រាជធានីភ្នំពេញ ៖ ជនសង្ស័យលួចខោអាវនៅក្នុងរោងចក្រកាត់ដេរជាវ័យ ដែលមានតម្លៃជាង១៧ម៉ឺនដុល្លារ បន្ទាប់ពីគេចខ្លួនបានត្រឹមតែរយៈពេល៤ថ្ងៃប៉ុណ្ណោះ ក៏ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនបានចំនួន២នាក់ ។
ដោយឡែក បក្សពួកមួយចំនួនទៀត កំពុងគេចខ្លួននៅឡើយ ហើយសមត្ថកិច្ចដកហូតបានមកវិញនូវខោអាវតិចតួចប៉ុណ្ណោះ ព្រោះពួកចោរបានយកទៅលក់អស់ហើយ ។ ការចាប់ខ្លួននេះ ជំហានដំបូងត្រូវគេដឹងថា ចាប់បានម្នាក់ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៩ មេសា នៅមុខហាងនំប៉័ងបាយ័ន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ។ បន្ទាប់មក នៅរសៀលថ្ងៃដដែល ទើបបន្តទៅឆែកឆេរ និងឃាត់ខ្លួនបក្សពួកម្នាក់ទៀត នៅក្នុងផ្ទះល្វែងមួយស្ថិតនៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមុនគេឈ្មោះ ម៉ៅ កោហេង អាយុ២៩ឆ្នាំ ជាសន្តិសុខក្រុមហ៊ុន CISS យាមប្រចាំការនៅក្នុងរោងចក្រកាត់ដេរជាវ័យ ស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (ជាមេខ្លោង) ។
ចំណែកម្នាក់ទៀតដែលចាប់ខ្លួនបន្ទាប់ ឈ្មោះ ឈិន ភារុណ ភេទប្រុស អាយុ២៥ឆ្នាំ ជានិស្សិត មានទីលំនៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ជននេះ ក៏ជាអ្នករកទីផ្សារយ៉ាងសំខាន់ម្នាក់ដែរ ដោយឡែក បក្សពួកជាច្រើននាក់ទៀតកំពុងរត់គេចខ្លួននៅឡើយ ។ ក្រុមចោរខាងលើ បានធ្វើសកម្មភាពគាស់ទ្វារឃ្លាំងរោងចក្រកាត់ដេរយីហោ ជាវ័យខេមបូឌាហ្គាមេន ហ្វេកធើរី ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី១៤ មេសា ដែលជាថ្ងៃចូលឆ្នាំដំបូង លួចបានខោអាវចំនួនជាង២.០០០កាតុង ស្មើនឹង២៩.០០០ខោ-អាវ ដែលគិតជាទឹកប្រាក់ជាង១៧ម៉ឺនដុល្លារ ។ ក្រោយពីលួចបានហើយ ក៏គេចខ្លួនបាត់ស្រមោល លុះ៤ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៩ មេសា សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន២នាក់ ប៉ុន្តែខោអាវត្រូវពួកគេយកទៅលក់អស់ហើយ នៅសល់អាវជាង៧០ប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចដកហូតទុកជាភស្តុតាង ។
គួររំលឹកថា កាលពីយប់ថ្ងៃទី១៤ មេសា ត្រូវចំវេនឈ្មោះ ម៉ៅ កោហេង ជាអ្នកយាមនៅក្នុងរោងចក្រកាត់ដេរមួយនេះ ដែលមានគ្នា២នាក់ ប៉ុន្តែពេលនោះម្នាក់ទៀតអវត្តមាន មិនបាននៅយាមឡើយ ។ ខណៈនោះ ជនឈ្មោះ ម៉ៅ កោហេង និងបក្សពួកប្រមាណ៥នាក់ទៀត បានធ្វើសកម្មភាពវាយកម្ទេចកាមេរ៉ាសុវត្ថិភាព ដែលគេដាក់បង្កប់ក្នុងឃ្លាំង ។ បន្ទាប់មក បានប្រើកន្ត្រៃយក្សកាត់សោទ្វារឃ្លាំងរោងចក្រ លួចយកខោអាវខាងលើ ដែលជាផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស ដោយពួកគេបានបើករថយន្តកូរ៉េមួយគ្រឿង ចូលទៅដឹកដល់ក្នុងឃ្លាំងនោះតែម្តង ។ ក្រោយពេលលួចបាន ពួកគេបានរត់គេចខ្លួនបាត់ ។ លុះព្រឹកឡើងទើបគេដឹង បន្ទាប់ពីបាត់ខ្លួនសន្តិសុខ និងឃើញមានស្នាមកាត់សោទ្វារឃ្លាំងរោងចក្រ ហើយតំណាងរោងចក្រ បានប្តឹងនគរបាលមូលដ្ឋាន ចុះស្រាវជ្រាវ និងស៊ើបអង្កេត ព្រមទាំងកំណត់មុខសញ្ញាបានភ្លាមៗផងដែរ ។
បន្ទាប់ពីធ្វើសកម្មភាពបានសម្រេច ពួកគេបានដឹកយកខោអាវទាំងនោះទៅលាក់ទុកនៅក្នុងផ្ទះល្វែងមួយស្ថិតក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលជាផ្ទះរបស់ជនឈ្មោះ ឈិន ភារុណ ។ រីឯឪពុករបស់ឈ្មោះ ឈិន ភារុណ ជាអ្នកដឹកខោអាវយកចេញទៅតាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លក់នៅក្នុងប្រទេសថៃ តែមិនដឹងថា បានប្រាក់ប៉ុន្មានទេ ។ ពេលនេះ នគរបាលកំពុងស្រាវជ្រាវរកចាប់ខ្លួនបក្សពួកបន្តទៀត ហើយក្រោយពេលចាប់ខ្លួន ជន២នាក់នេះបានសារភាពថា ខ្លួនទើបលួចជាលើកទី១ទេ ។
ជនដែលត្រូវចាប់ខ្លួន រួមជាមួយវត្ថុតាង មានកន្ត្រៃកាត់ដែក ជញ្ជីងសម្រាប់ថ្លឹង ខោអាវដែលនៅសល់ចំនួន៧៥ និងជ័រកាងអាវមួយចំនួន ត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្ត ៕
ចែករំលែកព័តមាននេះ