រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើដល់គណបក្សនយោបាយដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កុំយកថ្ងៃឃោសនាដែលនឹងចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ឧសភា ខាងមុខ ធ្វើជាថ្ងៃបាតុកម្មដែលខុសច្បាប់ ។
លោក មាន សាទិ សមាជិកមួយរូបក្នុងចំណោមសមាជិកទាំង៩រូប នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយតំណាងគណបក្សនយោបាយ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃទី២១ មេសា នៅទីស្តីការ គ.ជ.ប ថា សុំកុំយកថ្ងៃឃោសនាបោះឆ្នោតអសាកលនេះជាថ្ងៃជួបជុំធ្វើបាតុកម្ម ព្រោះថា ការឃោសនាបោះឆ្នោត និងការធ្វើបាតុកម្ម មាននិយមន័យខុសគ្នា ។ ការឃោសនាបោះឆ្នោត គឺគណបក្សនយោបាយទាំងអស់ធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនដើម្បីទាក់ទាញប្រជាពលរដ្ឋឱ្យបោះឆ្នោតជូន ចំណែកការឃោសនាធ្វើបាតុកម្មវិញ គឺជាការចង់បានអ្វីមួយដែលមានគំនិតចង់បាន ទោះបីជាមិនមានការអនុញ្ញាតក្តី ។
ទោះបីមន្ត្រី គ.ជ.ប មិនលើកឡើងចំឈ្មោះគណបក្សក្តី តែអ្នកតាមដានសភាពការណ៍បានវាយតម្លៃថា គ្មានគណបក្សណាក្រៅពីគណបក្សសង្គ្រោះជាតិនោះឡើយ ។ លោក មាន សាទិ បន្តថា ការឃោសនាបោះឆ្នោត មានខ្លឹមសារ និងទិសដៅឱ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួន ហើយគណបក្សនយោបាយ ឬបេក្ខជន ឬតំណាងគណបក្សទាំងអស់ មិនត្រូវប្រើភាសា ឬនិយាយដៀមដាម ប្រមាថមាក់ងាយ ដល់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងគណបក្សផ្សេងណាមួយឡើយ ។ ជាមួយនេះ មិនត្រូវជំរុញឱ្យមានការប្រើអំពើហិង្សា ឬការបំភិតបំភ័យក្នុងកំឡុងពេលធ្វើការឃោសនាបោះឆ្នោតឡើយ ។ មិនត្រូវលើកឡើងនូវពាក្យសម្តី ឬជាលាយលក្ខណ៍អក្សរ នូវព្រឹត្តិការណ៍គួរឱ្យតក់ស្លុតពីអតីតកាលមកតំណាលដូចជាឃាតកម្ម ការវាយដំ ការរំលោភបំពាន ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ជនណាម្នាក់ ឬក្រុមណាមួយ ។ មិនត្រូវការសាបព្រោះភាពភ័យខ្លាច ធ្វើឱ្យខ្លាច ធ្វើឱ្យភាន់ច្រឡំ និងខូចសណ្តាប់ធ្នាប់សង្គម និងនិយាយរិះគន់រើសអើងប្រកាន់ពូជសាសន៍ ភេទ ឋានៈក្នុងសង្គម សាសនា តាមគ្រប់រូបភាព…។ល។
លោក មាន សាទិ ក៏បានដាស់តឿនដល់គណបក្សនយោបាយទាំងអស់ ពីសកម្មភាពនៃការឃោសនាបោះឆ្នោតនៅតាមទីសាធារណៈថា មុនចាប់ផ្តើមធ្វើសកម្មភាពឃោសនាបោះឆ្នោតគណបក្សនយោបាយ ឬបេក្ខជនត្រូវតែជូនដំណឹងទៅ គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ/ខប) យ៉ាងហោច៣ថ្ងៃមុនថ្ងៃធ្វើសកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួន ។ គណបក្សនយោបាយ ឬបេក្ខជន ត្រូវគោរពពេលវេលានៃការឃោសនាបោះឆ្នោត ដូចមានចែងក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការឃោសនាបោះឆ្នោត និងត្រូវគោរពតាមកាលវិភាគដែលបានសម្របសម្រួល និងសម្រេចជាមួយ គធ/ខប ។
