ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មន្ត្រីយោធាម្នាក់បានស្លាប់ដោយសារវិលមុខធ្លាក់ពីលើម៉ូតូ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ តុលា នេះ ស្ថិតនៅលើផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខណៈជិះម៉ូតូនៅខាងក្រោយក៏ទន់ខ្លួនធ្លាក់ពីលើម៉ូតូភ្លាមតែម្ដង ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើ ឈ្មោះអន ខឿន អាយុ៦៣ឆ្នាំ ជាមន្ត្រីនៅអង្គភាពវិស្វកម្ម នៅស្រុករតនមណ្ឌល ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា គាត់បានធ្លាក់ពីលើម៉ូតូពេលកំពុងធ្វើដំណើរតាមផ្លូវ ដែលភរិយារបស់គាត់ជាអ្នកឌុប ទំនងវិលមុខបណ្ដាលឲ្យរងរបួសធ្ងន់ តែគាត់បានស្លាប់ពេលរថយន្តដឹកដល់មន្ទីរពេទ្យ។
ប្រភពពីប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ពេលគាត់កំពុងឌុប ប្ដីគាត់បាននិយាយប្រាប់ថា «វិលមុខ» ហើយភ្លាមនោះក៏ទន់ខ្លួនធ្លាក់ពីលើម៉ូតូតែម្ដង ។ គាត់បានបញ្ជាក់ថា ស្វាមីគាត់ពេលកំពុងជិះម៉ូតូទំនងសម្ពាធឈាមឡើង និងមានជំងឺបេះដូងផង ទើបងងិតមុខធ្លាក់ពីលើម៉ូតូរហូតស្លាប់តែម្ដង ។
ចែករំលែកព័តមាននេះ