ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋប្រមាណជាង៥០នាក់មកពីស្រុកទឹកផុស មធ្យោបាយធ្វើដំណើរដោយរថយន្តទួរីសមួយគ្រឿង និងម៉ូតូជាង១០គ្រឿង បានមកធ្វើការតវ៉ា នៅតុលាការខេត្ត ខណៈដែលពួកគាត់ដឹងថា តុលាការបម្រុងដោះលែងជនសង្ស័យចំនួន០៣នាក់ នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២២ មេសា ។ ជនទាំងនោះបានជាប់ចោទពីបទបង្ករបួសស្នាមដោយចេតនា កាលពីអំឡុងរាំវង់បុណ្យចូលឆ្នាំកន្លងទៅនេះ។
សូមរំលឹកថា កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៨ មេសា នៅក្នុងវត្តដំរីស ស្ថិតក្នុងភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស មានពិធីរាំវង់ធុងបាស អបអរសារទរឱកាសបុណ្យចូលឆ្នាំថ្មី ។ ក្នុងពេលរាំលេងកំសាន្តនោះ ជនសង្ស័យចំនួន៣នាក់មាន ១-ឈ្មោះ ម៉ៅ ជ្រឹង អាយុ២៣ឆ្នាំ ,២-ឈ្មោះ សុង ដារ៉ូ អាយុ១៩ឆ្នាំ និង៣-ឈ្មោះ ជន ឆៃយ៉ា អាយុ១៨ឆ្នាំ ពួកគេរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បានមានទំនាស់រឿងរាំវង់ជាន់ជើងគ្នា ហើយបានចេញទៅចាំស្ទាក់វាយជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់២នាក់ ម្នាក់ឈ្មោះ ភឺន ស៊ីណេត អាយុ២១ឆ្នាំ រស់នៅភូមិឆកកណ្តោល ឃុំជៀប របួសរយះខ្នងដៃខាងស្តាំធ្ងន់ ត្រូវគ្រូពេទ្យដេរ៣ជាន់រាប់សិបថ្នេរ និងម្នាក់ទៀតឈ្មោះ មុំ សារីម អាយុ២៥ឆ្នាំ រស់នៅភូមិគោកពេញ ឃុំជៀប រងរបួសធ្ងន់បែកក្បាល បាក់ធ្មេញ របួសខ្នង ត្រូវគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ពេលកើតហេតុប្រជាការពារភូមិនិងសមត្ថកិច្ចមូលដ្ឋានក៏បានព្រួតគ្នាចាប់បានជនដៃដល់៣នាក់ខាងលើ ចំណែកបក្ខពួកគេ៤នាក់ទៀតបានគេចខ្លួនបាត់។
វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមាន ដាវសាម៉ូរ៉ៃ១ដើម ខ្សែក្រវ៉ាត់១ ដំបងឬស្សី១ និងស្នាប់ដៃ១ សម្ភារជាអាវុធទាំងអស់នេះត្រូវបានជនដៃដល់លាក់តាមគុម្ពោតព្រៃមុនពេលពូកគេចូលលេងរាំវង់។
ចែករំលែកព័តមាននេះ