លោក មាន សាទិ បានបញ្ជាក់ថា «ក្នុងការអនុវត្តសកម្មភាពឃោសនាបោះឆ្នោត គណបក្សនយោបាយមិនត្រូវយកទីសាធារណៈ ឬសាលសាធារណៈ ធ្វើជាកន្លែងឃោសនាបោះឆ្នោតអចិន្ត្រៃយ៍ឡើយ ។ គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រ មិនត្រូវធ្វើសកម្មភាពនៃការឃោសនាបោះឆ្នោតឱ្យក្លាយទៅជាសកម្មភាពបាតុកម្ម ប្រឆាំងតវ៉ា ឬទាមទារដែលផ្ទុយពីគោលការណ៍នៃការឃោសនាបោះឆ្នោត ។ ចំពោះការដង្ហែក្បួនវិញ គណបក្សនយោបាយត្រូវតែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងគោរពច្បាប់ចរាចរណ៍ ។ គណបក្សនយោបាយណាមួយ ឬបេក្ខជនដែលមិនគោរពតាម ដោយអនុវត្តផ្ទុយពីខ្លឹមសារ និងសកម្មភាពនៃការឃោសនាបោះឆ្នោត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់» ។
ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយមានរយៈពេល១៥ថ្ងៃ និងឈប់មួយថ្ងៃមុនថ្ងៃបោះឆ្នោត គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែឧសភា ។ ចំពោះពេលវេលានៃយុទ្ធនាការឃោសនា គណបក្សនយោបាយអាចធ្វើបានចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ដោយមានឧបករណ៍បំពងសំឡេង ។ ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល ហាមចាក់គ្រឿងបំពងសំឡេង ហើយពីម៉ោង២រសៀល ដល់ម៉ោង១០យប់ អាចធ្វើសកម្មភាពបាន ។ ចាប់ពីម៉ោង១០យប់ ដល់ម៉ោង៦ព្រឹក រាល់សកម្មភាពទាំងអស់ត្រូវហាមឃាត់ ទាំងការប្រមូលផ្តុំគ្នាក៏មិនត្រូវមានដែរ ។ ចំពោះការស្ទង់មតិដែលធ្វើដោយអង្គការនានា ត្រូវឈប់មុន៥ថ្ងៃដល់ថ្ងៃបោះឆ្នោត ហើយនៅថ្ងៃបោះឆ្នោតក៏មិនអនុញ្ញាតឱ្យផ្សព្វផ្សាយដែរ ។
នៅក្នុងកិច្ចប្រជុំនេះ លោក គួយ ប៊ុនរឿន តំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ការបោះឆ្នោតលើកមុនៗមានលក្ខណៈចង្អៀត ។ ដូចជាក្នុងកំឡុងពេលឃោសនាបោះឆ្នោតជាដែនសមត្ថកិច្ចរបស់ គ.ជ.ប ហើយក្នុងច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចែងថា ការឃោសនាបោះឆ្នោតត្រូវធ្វើនៅទីសាធារណៈ ចុះហេតុអ្វីបានជា គ.ជ.ប មិនអនុញ្ញាតឱ្យធ្វើការឃោសនាបោះឆ្នោត ដោយលើកឡើងថា ដើម្បីចៀសវាងធ្វើបាតុកម្មទៅវិញ ។ កន្លងមកមានគណបក្សនយោបាយខ្លះ បានយកទីកន្លែងសាធារណៈអចិន្ត្រៃយ៍ ផ្ទុយទៅវិញ គ.ជ.ប មិនបានដោះស្រាយ ដូច្នេះវាផ្ទុយនឹងច្បាប់ ។
ទោះជាយ៉ាងណាក្តី លោក គួយ ប៊ុនរឿន បានដាក់បន្ទុកលើ គ.ជ.ប ដែលបានចែងពីនីតិវិធីនៃការឃោសនាបោះឆ្នោតថា មានភាពលំអៀង មិនដូចអ្វីដែលច្បាប់បានចែង គឺប្រៀបដូចបម្រើឱ្យគណបក្សនយោបាយមួយ ។ គ.ជ.ប គួរតែប្តូរនីតិវិធីមួយចំនួនដែលបានចែងកន្លងមក ។ លោកបានលើកឡើងទៀតថា កន្លងមក មិនថាបោះឆ្នោតសាកល ឬអសាកលនោះទេ មានមន្ត្រីរាជការជាច្រើន បានយកម៉ោងធ្វើការទៅឃោសនាបោះឆ្នោត និងយកសម្ភាររបស់រដ្ឋទៅឃោសនាបម្រើឱ្យគណបក្សនយោបាយ ដែលខុសពីច្បាប់បានចែង តែ គ.ជ.