រាជធានីភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) កាលពីថ្ងៃទី១៨ មេសា បានចេញសេចក្ដីថ្លែងការណ៍មួយសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសេរីភាពបញ្ចេញមតិ និងសុវត្ថិភាពអ្នកសារព័ត៌មាន បន្ទាប់ពីបានកត់សម្គាល់ឃើញថា រយៈពេលចុងក្រោយនេះ អ្នកសារព័ត៌មានត្រូវប្រឈមមុខជាបន្ដបន្ទាប់ជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខណៈពេលដែលអ្នកសារព័ត៌មានចុះយកព័ត៌មានទាក់ទងសកម្មភាពឈ្មួញរកស៊ីឈើខុសច្បាប់ ដែលបណ្ដាលឱ្យអ្នកសារព័ត៌មានម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន និង២នាក់ទៀតត្រូវសមត្ថកិច្ចនិងឈ្មួញរកស៊ីឈើវាយដំយ៉ាងដំណំ និងដកម៉ាស៊ីនថតថែមទៀត ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្លិបអ្នកកាសែតកម្ពុជា បានបង្ហាញពីហេតុការណ៍រំលោភសេរីភាពសារព័ត៌មានថា ៖ ករណីទី១-កាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ មេសា ឆ្នាំ២០១៤ លោក សន មង្គល អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មី ត្រូវលោក ឡាយ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថ និងលោក គង់ ធារិទ្ធ ហៅឆ្លាម ជំនួយការកងរាជអាវុធហត្ថក្រុងព្រះវិហារ ព្រួតវាយយ៉ាងដំណំក្នុងពេលអ្នកសារព័ត៌មានរូបនោះថតរថយន្ដសង្ស័យដឹកឈើគ្រញូងមួយគ្រឿងនៅតាមផ្លូវជាតិលេខ៦២ ចំណុចភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្ដព្រះវិហារ ។
ករណីទី២-នៅវេលាម៉ោង៥ល្ងាចថ្ងៃទី១១ មេសា ឆ្នាំ២០១៤ លោក ហ៊ិន សាម៉ុន អ្នកយកព័ត៌មានស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៩ ប្រចាំខេត្ដពោធិ៍សាត់ ត្រូវបានកងរាជអាវុធហត្ថខេត្ដពោធិ៍សាត់ចាប់ខ្លួន ដោយចោទប្រកាន់ជំរិតទារប្រាក់ ខណៈដែលលោកទៅយកព័ត៌មាន និងថតយករូបភាពនៃសកម្មភាពឈ្មួញដឹកឈើខុសច្បាប់នៅផ្លូវលំភូមិក្រាំងពព្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្ដពោធិ៍សាត់ ។ ករណីទី៣-នៅវេលាម៉ោង៣រសៀលថ្ងៃទី១២ មេសា ឆ្នាំ២០១៤ លោក សែម បូណា អ្នកយកព័ត៌មានកាសែតឆន្ទៈខ្មែរ ត្រូវបានជនសង្ស័យ២នាក់ដែលគេស្គាល់ថាជាអ្នករកស៊ីឈើល្មើសច្បាប់ព្រួតវាយយ៉ាងដំណំ ព្រមទាំងឆក់យកកាមេរ៉ាថតថែមទៀត ខណៈលោកចុះយកព័ត៌មាន និងថតពីសកម្មភាពឈ្មួញដឹកឈើខុសច្បាប់នៅភូមិខ្នុរ ឃុំចុងជៀច ស្រុកតំបែរ ខេត្ដកំពង់ចាម ។
ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) ចាត់ទុកសកម្មភាពខាងលើនេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្មារតី និងសុវត្ថិភាពអ្នកសារព័ត៌មានដែលកំពុងបំពេញបេសកកម្មតាមវិជ្ជាជីវៈ និងជាចេតនារារាំងដល់ការអនុវត្ដសិទ្ធិសេរីភាពនៃការបញ្ចេញមតិ រួមទាំងបន្ទច់បង្អាក់ដោយផ្ទាល់ដល់ដំណើរការនៃការអនុវត្ដលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ក្លិបអ្នកកាសែតកម្ពុជា សូមថ្កោលទោសចំពោះអ្នកដែលបានបង្កហេតុខាងលើ និងអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ សំខាន់ស្ថាប័នអនុវត្ដច្បាប់នៅកម្ពុជា ឱ្យមានការស៊ើបអង្កេតនិងវែកមុខជនបង្កហេតុ ដើម្បីយកមកដោះស្រាយតាមច្បាប់ និងផ្ដល់យុត្ដិធម៌ដល់អ្នកសារព័ត៌មាន ។
ក្លិបអ្នកកាសែតកម្ពុជា នឹងបន្ដតាមដានដោយយកចិត្ដទុកដាក់ចំពោះករណីខាងលើនេះ ដើម្បីការពារសេរីភាពសារព័ត៌មាន និងស្វែងរកយុត្ដិធម៌ពិតប្រាកដដល់ជនរងគ្រោះ ៕
ចែករំលែកព័តមាននេះ