ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​កុមារី អាយុ​៣​ឆ្នាំ នៅ​កំពង់ស្ពឺ កើត​ផ្តាសាយ​បក្សី H5N1 ដែល​មាន់​ទា​ឈឺ​ងាប់​ជា​ប្រភព​ចម្លង

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រក​ឃើញ​ករណី​ជំងឺផ្តាសាយបក្សី​មួយ​ករណី​ទៀត​លើ​កុមារី​អាយុ​៣​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ចេក ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ខណៈ​បច្ចុប្បន្ន​អ្នកជំងឺ​កំពុង​ទទួល​ការ​ព្យាបាល​ដោយ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល កាលពី​យប់​ថ្ងៃ​ទី​១៦​តុលា​បានឱ្យ​ដឹង​ថា…

រាជធានីភ្នំពេញ ៖ រក​ឃើញ​ករណី​ជំងឺផ្តាសាយបក្សី​មួយ​ករណី​ទៀត​លើ​កុមារី​អាយុ​៣​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ចេក ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ខណៈ​បច្ចុប្បន្ន​អ្នកជំងឺ​កំពុង​ទទួល​ការ​ព្យាបាល​ដោយ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល កាលពី​យប់​ថ្ងៃ​ទី​១៦​តុលា​បានឱ្យ​ដឹង​ថា ករណី​ជំងឺផ្តាសាយបក្សី លើ​កុមារី​អាយុ​៣​ឆ្នាំ​នៅ​ខេត្តកំពង់ស្ពឺ​នេះ ត្រូវ​បាន​បញ្ជាក់​ដោយ វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥​។ អ្នកជំងឺ​មាន​រោគ​សញ្ញា គ្រុនក្តៅ រាក ក្អក និង​ឈឺពោះ​។

បច្ចុប្បន្ន​អ្នកជំងឺ​កំពុង​ទទួល​បានការ​ព្យាបាល​ដោយ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ ។ តាម​ការ​សាកសួរ​បង្ហាញ​ថា នៅផ្ទះ​អ្នកជំងឺ និង​ផ្ទះ​អ្នក​ជិតខាង មាន​មាន់ ទា ឈឺ និង​ងាប់​ជា​បន្តបន្ទាប់ ប្រហែល​មួ​យស​ប្តា​ហ៍​មុន​ថ្ងៃ​កុមារ​ឈឺ ។

រូបតំណាងដោយ AI

ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ បាន​និង​កំពុង​សហការ​ជាមួយ​ក្រុមការងារ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ធ្វើការ​អង្កេត​ស្រាវជ្រាវ​យ៉ាង​សកម្ម លើ​ការ​កើតឡើង​នូវ​ជំងឺផ្តាសាយបក្សី និង​ធ្វើការ​ឆ្លើយ​តប​ទៅ​តាម​វិធីសាស្ត្រ និង​ពិធីសារ​បច្ចេកទេស ស្វែងរក ប្រភព​ចម្លង ទាំង​លើ​សត្វ និង​មនុស្ស និង​ស្វែងរក​ករណី​សង្ស័យ និង​អ្នក​ប៉ះពាល់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​បន្ត​ក្នុង​សហគមន៍ ព្រមទាំង​ចែក​ជូន​ឱសថ​តា​មី​ហ្គូ​(Tamiflu) ដល់​អ្នក​ប៉ះពាល់​ជិត​ស្និទ្ធ និង​ធ្វើ​យុទ្ធនាការ​អប់រំ​សុខភាព ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ដែល​កើតហេតុ​ខាងលើ​។

