ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​តាង​នៃ​បទល្មើស​ព្រៃឈើ​ក្លាយជា​រូប​ដំរី

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ វត្ថុ​តាង​នៃ​បទល្មើស​ព្រៃឈើ​ដ៏​ច្រើន​សម្បើម​មួយ​មាន រណារ​យន្ត ឬដែល​មនុស្ស​ភាគ​ច្រើន​ស្គាល់​ថា ​ត្រង់​សឺ​ន័​រ​ចំនួន២​ពាន់​គ្រឿង​ដែល​រឹបអូស​កន្លង​មក បាន​ត្រូវ​កែច្នៃ​ទៅ​ជា​រូបសំណាក​សត្វ​ដំរី​ដ៏​ធំ សម្រាប់​ដាក់​តាំង​បង្ហាញ​សាធារណជន​ក្នុង​ទីធ្លា​សួនឧទ្យាន​សែន​មនោ​រម្យ ដើម្បី​លម្អ​បន្ថែម​ជាមួយ​សួនច្បារ និង​ជា​ការ​ដាស់​ស្មារតី​មនុស្ស​គ្រប់​រូប…

ខេត្តមណ្ឌលគិរី ៖ វត្ថុ​តាង​នៃ​បទល្មើស​ព្រៃឈើ​ដ៏​ច្រើន​សម្បើម​មួយ​មាន រណារ​យន្ត ឬដែល​មនុស្ស​ភាគ​ច្រើន​ស្គាល់​ថា ​ត្រង់​សឺ​ន័​រ​ចំនួន២​ពាន់​គ្រឿង​ដែល​រឹបអូស​កន្លង​មក បាន​ត្រូវ​កែច្នៃ​ទៅ​ជា​រូបសំណាក​សត្វ​ដំរី​ដ៏​ធំ សម្រាប់​ដាក់​តាំង​បង្ហាញ​សាធារណជន​ក្នុង​ទីធ្លា​សួនឧទ្យាន​សែន​មនោ​រម្យ ដើម្បី​លម្អ​បន្ថែម​ជាមួយ​សួនច្បារ និង​ជា​ការ​ដាស់​ស្មារតី​មនុស្ស​គ្រប់​រូប ចៀសវាង​បំផ្លាញ​ព្រៃឈើ​ដែល​ជា​អាយុជីវិត​មនុស្សជាតិ​ទូ​ទាំង​ពិភពលោក ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព លោកស្វាយ សំ​អ៊ា​ង អភិបាលខេត្ត បាន​ឲ្យ​ដឹង​ថា រូបលោក​រួម​ទាំង​ក្រុមការងារ​គណៈកម្មការ​រៀបចំ​សាងសង់​សួនច្បារ​សែន​មនោ​រម្យ បាន​ចុះ​មើល​ទីតាំង​ដើម្បី​ដាក់​តាំង​រូបសំណាក​ដំរី ដែល​កែ​ច្នៃ​ពី​រណារ​យន្ត ជា​វត្ថុ​តាង​ដែល​រឹបអូស​បាន​ពី​ជនល្មើស​នានា ដើម្បី​កែ​លម្អ​សួនច្បារ​សែន​មនោរម្យ​ឱ្យ​មាន​សោភ័ណ​ភាពល្អ និង​អាច​ឱ្យ​សា​ធារណ​ជន ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី ឱ្យ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត ។