ប មិនបានចាត់វិធានការសោះ ។ លោក អ៊ុក គឹមហាន តំណាងគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ចំពោះនីតិវិធីរបស់ គ.ជ.ប ដែលបានធ្វើឡើងនោះ មានការឯកភាពពីតំណាងគណបក្សនយោបាយ និងអង្គការសង្គមសុីវិលមួយចំនួន ។ ច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានការឯកភាពពីស្ថាប័ននីតិប្បញ្ញត្តិ (រដ្ឋសភា) ។ នៅពេលដែលឃើញនីតិវិធីរបស់ គ.ជ.ប គណបក្សប្រជាជនកម្ពុជា សូមគោរពតាមអ្វីដែល គ.ជ.ប ណែនាំ ។ ចំពោះការដែល គ.ជ.ប ហាមឃាត់មិនយកទីសាធារណៈធ្វើការឃោសនាអចិន្ត្រៃយ៍នោះជាការត្រឹមត្រូវ ព្រោះថា ចៀសវាងការប្រឈមមុខដាក់គ្នា ធ្វើឱ្យមានការប៉ះទង្គិចរវាងអ្នកគាំទ្រងបក្សផ្សេងគ្នា ។
លោក ទេព នីថា អគ្គលេខាធិការដ្ឋាន គ.ជ.ប បានលើកឡើងថា គ.ជ.ប មានភារកិច្ចធ្វើតាមច្បាប់ដែលមានជាធរមាន ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០១៣ កន្លងទៅ បានចប់រួចទៅហើយ មានតែបញ្ហានយោបាយប៉ុណ្ណោះ ដែលមិនទាន់ដោះស្រាយចប់ ។ ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គ.ជ.ប មានភារកិច្ចជាអ្នកអនុវត្តទៅតាម ច្បាប់ ។ លោក ទេព នីថា បន្តថា ការឃោសនាបោះឆ្នោត នឹងចាប់ផ្តើមពីថ្ងៃទី២ ឧសភា ដល់ថ្ងៃទី១៦ ឧសភា ខាងមុខ ។ ទាំងនីតិវិធីរួម និងនីតិវិធីដោយឡែក ទាក់ទងនឹងការឃោសនាបោះឆ្នោត គ.ជ.ប ធ្វើជាសាធារណៈ ដោយបញ្ជូនទៅតាមគណបក្សនយោបាយ ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមសុីវិលមួយចំនួន ហើយតំណាងគណបក្ស ឬអង្គការសង្គមសុីវិលទាំងនោះ បានឆ្លើយតប ប៉ុន្តែមានគណបក្សមួយចំនួន មិនបានផ្តល់អនុសាសន៍មក គ.ជ.ប វិញទេ ។ នីតិវិធីដែល គ.ជ.ប សរសេរបន្ថែមនោះ សុទ្ធតែមានចែងឡើង ត្រូវយោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រផងដែរ ។
ចំពោះការលើកឡើងរបស់ លោក គួយ ប៊ុនរឿន ថា ការអនុញ្ញាតឱ្យបោះទីតាំងអចិន្ត្រៃយ៍ និងមានមន្ត្រីរាជការជាច្រើនធ្វើការឃោសនាបោះឆ្នោតនោះ ត្រូវបានលោក ទេព នីថា លើកឡើងថា មានច្បាប់លក្ខន្តិកៈមន្ត្រីរាជការបានចែងពីការកំណត់ពេលវេលាច្បាស់លាស់រួចទៅហើយថា មន្ត្រីរាជការអាចសុំឈប់ពេលណាមួយនោះ ។ ចំពោះការស្នើសុំទីកន្លែងធ្វើការឃោសនានោះ គណបក្សនយោបាយអាចស្នើដល់ម្ចាស់កន្លែង និងស្នើទៅគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ/ខប) ដើម្បីធ្វើការសម្របសម្រួល ឱ្យឈានដល់ឃោសនាបោះឆ្នោតបានរលូន ។
សូមបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២នេះ មានគណបក្សនយោបាយចំនួន៥ ចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនសុិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ។ ចំពោះសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត មានចំនួន៣៩៣នាក់ និងសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មានចំនួន២.៩៣១នាក់ ចំណែកការិយាល័យបោះឆ្នោតសរុបទូទាំងប្រទេសមានចំនួន១៩៧ ៕
ចែករំលែកព័តមាននេះ