រាជធានីភ្នំពេញ ៖ ជាយូរមកហើយដែលអ្នកចម្រៀង សុន ស្រីពេជ្រ មានម្ចាស់ស្នេហ៍ថ្មី ក្រោយពីបែកបាក់ស្នេហាទី១ ។ បន្ទាប់ពីរកបានបុរសដែលជាគូស្នេហ៍ពិតរួចមក អ្នកទាំងពីរថែមទាំងទទួលបានកូនស្រីម្នាក់គួរឲ្យស្រឡាញ់ទុកជាចំណងដៃផងដែរ ។
ជាមួយគ្នានេះ អ្នកចម្រៀងអ្នកនាង សុន ស្រីពេជ្រ គ្រោងនឹងចូលរោងការតាមប្រពៃណីដើម្បីកុំឲ្យគេថា នាងមានកូនដោយមិនបានរៀបការ ។ ក្រោយពេលសម្រាលបានកូនស្រីម្នាក់ រួចមកឃើញថា នាងបែកសាច់ បែកឈាមឡើងទ្រលុកតែម្តង ដែលមើលទៅពិតជាប្លែកជាងពីមុនឆ្ងាយណាស់ ។
ស្រីពេជ្រ ត្រូវបានអ្នកសិល្បៈលើកឡើងថា នាងមានសំណាង ព្រោះស្វាមីរបស់នាងមានអាយុក្មេងជាង ហើយរូបសម្បត្តិក៏មិនអន់ដែរ ។ អ្វីដែលសំខាន់នោះ ស្វាមីនាងចេះថ្នាក់ថ្នម និងថែរក្សាចំណងស្នេហ៍យ៉ាងរឹងមាំ ហើយជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងបានបង្ហាញថតរូប Pre Wedding ដែលថតជាលក្ខណៈគ្រួសារយ៉ាងមានសុភមង្គលជាមួយស្វាមី និងកូនស្រីជាទីស្រឡាញ់របស់នាងថែមទៀតផង សម្រាប់ត្រៀមចូលការនៅក្នុងពេលឆាប់ៗនេះ។
ទន្ទឹមនឹងការបង្ហាញរូបភាពដ៏មានសុភមង្គលនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នាអបអរដល់នាងគ្រប់គ្នា នៅពេលសម្រេចចិត្តចូលរោងការជាមួយស្វាមី ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកចម្រៀងស្រីរូបនេះនៅតែមិនទាន់បង្ហើបពីថ្ងៃរៀបការច្បាស់លាស់នៅឡើយនោះទេ ៕ (កែសម្រួលដោយ ៖ បុប្ផា)