លោក ស្វាយ សំ​អ៊ា​ង បន្ត​ថា ការ​រៀបចំ​ដាក់​តាំង​រូបសំណាក​ដំរី នៅ​លើ​សួនច្បារ​សែន​មនោ​រម្យ​ក្នុង​ក្រុង​សែន​មនោ​រម្យ​នា​ពេល​ខាង​មុខ​នេះ គឺជា​រូបសំណាក​កែ​ច្នៃ​អំពី​រណារ​យន្ត ជា​វត្ថុ​តាង​ដែល​មន្ត្រី​ជំនាញ​រឹបអូស​បាន ពី​ជនល្មើស​នានា ដែល​លួច​កាប់​ឈើ​កន្លង​មក ក្នុង​ខេត្តមណ្ឌលគិរី ។រូបសំណាក​ដំរី​នេះ មាន​កម្ពស់​២,៨០​ម៉ែត្រ សាងសង់​ពី​រណារ​យន្ត ដើម្បី​តម្កល់​ទុកជា​វត្ថុ​តាង​បង្ហាញ​ដល់​សាធារណជន ។ ដូច្នេះ​ក្នុង​នាម​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​មន្ទីរ​ជំនាញ បាន​ធ្វើ​គម្រោង​ស្នើ​សុំ​ទៅ​ក្រសួង ដើម្បី​យក​វត្ថុ​តាង​ទាំងនេះ​កែ​ច្នៃ​ទៅ​ជា​រូប​ដំរី ដើម្បី​ដាក់​តាំង​លើ​សួនច្បារ​សែន​មនោ​រម្យ ក្នុង​គោលបំណង ៖

ទី​១-​កែ​លម្អ​បរិវេណ​សួនច្បារ សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទស្សនា ។
ទី​២-​រូបសំណាក​ដំរី​នេះ សាងសង់​ពី​រណារយន្ត​ទាំងអស់​ដែល​ជា​វត្ថុ​តាង​បម្រើ​ឱ្យ​បទល្មើសព្រៃឈើ​ដែល​រឹបអូស​បាន​ពី​ជនល្មើស ដើម្បី​តម្កល់​ទុក ក៏​ដូច​ជា​សារមន្ទីរ​មួយ​បង្ហាញ​ពី​ការ​កែ​ច្នៃ ការ​ដាក់​តាំង​ទុក​ឱ្យ​សា​ធារណជន​និង​កូនចៅ​ជំនាន់​ក្រោយ​បាន​ចាត់​ទុក​ថា ស្នាដៃ​របស់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​ជំនាញ​ជំនាន់​មុន បាន​គិតគូរ​សាងសង់​រូបសំណាក​ដំរី​នេះ ។

ការ​កែ​ច្នៃ និង​រៀបចំ​ដាក់​តាំង​រូបសំណាក​ដំរី នៅ​លើ​សួនច្បារ​សែន​មនោ​រម្យ តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ នេះ​គ្រាន់តែ​ថ្លៃ​ឈ្នួល មិន​ទាន់​គិតថ្លៃ​សម្ភារ​នៅឡើយ​ទេ ។ លោក​អភិបាលខេត្ត បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ សូមកុំ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ពិសេស​ការ​កាប់​ទន្ទ្រាន​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​សូម​បញ្ឈប់​មុខរបរ​កាប់ឈើ​ដើម្បី​យក​ទៅ​លក់ ដែល​ជា​មុខរបរ​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​បំផ្លាញ​ធនធានធម្មជាតិ ឱ្យ​ងាក​មក​ប្រកប​មុខរបរ​ណា​ដែល​ត្រឹមត្រូវ ដូច​ជា​ការ​ដាំ​ដុះ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម ដែលជា​មុខរបរ​យូរអង្វែង​វិញ ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​១៣ តុលា បាន​ឲ្យ​ដឹង​ថា រូបសំណាក​សត្វ​ដំរី ដែល​ធ្វើ​ពី​វត្ថុ​តាង​រណារ​យន្ត មាន​ទំហំ​ដូច​ខាងក្រោម​៖
ទី​១-​កម្ពស់​២,៨០​ម៉ែត្រ (​គិត​ពី​បាតជើង ដល់​ចុង​ប្រមោយ​ខាងលើ​)
ទី​២-​បណ្ដោយ​ប្រវែង ៣,១០​ម៉ែត្រ (​គិត​ពី​ក្បាល​ដល់​ជើង​ក្រោយ​)
ទី​៣-​ទទឹង​ចន្លោះ​ពី​០,៩០​ម៉ែត្រ ទៅ​១​ម៉ែត្រ (​គិត​ពី​ទំហំ​តួខ្លួន​) ហើយ​បាន​ប្រើប្រាស់​វត្ថុ​តាង រណារ​យន្ត​សរុប​៣០០​គ្រឿង ក្នុង​នោះ​មាន​ម៉ាស៊ីន​រណារ​យន្ត និង​ផ្លែ​រណារ​យន្ត ព្រមទាំង​គ្រឿង​ម៉ូតូ ប្រព្រឹត្ត​បទល្មើស។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ទៀត​ថា មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ដំឡើង​រូបចម្លាក់​សត្វ​ដំរី ធ្វើ​ពី​វត្ថុ​តាង​រណារ​យន្ត​នេះ​ឡើង ជាមួយ​ជាង​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ដោយ​ប្រើ រយៈពេល​ចំនួន​៧​ខែ និង​ដោយ​មានការ​ចូលរួម​គាំទ្រ ថវិកា​ពី​សប្បុរសជន និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ចូលរួម​ក្នុង​សកម្មភាព នៃ​ការ​រៀបចំ និង​ដំឡើង​រូបចម្លាក់​សត្វ​ដំរី ដែល​ធ្វើ​ពី​វត្ថុ​តាង​រណារ​យន្ត​មួយ​នេះ ។

