ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមាថ​មន្ត្រី​ក្រសួង​វប្បធម៌​យ៉ាង​អសុរោះ ព្រោះតែ​រឿង​ភាគ​​«​ពិស​ស្នេហ៍​»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រឿង​ភាគ​ខ្មែរ«​ពិស​ស្នេហ៍​» ផលិត​ដោយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ដែល​យក​សាច់​រឿង​ថៃ​មក​ថត​នោះ​បាន​ឡើងក​ម្តៅ​រិះគន់​កាន់តែ​ខ្លាំង ។ ការ​ឡើងក​ម្តៅ​គឺ​ដោយសារ​តែ​រហូត​មក​ដល់​ពេល​នេះ​ភាគី​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​នៅ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​នៅឡើយ ខណៈ​ព័ត៌មាន​មួយ​នេះ​នៅ​តែ​ត្រូវ​បាន​គេ​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក ។ ចុង​ក្រោយ​នេះ​ ហ្វេ​ស​ប៊ុ​ក​Ma…

រាជធានី​ភ្នំពេញ​៖ រឿង​ភាគ​ខ្មែរ«​ពិស​ស្នេហ៍​» ផលិត​ដោយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ដែល​យក​សាច់​រឿង​ថៃ​មក​ថត​នោះ​បាន​ឡើងក​ម្តៅ​រិះគន់​កាន់តែ​ខ្លាំង ។ ការ​ឡើងក​ម្តៅ​គឺ​ដោយសារ​តែ​រហូត​មក​ដល់​ពេល​នេះ​ភាគី​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​នៅ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​នៅឡើយ ខណៈ​ព័ត៌មាន​មួយ​នេះ​នៅ​តែ​ត្រូវ​បាន​គេ​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក ។

ចុង​ក្រោយ​នេះ​ ហ្វេ​ស​ប៊ុ​ក​Ma Nout បាន​សរសេ​បង្ហោះ​សារ​រិះគន់​ខ្លាំង និង​ដាក់​កំហុស​លើ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផង​ដែរ ។ Ma Nout​សរសេរ​ថា «​ការ​ថត​ក្រោយ​គេ​នេះ​វា​អាច​ជា​ចេតនា ដោយ​បាន​តាំងចិត្ត​របស់​ម្ចាស់​ស្ថានីយទូរទស្សន៍​លេខ​៥​ក្នុង​ការ​វៃ​៉​បំបាក់​វិស័យ​ភាពយន្ត និង​ប្រមាថ​វប្បធម៌​ខ្មែរ ប្រជាជន​ខ្មែរ ដោយ​មានការ​គាំទ្រ​ពី​មន្ត្រី​ចោលម្សៀត​នៃ​ក្រសួង​វប្បធម៌​មួយ​ចំនួន ។

ពេល​ខ្លះ​ក៏​គួរតែ​អរគុណ​ដល់​ថៅកែ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ដែល​បាន​បង្ហាញ​ថា គេ​អាច​ជះ​លុយ​ទិញ​ក្បាល​មន្ត្រី​ក្រសួង​វប្បធម៌​មួយ​ចំនួន​ឲ្យ​អនុញ្ញាត​ថត​រឿង​នេះ​ឡើង ព្រោះ​បើ​គ្មាន​មន្ត្រី​វប្បធម៌​ទទួលខុសត្រូវ​ផ្នែក​នេះ​ឲ្យ​ថត​ទេ តើ​អ្នក​ណា​ហ៊ាន​ថត?កំហុស​មួយ​នេះ​គឺជា​ទទួលខុសត្រូវ​ផ្ដាច់មុខ​របស់​ក្រសួង​វប្បធម៌ នាយកដ្ឋាន​ភាពយន្ត ឬ​អស់លោក​ណា​ដែល​មាន​សិទ្ធិ​សម្រេច ឲ្យ​ភាពយន្ត​នេះ​បាន​ថត​ចេញ​ជា​រូបរាង​រហូត​បាន​ចាក់​ផ្សាយ ។