ក្រសួងសុខាភិបាល ក៏​បាន​ក្រើនរំលឹក​សារ​ជា​ថ្មី​ម្តងទៀត​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​លើ​ជំងឺផ្តាសាយបក្សី​ជា​និច្ច ពីព្រោះ​ជំងឺផ្តាសាយបក្សី H5N1 នៅ​តែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ ហើយ​ក៏ ប្រសិនបើ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ហូរ​សំបោរ ឬ​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​មាន់​ទា​ឈឺ ឬ​ងាប់​ក្នុង​អំឡុង​១៤​ថ្ងៃមុន​ថ្ងៃ​ចាប់ផ្តើម​មាន​រោគ​សញ្ញា សូម​កុំទៅ​ជួបជុំ ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​ច្រើន និង​ត្រូវ​ស្វែងរក​ការពិគ្រោះ​យោបល់ និង​ការ​ពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ជា​បន្ទាន់ ចៀសវាង​ការ​ពន្យារពេល​ធ្វើ​ឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ស្លាប់​ជាយថាហេតុ​។

បើ​តាម​ក្រសួងសុខាភិបាល ជំងឺផ្តាសាយបក្សី H5N1 គឺជា​ជំងឺ​ផ្តាសាយ​មួយ ដែល​ជា​ធម្មតា​ចម្លង​រវាង​សត្វ​បក្សី​ឈឺ ទៅ​បក្សី​ផ្សេង​ទៀត ប៉ុន្តែ​ជួនកាល​វា​អាច​ចម្លង​ពី​បក្សី​ទៅ​មនុស្ស តាម​ការ​ប៉ះពាល់​ជិត​ស្និទ្ធ​ជាមួយ​បក្សី​ដែល​ឈឺ​ឬ​ងាប់​។ ជំងឺផ្តាសាយបក្សី​លើ​មនុស្ស​ជា​ជំងឺ​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឱ្យ​មានការ​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាន់​ពេលវេលា​។ ទោះបីជា​វា​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស ប៉ុន្តែ​បើ​វា​អាច​បំប្លែង​ខ្លួន​អាច​ឆ្លង​ដូចនឹង​ជំងឺ​ផ្តាសាយ​តាម​រដូវ​កាល​ផង​ដែរ​។

ក្រសួងសុខាភិបាល​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​កុំ​ប៉ះពាល់ ឬ​ទទួលទាន មាន់​ទា​ឈឺ ឬ​ងាប់ និង​ពាក់​ស្រោមដៃ និង​ម៉ាស ឬ​យក​ក្រមា​ចង​បិត​ច្រមុះ មុន​ពេល​ចាប់​កាន់​មាន់​ទា​ធ្វើ​ម្ហូបអាហារ រួច​ហើយ​ស្រុះ​វា​ក្នុង​ទឹក​ពុះ​មុន​នឹង​បោច​សម្អាត​រោម​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់ មុន​ចាប់​កាន់​ចំណីអាហារ ជា ពិសេស​បន្ទាប់​ពី​ការ​ប៉ះពាល់​សត្វ បោច​សំអាត​រោមសត្វ​ប​សុ​បក្សី ឬ​វត្ថុ​ផ្សេង​ៗ ដែល​អាច​ជា​ប្រភព​ចម្លងរោគ​ត្រូវ​ចម្អិន​ម្ហូបអាហារ​ឱ្យ​បាន​ឆ្អិន​ល្អ​មុន​បរិភោគ ជា​ពិសេស​សាច់ សត្វ​បក្សី និង​ស៊ុត​។ កុំ​ទទួលទាន​ពងមាន់ ឬ​ពង​ទា​ជ័រ​ព្នៅ និង​ទុកដាក់​អាហារ​ឆៅ និង​ឆ្អិន​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្នា សម្អាត​សម្ភារ​ប្រើប្រាស់ សម្រាប់​ចម្អិន​ម្ហូបអាហារ​ឱ្យ​បាន​ត្រឹមត្រូវ​។

ប្រសិនបើ​មាន​មាន់​ទា​ឈឺ​ឬ​ងាប់​ច្រើន​នៅផ្ទះ​ឬ​ក្នុងភូមិ ហើយ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ហូរ​សំបោរ ឬ ពិបាក​ដកដង្ហើម សូម​ប្រញាប់​ស្វែងរក​ការពិគ្រោះ​យោបល់ និង​ការ​ពិនិត្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​ជា​បន្ទាន់ ចៀសវាង​ការ​ពន្យារពេល ធ្វើ​ឱ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ ស្លា​.​ប់​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