លោក​បញ្ជាក់​ថា ពី​សវ​តា​នៃ​ការ​សាងសង់​រូបសំណាក​សត្វ​ដំរី​នេះ ដោយសារ​តែ​ខេត្តមណ្ឌលគិរី មានការ​ជាប់​ទាក់ទង​នឹង​រឿងរ៉ាវ​សត្វ​ដំរី ក្នុង​នោះ​រួម​មាន​ព្រឹត្តិការណ៍​កើតឡើង នៅ​អំឡុង​ឆ្នាំ​២០០៧ ត្រង់​ចំណុច​ត្រពាំង​ឈូក (​បច្ចុប្បន្ន​នៅ​ក្នុងភូមិ​សាស្ត្រ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​) កូន​ដំរី​ឈ្មោល​មួយ​ក្បាល បាន​ដើរ​ជាន់​អន្ទាក់​ព្រានព្រៃ ដាច់​ជើង​ម្ខាង ត្រូវ​បាន​ក្រុម​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​ប្រទះ​ឃើញ ហើយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ នៅ​គ្រានោះ​«​ឈូក​» បាន​រួច​ផុត​ពី​សេចក្តីស្លាប់ ។

បច្ចុប្បន្ន​ដំរី​ឈ្មោះ​ឈូក​នេះ​បាន​ប្រើប្រាស់​ជើងសិប្បនិមិត្ត ហើយ​អាច​ដើរ​បាន​និង​មាន​សុខភាព​ល្អ​ដូច​សត្វ​ដំរី​ដ៏​ទៃ​ដែរ ។ រូបសំណាក​សត្វ​ដំរី​«​ឈូក​»​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​កសាង​ឡើង​ធ្វើ​អន្ទាក់ ដែល​បាន​ប្រមូល​ពី​ព្រៃ​មក​ដែរ ។រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៧ ហ្វូង​សត្វ​ដំរី​ចំនួន​១២​ក្បាល បាន​ធ្លាក់​រណ្តៅ​ទឹក និង​ជាប់​ភុង​ក្នុង​ភក់ បង្ក​ការ​ភ្ញាក់ផ្អើល​មួយ នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី ។