ដោយសារ​តែ​ផលប្រយោជន៍​អស់លោក​សុខចិត្ត​អនុញ្ញាត​ឲ្យ​ថត ដោយ​ពុំ​បាន​គិត​ពី​ផល​ប៉ះពាល់​កិត្តិយស​ជាតិ​វែង​ឆ្ងាយ​ទៅ​ថ្ងៃ​អនាគត ។ នេះ​វា​បង្ហាញ​ពី​កម្រិត​IQ​ខួរក្បាល​ដ៏​អាត្មា​និយម​របស់​មន្ត្រី​វប្បធម៌​មួយ​ចំនួន​ដែល​គិតតែ​ពី​ប្រយោជន៍​បក្សពួក ។ មិន​គិត​ពី​ប្រយោជន៍​ជាតិ និង​វប្បធម៌​ជា​ធំ​នោះ​ទេ ។ ឬ​អស់លោក​គិត​មិនឃើញ​មែន ? ថា​នឹង​ទទួល​បានការ​ប្រមាថ​ពី​គេ ? បើ​គិត​មិនឃើញ​គួរ​ណាស់​ឈប់​កាន់​ការងារ​នេះ​ទៅ​។

ទ​ង្វើ​របស់​មន្ត្រី​វប្បធម៌​ចោលម្សៀត​ដែល​អនុញ្ញាត​ឲ្យ​គេ​ថត​រឿង​នេះ គឺជា​ការ​ចូល​ដៃ​ចូល​ជើង​ឲ្យ​បរទេស​ប្រមាថមើលងាយ​សង្គម​ជាតិ វប្បធម៌​ខ្មែរ ដោយ​ផ្ទាល់​ពិតជា​មិន​អាច​លើកលែង​ឲ្យ​បាន​មែន ។ តាម​ពិត​ក្នុង​ក្រសួង​វប្បធម៌​សំបូរ​ដោយ​មន្ត្រី ល្អ​ៗ តែ​មន្ត្រី បំបង់បាយ​ដែល​អនុញ្ញាត​ឲ្យ​ថត​រឿង​នេះ​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​មន្ត្រី ល្អ​ៗ​ផ្សេង​ទៀត​ជា​ច្រើន មន្ត្រី​បែប​នេះ​ពិតជា​មិន​សម​បន្ត​តួនាទី​ទេ ។

បើ​លោក​មាន​សារជាតិ​ជា​មនុស្ស លោក​គួរតែ ចេញ​មក​បកស្រាយ​នឹង​ដោះស្រាយ​បញ្ហា​នេះ ឬ​សារជាតិ​ជា​មនុស្ស​របស់​លោក​ត្រូវ​ឆ្កែ​សុ​ី​អស់ហើយ ? ការ​សម្រេចចិត្ត​របស់​អស់លោក​តែ​មួយ​គ្រា តែ​វា​បាន​ធ្វើ​ឲ្យ​ខ្មែរ​ទូ​ទាំង​ប្រទេស​ខ្មាស​គេ ទទួល ភាព​អាម៉ាស់ ទទួល​ការ​ប្រមាថមើលងាយ ។ តើ​អ្នកឯង​មាន​មនសិការ​ជាតិ​ខ្លះ​ដែរ​ទេ ? បើ​អ្នកឯង​មាន​… ហេតុ​អ្វី​ពួក​អ្នកឯង​អាច​ធ្វើ​រឿង​បែប​នេះ​បាន ? មនុស្ស​ដូច​អ្នកឯង​មិន​សម​កាន់​ការងារ​ជា​មន្ត្រី​វប្បធម៌​សោះឡើយ ។

សង្គម​កម្ពុជា​មិន​ត្រូវការ​មនុស្ស​ដែល​ចូល​ដៃ​ចូល​ជើង​ជាមួយ​បរទេស​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ជាតិ ដូច​ក្រុម​ពួក​អ្នកឯង​ទាំងនេះ​ទេ ។ ទាំងនេះ​កើតឡើង​ពី​ការ​សម្រេចចិត្ត​របស់​មន្ត្រី​វប្បធម៌​មួយ​ចំនួន​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​ល្មម​ដល់​ពេល​ដែល​ត្រូវ​វះកាត់​ហើយ »​។

ជា​ការ​តបត​ទៅ​Ma Nout នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់​ថា «​ក្នុង​នាម​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: នាយកដ្ឋាន​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ម្ចាស់ Account Facebook ឈ្មោះ Ma Nout ដែល​បាន​បង្ហោះ​ព័ត៌មាន ដោយ​ប្រើ​ពាក្យពេចន៍​ប្រមាថ​មាក់ងាយ បរិហារកេរ្តិ៍​ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​មន្ត្រីរាជការ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​មន្ត្រី​រដ្ឋបាល​សាធារណៈ »​។

