រាជធានីភ្នំពេញ ៖ តារាសម្តែងនាង គៀត សុវណ្ណាឡាង បានធ្វើការព្រមានទៅដល់បណ្តាញសារព័ត៌មាននានាកុំឲ្យចុះផ្សាយពីជីវិតឯកជនរបស់នាងខុសពីការពិត ខណៈពេលដែលនាងយល់ថា ការចុះផ្សាយខុសនោះ គឺជាការបំពានសិទ្ធិរស់នៅរបស់នាងក្នុងជីវិតប្រចាំថ្ងៃ ។ គេមិនដឹងថា ការចេញមុខមកព្រមានចំៗពីតារាសម្តែងខាងលើនេះ បានកើតមានឡើងដោយសារមានបញ្ហាអ្វីចំពោះនាងនោះឡើយ ក្នុងពេលដែលកន្លងមក តារារូបនេះហាក់មិនសូវបានពើបប្រទះនូវព័ត៌មានអាស្រូវណាមួយពាក់ព័ន្ធទៅនឹងជីវិតសិល្បៈរបស់នាងនោះឡើយ ។

បើយោងតាមការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកតារាសម្តែងនាង គៀត សុវណ្ណា ឡាង បានបញ្ជាក់ថា សូមអ្នកសារព័ត៌មានមួយចំនួនតូច មេត្តាគោរពវិជ្ជាជីវៈរបស់ខ្លួនផង ពេលខ្លះលោកចុះផ្សាយពីជីវិតឯកជនរបស់អ្នកដទៃ ជាពិសេសសិល្បករ សិល្បការិនី ដោយពុំបានសួរនាំពីម្ចាស់ខ្លួន ។ នាងបន្ថែមថា កុំដោយសារការដែលលោកចង់អោយមហាជនចូលមើលដើម្បីភាពល្បីផេក មិនគិតដល់កិត្តិយសអ្នកដទៃ ។ សំរាប់នាងខ្ញុំ បើមានអ្វីចង់សួរ អាចសួរបាន សូមកុំបំពានសិទ្ធិជីវិតរស់នៅ និងសរសេរបំផ្លើសខុសការពិតពីខ្ញុំ សូមផ្តាំផង ។
ជាការកត់សម្គាល់ការលើកឡើងរបស់ សុណ្ណាឡាង នាពេលនេះ មិនមែនជាបញ្ហាមួយថ្មីសម្រាប់អ្នកសិល្បៈដែលបានធ្វើការព្រមានបែបនេះចំពោះអ្នកសារព័ត៌មាននោះឡើយ ពោលគឺមានតារាផ្សេងៗទៀតក៏បានធ្វើរឿងនេះដូចគ្នា ក្នុងពេលដែលពួកគេហាក់មិនចង់មានរឿងអ្វីដែលអាក្រក់កើតឡើងចំពោះខ្លួនដែលជាបុគ្គលសាធារណៈនោះឡើយ ។

ទោះជាយ៉ាងណា សម្រាប់អ្នកសារព័ត៌មានដែលមានការបណ្តុះបណ្តាលមួយច្បាស់លាស់គឺតែងតែប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ ប៉ុន្តែវាក៏មានអ្នកសារព័ត៌មានមួយចំនួនតូចអាចមិនគោរពក្រមសីលធម៌នេះដែរ ពោលគឺមិនសំដៅអ្នកសារព័ត៌មានទូទៅនោះឡើយ ។ ភាគច្រើននៃការចុះផ្សាយមិនថា ព័ត៌មានសិល្បៈនោះទេ អ្នកសារព័ត៌មានតែងតែព្យាយាមតាមរកប្រភពដើម្បីធ្វើការសម្ភាសន៍ និងបកស្រាយឲ្យបានច្បាស់លាស់ ប៉ុន្តែប្រសិនបើប្រភពមិនមានការសហការល្អជាមួយអ្នកសារព័ត៌មាននោះ គឺជារឿងមួយដែលមិនអាចបន្ទោសនូវពេលព័ត៌មានបានផ្សាយចេញនោះឡើយ ។
បើសំឡឹងពីអតីតកាលមានតារាមួយចំនួនបានធ្លាក់ចុះនូវប្រជាប្រិយភាពយ៉ាងខ្លាំងនៅពេលដែលពួកគេទាំងនោះមិនសហការ ឬមិនមានទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មាននៅពេលដែលមានការព្យាយាមសុំសម្ភាសន៍ដើម្បីបានព័ត៌មានច្បាស់លាស់មួយ ។ មិនត្រឹមតែប៉ុណ្ណោះក៏មានតារាខ្លះបានធ្វើមិនគម្បី និងមានលក្ខខណ្ឌដ៏ពិបាកមួយចំនួនចំពោះអ្នកសារព័ត៌មាន នៅពេលដែលចង់បានជួបសម្ភាសន៍ជាមួយពួកគេដោយផ្ទាល់ម្តងៗ ដែលកត្តានេះ បានធ្វើឲ្យជះឥទ្ធិពលមិនល្អ នៅពេលដែលព័ត៌មានអាស្រូវរបស់ពួកគេបានចេញផ្សាយដោយគ្មានការបកស្រាយ ។
យ៉ាងណាការលើកឡើងពីតារាសម្តែង សុវណ្ណាឡាង ខាងលើនេះ គឺមិនមែនជាការខុសឆ្គងទាំងស្រុងនោះឡើយ ពោលគឺអ្នកសារព័ត៌មានត្រូវមានការគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ ប៉ុន្តែប្រសិនបើអ្នកសិល្បៈមិនសហការក្នុងការផ្តល់ព័ត៌មាននោះ អ្នកសារព័ត៌មានក៏គ្មានជម្រើសសម្រាប់ការចេញផ្សាយព័ត៌មាននោះឡើយ ៕









ចែករំលែកព័តមាននេះ