ក្រុមការងារ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដោយ​សហការ​ជាមួយ​អង្គការ WCS និង​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​ជីកដី​ធ្វើ​ជា​ផ្លូវ​ដែល​អាច​ធ្វើ​ឲ្យ​ហ្វូង​ដំរី​ទាំងនោះ ឡើង​ផុត​ពី​ភក់​ហើយ​ត្រឡប់​ចូល​ទៅ​ក្នុង​ព្រៃ​ដោយ​សុវត្​ថិភាព ។ ព្រឹត្តិការណ៍​មួយទៀត គឺ​ហ្វូង​សត្វ​ដំរី​ដែល​តែងតែ​ឧស្សាហ៍​បង្ហាញខ្លួន នៅ​ខាងក្រោយ​អគារ​រដ្ឋ​បាល​សាលា ស្រុក​កែវ​សីមា និង​ការ​បង្ហាញខ្លួន​ចូល​មក​ជិត​ក្បែរ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ និង​ស៊ី​ដំណាំ​នៅ​ក្នុងស្រុក​កែវ​សីមា ដែល​បាន​បង្ក​ជា​ទំនាស់​រវាង​សត្វ​ដំរី និង​មនុស្ស​ជាដើម ។

លោក ឌិន ប៊ុ​ន​ធឿ​ន អនុប្រធាន​មន្ទីរ​បរិស្ថានខេត្ត បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​រូបសំណាក​ដំរី​នេះ ដោយ​មានការ​គិតគូរ​ពី​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត មានការ​ចូលរួម​ឧបត្ថម្ភ​ពី​អង្គការ​WWF អង្គការ​WCS និង​ក្រុមហ៊ុន​រ៉េ​នី​សង់ មន្ទីរ​បរិស្ថាន​ខេត្ត បាន​រៀបចំ​កៃ​ច្នៃ​រណារ​យន្ត ដែល​មន្ត្រី​ជំនាញ​រឹបអូស​ពី​ជនល្មើស ដើម្បី​សាងសង់​ធ្វើ​ជា​រូបសំណាក​ដំរី​ដែល​មាន​កម្ពស់​២,៨០​ម៉ែត្រ ចំណាយ​ថវិកា​ជាង​២​ម៉ឺន​ដុល្លារ សម្រាប់​តម្កល់​ទុក​នៅ​លើ​បរិវេណ​សួនច្បារ​សែន​មនោ​រម្យ ក្នុង​ខេត្តមណ្ឌលគិរី ។

តាម​ការ​ថ្លែង​ឲ្យ​ដឹង​របស់​លោក នេត្រ ភក្ត្រា បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​ដំរីព្រៃ​ចំនួន​ប្រមាណ​៥០០​ក្បាល ដែល​កំពុង​តែ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​នោះ​តាម​ការ​សិក្សា សត្វ​ដំរីព្រៃ នៅ​ក្នុង​ដែនជម្រក​សត្វព្រៃ​ទាំង​៥ នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ទាំងមូល មាន​ប្រមាណ​ជាង​៣៧៥​ក្បាល​, នៅ​តំបន់​ជួរ​ភ្នំ​ក្រ​វ៉ា​ញ មាន​ដំរី​ចំនួន​ប្រមាណ​ជិត​២០០​ក្បាល និង​ផ្សេង​ទៀត បាន​និង​កំពុង​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ​នានា របស់​ប្រទេស​កម្ពុជា ។

លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា ចំណែក​ដំរី​ស្រុក​ដែល​ចិញ្ចឹម ដោយ​អ្នកស្រុក​មាន​ចំនួន​ប្រមាណ​៧០​ក្បាល ។ ចំនួន​ដំរី​ស្រុក​ពិតជា​មានការ​ថយ​ចុះ ដោយសារ​តែ​មិន​មានការ​បន្ត​ពូជ​បែប​ធម្មជាតិ និង​ដំរី​ខ្លះ​មាន​វ័យចាស់ និង​បាន​ស្លាប់​ជា​បន្តបន្ទាប់ ៕​

អត្ថបទសរសេរ ដោយ