់​យក​លុយ​ទៅ​បាត់​ដើម្បី​ផ្ដន្ទា​ទោស​តាម​ច្បាប់​ ៕​