រាជធានីភ្នំពេញ ៖ ទាំងអ្នកទេសចរជាតិ និងអន្តរជាតិក៏ដូចជាប្រជាពលរដ្ឋដែលដើរទស្សនាកម្សាន្ត និងហាត់ប្រាណនៅតាមបណ្តោយសួនច្បារជាប់មាត់ច្រាំងទន្លេមុខព្រះបរមរាជវាំង តែងមានការរអ៊ូរទាំទៅនឹងបរិយាកាស ក៏ដូចជាបរិស្ថានចេញពីមាត់ច្រាំងទន្លេដែលធ្វើឲ្យពួកគាត់ទ្រាំមិនបាន រហូតដល់មានអ្នកខ្លះ ខ្ទប់មាត់និងបិទច្រមុះ ដោយសារមានជះក្លិនស្អុយ ឆ្អេះឆ្អាប ចេញពីមាត់ច្រាំងទន្លេនោះ បូករួមទាំងមានស្មៅនិងដើមត្រែងដុះទ្រុបទ្រុលស្ទើរពាសពេញមាត់ទន្លេ ដែលជាជម្រករបស់មនុស្សអគតិមួយចំនួនបន្ទោបង់ និងបង្កភាពអាប់អួរទៀតផង ។ បែបនេះហើយទើបពួកគាត់សំណូមពរដល់ផ្នែកជំនាញពាក់ព័ន្ធ ដូចជា ផ្នែកបរិស្ថាន ទេសចរណ៏ អាជ្ញាធរមូលដ្ឋាន ជាពិសេសអាជ្ញាធររាជធានីភ្នំពេញសុំឲ្យជួយកាប់ឆ្ការ និងសម្អាតតាមមាត់ច្រាំងទន្លេមុខព្រះបរមរាជវាំងនោះផង ។
ពួកគាត់និយាយថា ពួកយើងទាំងអស់គ្នាពេលសម្រាកពីការងារ និងពេលទំនេរបាននាំគ្នាទៅដើរកម្សាន្ត និងហាត់ប្រាណរួចស្រូបយកខ្យល់អាកាសបរិសុទ្ធ តែផ្ទុយទៅវិញនៅតំបន់នោះមានបរិយាកាសមិនល្អនោះទេ ជាពិសេសនៅពេលមានខ្យល់បក់មកម្តងៗលាយឡំជាមួយនឹងក្លិនស្អុយ ឆ្អេះឆ្អាប ចេញពីមាត់ច្រាំងទន្លេនោះរហូតមានពេលខ្លះស្ទើទ្រាំមិនបានតែម្តង ។
ចំណែកឯអ្នកទេសចរមួយក្រុមទៀតបាននិយាយថា ការងារថែទាំ បោសសម្អាត និងអនាម័យជាភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ហើយការងារនេះមិនពិបាកនោះទេ គឺគ្រាន់តែចំណាយពេលណាមួយក៏បាន ឬបើគ្មានពេល គ្រាន់តែបំផុសចលនាប្រជាពលរដ្ឋ ឬសិស្សតាមសាលាក៏បានឲ្យតែមានទឹកចិត្តចង់ធ្វើនោះ ។
ដូចយើងបានដឹងហើយថា សាលារាជធានីភ្នំពេញ មានការខិតខំខ្លាំងណាស់ក្នុងការអភិវឌ្ឍទីក្រុង ធ្វើយ៉ាងណាឲ្យរាជធានីដែលជាបេះដូងនៃប្រទេសជាតិកាន់តែមានសោភ័ណភាពស្រស់ត្រកាល ទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើន ។ ផ្ទុយទៅវិញអាជ្ញាធរមូលដ្ឋាន ក៏ដូចជាផ្នែកជំនាញពាក់ព័ន្ធ មិនគួរចន្លោះប្រហោងដោយមិនយកចិត្តទុកដាក់ក្នុងការរៀបចំ និងសម្អាតការងារបន្តិចបន្តួចសោះនោះទេ ព្រោះវាជាតំបន់ទេសចរណ៏ និងជាមុខមាត់ប្រទេសជាតិទាំងមូល ៕
ចែករំលែកព័តមាននេះ