កាលពី​ថ្ងៃ​ទី​១១ តុលា ២០១៩ ប្រធាន​នាយកដ្ឋាន​ភាពយន្ត​លោក​ប៉ុក បូ​រក្ស បាន​ចាត់​ទុក​ការ​ប្រើ​ពាក្យ​របស់​ម្ចាស់​ហ្វេ​ស​ប៊ុ​ក គឺជា​ការ​ប្រមាថមើលងាយ ប្រមាថកាតទាន​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។ លោក​បញ្ជាក់​ថា «​ការ​រិះគន់​នេះ​គឺ​មិនមែន​ជា​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​នោះ​ឡើយ ពោល​គឺជា​ការ​បញ្ឆេះ​ឲ្យ​មានការ​រើសអើង ស្អប់​មក​លើ​មន្ត្រី​នៅ​ក្នុង​ក្រសួង​វប្បធម៌ ។

យើង​ស្វាគមន៍​ចំពោះ​មហាជន​ដែល​មានការ​ឈឺឆ្អាល​ចំពោះ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​យើង ប៉ុន្តែ​ប្រសិនបើ​យើង​ជា​បុគ្គល​ដែល​មានការ​អប់រំ​គួរ​ប្រើ​ពាក្យពេចន៍ ឬ​សួរនាំ​ឲ្យ​បាន​ច្បាស់​មុន​ពេល​ចង់​បញ្ចេញមតិ និង​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក ចៀសវាង​នាំ​ឲ្យ​មានការ​យល់​ច្រឡំ »​។

លោក​ប៉ុក បូ​រក្ស បញ្ជាក់​ថា​ជុំវិញ​ការ​ផលិត​រឿង​ពិស​ស្នេហ៍​របស់​ស្ថានីយ​ប៉ុស្តិ៍​លេខ​៥ នោះ​នៅ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​បាន​នៅឡើយ​ទេ​ថា​គាត់​បាន​ចម្លង ឬ​ទិញ​សិទ្ធិ​ពី​ថៃ​មក​ផលិត​នោះ​។ ក្រសួង​កំពុង​ធ្វើ​កិច្ចការ​ក្នុង​រឿង​នេះ ប៉ុន្តែ​តាម​ច្បាប់​កម្មសិទ្ធិបញ្ញា​របស់​ប្រទេស​យើង ប្រសិនបើ​មានការ​ប្តឹង​ពី​ម្ចាស់​កម្មសិទ្ធិ​នោះ​ក្រសួង​មាន​នឹង​វិធានការ​បិទ ឬ​ហៅ​ម្ចាស​ស្ថានីយ​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។

ក្នុង​នាម​ក្រសួង​វប្បធម៌​គឺ​យើង​គ្រប់គ្រង​ទៅ​លើ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​វិស័យ​ភាពយន្ត ប៉ុន្តែ​ភាពយន្ត​ភាគ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​គឺ​មិន​បាន​សុំ​ច្បាប់​ពី​ក្រសួង​នោះ​ឡើយ ។ បញ្ហា​នេះ​គឺជា​សិទ្ធិ​គ្រប់គ្រង​និង​ទទួលខុស ត្រូវ​របស់​ក្រសួង​ព័ត៌មាន ហើយ​កាលណា​ក្រសួង​នេះ​មិន​មានការ​ខ្វល់ខ្វាយ​ទើប​បណ្តាល​ឲ្យ​មានរឿង​នេះ​កើតឡើង​។

តែ​យ៉ាងណា​ប្រសិនបើ​មាន​លិខិតផ្លូវការ​ណាមួយ ក្រសួង​វប្បធម៌​នឹង​ធ្វើ​លិខិត​សុំ​អន្តរាគមន៍​ទៅ​ក្រសួង​ព័ត៌មាន​ដើម្បី​បញ្ឈប់​ការ​ផ្សាយ ។ ទោះជា​យ៉ាងណា​ក្រសួង​វប្បធម៌​ក៏​មាន​បំណង​ចង់​ឲ្យ​ស្ថា​នី​ទូរទស្សន៍​ប៉ុស្តិ៍​៥​ចេញ​មុខ​បកស្រាយ​ជុំវិញ​រឿង​នេះ​បន្ទាប់​ពី​មានការ​រិះគន់​ពី​មហាជន ៕

អត្ថបទសរសេរ ដោយ