រាជធានីភ្នំពេញ ៖ អតីតតារាសម្តែង លោក ម៉េង ប៊ុនឡូ ត្រូវបានមិត្តភក្តិជិតស្និទ្ធិរបស់លោកទម្លាយឲ្យមហាជនបានដឹងពីស្ថានភាពជំងឺរបស់លោក ដែលលាក់ទុកអស់ជាច្រើនដោយមិនមានអ្នកដឹងនោះឡើយ ខណៈពេលដែលលោកជួបការខ្វះខាត និងមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការព្យាបាល ។

តារាសម្តែង លោក សាវីន ហ្វីលីព ដែលជាមិត្តភក្តិជិតស្និទ្ធិរបស់លោកបានទម្លាយរឿងរ៉ាវនេះតាមរយៈបណ្តាញសង្គម បន្ទាប់ពីអាការៈរបស់ហាក់មិនស្រួល ហើយបានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាលពីពេលថ្មីៗនេះ ។
លោក សាវីន ហ្វីលីព បានលើកឡើងតាមបណ្តាញសង្គមថា តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យចំថ្ងៃតែមួយជាមួយខ្ញុំតែម្ដង គាត់ឡើងកម្ដៅរហូតដល់៤០អង្សាបណ្ដាលពីជំងឺបែកសរសៃជើងខាងឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង)និងរលាកបំពង់កធ្ងន់ធ្ងរ ។

លោកបន្តថា លោក ម៉េង ប៊ុនឡូ បានលាក់ទុកជំងឺបែកសរសៃជើងខាងឆ្វេងនេះយូរមកហើយ ដោយសារគ្មានលុយធ្វើការវះកាត់ព្យាបាល (ប្រហែល៣ពាន់$) ប៉ុណ្ណោះ ហើយវេជ្ជបណ្ឌិតធ្លាប់ព្រមានគាត់ថា បើគាត់មិនព្រមធ្វើការព្យាបាលសរសៃជើងឆ្វេងនេះអោយទាន់ពេលទេ លោកអាចនឹងប្រឈមមុខនឹងជំងឺគាំងបេះដូងនៅថ្ងៃមុខ ។
លោក សាវីន ហ្វីលីព បានលើកឡើងបន្ថែមថា ដំបូង លោក ម៉េង ប៊ុនទ្បូ មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ហើយខំរត់ហាត់ប្រាណបញ្ចុះជាតិស្ករដែលជាហេតុធ្វើអោយបែកសរសៃជើងវែនខាងឆ្វេងភ្ជាប់ទៅបេះដូងតែម្ដង ។

លោកបញ្ជាក់ថា ម៉េង ប៊ុនទ្បូ ធ្លាប់ជាតារាឯកប្រុសល្បីលំដាប់ប្រទេសតាមរយៈរឿង ចៅពស់កេងកង របស់ឯកឧត្តម ហ្វៃ សំអាង ប៉ុន្តែខ្សែជីវិតបច្ចុប្បន្នរបស់គាត់កំសត់ណាស់ ត្រូវមកដេកពេទ្យម្នាក់ឯងគ្មានអ្នកកំដរទេ ចំណែកជីវភាពរបស់គាត់ពេលនេះមិនប្រសើរទាល់តែសោះ ប៉ុន្តែតារាប្រុសញញឹមស្រស់ម្នាក់នេះ មិនដែលត្អូញត្អែម្ដងណាទេ និងព្យាយាមលាក់បាំងស្ថានភាពជីវិតក្រោយបាត់មុខឈឹងពីសិល្បៈរហូតមកដើ់ថ្ងៃនេះ គាត់ស្លូតណាស់។ សូមបងប្អូនជួយគាត់ផង សែនអាណិត ! ។
យ៉ាងណា ក្រោយឃើញលោក សាវីន ហ្វីលីព បានទម្លាយពីស្ថានភាពជំងឺរបស់ខ្លួននាពេលនេះ លោក ម៉េង ប៊ុនឡូ ក៏បានបង្ហោះសំណេររបស់លោកលើបណ្តាញសង្គមថា អរគុណណាស់បង នេះជាសណ្តានចិត្តដែលកាត់ថ្លៃមិនបានចំពោះប្អូន តែឥឡូវប្រទេសជាតិមានស្ថានភាពមិនល្អ សង្គ្រាមពេញពិភពលោក អញ្ចឹងហើយបានប្អូនលាក់ណាបង ណាមួយ ខ្ញុំខ្មាស់គេផងបង ចាំខ្ញុំដេកនៅលើគ្រែពេទ្យដែលមិននិយាយស្តីអីចេញចាំគិតទៀត ។

ខ្ញុំគិតថា នៅមានបងនៅមានមិត្តៗ ជាហ្វេនទាំងអស់ គេមិនទុកខ្ញុំចោលទេពិសេសបង ជូពរបង ជូនពរហ្វេនៗទាំងអស់ សូមមានសុខសុភមង្គល ជាពិសេស សូមថែសុខភាពទាំងអស់គ្នាផងណា ខ្ញុំម្នាក់ឯង អ៊ីចឹងជាទំលាប់ទៅហើយណា ៕



ចែករំលែកព័តមាននេះ