រាជធានីភ្នំពេញ ៖ ក្រុមអ្នកតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិ ចំនួន៣នាក់ រួមមានលោកស្រី មូរ សុខហួរ លោក រៀល ខេមរិន្ទ្រ និងលោក ឡុង បុត្ដា ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រមាណជាង២០នាក់ បានព្យាយាមចូលទៅប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២០ មេសា ក្នុងគោលបំណងសម្ដែងមតិ និងទាមទារប្រាក់ខែឱ្យកម្មករ១៦០ដុល្លារអាមេរិកក្នុង១ខែ ប៉ុន្ដែការព្យាយាមនេះត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ និងនគរបាលប្រឆាំងបាតុកម្មរារាំងមិនឱ្យចូលទៅទីនោះឡើយ ។
ការរារាំង និងការប្រឈមមុខនេះមិនមានការប៉ះទង្គិចគ្នាធ្ងន់ធ្ងរទេ គ្រាន់តែមានការរុញច្រានគ្នាប៉ុណ្ណោះ ។ មន្ដ្រីសាលាខណ្ឌដូនពេញឱ្យដឹងថា នៅវេលាម៉ោងជិត៨ព្រឹកថ្ងៃទី២០ មេសា តំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្ទ្រ បានជិះរថយន្ដមកចតលើផ្លូវលេខ១០៦ក្បែរទីលានប្រជាធិបតេយ្យ ដើម្បីរៀបចំធ្វើសន្និសីទសារព័ត៌មាននិងសម្ដែងមតិ ដោយគ្មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ។ ដូច្នេះអាជ្ញាធរខណ្ឌដូនពេញ សម្រេចត្រូវតែប្រើប្រាស់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌរារាំងមិនឱ្យគាត់ធ្វើអ្វីតាមតែនឹកឃើញទេ ព្រោះប្រទេសមានច្បាប់ ។ លុះដល់ម៉ោងប្រហែលជិត៨កន្លះនាថ្ងៃដដែល ស្រាប់តែលេចមុខអ្នកតំណាងរាស្រ្ដគណបក្សសង្ក្រោះជាតិមកបន្ថែម២រូបទៀតគឺលោកស្រី មូរ សុខហួរ និងលោក ឡុង បុត្ដា ។ ជាពិសេសលោកស្រី មូរ សុខហួរ តែម្ដងបានរត់បុកខ្សែការពាររបស់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌជាច្រើនលើកដើម្បីព្យាយាមចូលទៅទីលានប្រជាធិបតេយ្យ និងបានបង្កឱ្យមានការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវលេខ៦១ ខាងក្រោយស្ថានទូតអាមេរិក ។
លោកស្រី មូរ សុខហួរ បាននិយាយទៅកាន់អ្នកកាសែតដូចជាសកម្មជនរបស់ខ្លួនថា ប្រទេសកម្ពុជា បច្ចុប្បន្នមិនមានសិទ្ធិក្នុងការសម្ដែងមតិទេ ដោយអាជ្ញាធរបានរារាំងមិនឱ្យចូលទៅកាន់ទីលានប្រជាធិបតេយ្យ មិនតែប៉ុណ្ណោះ បានប្រើអំពើហិង្សាជាញឹកញាប់ដល់ក្រុមបាតុករទៀតផង ។ លោកស្រីព្យាយាមចូលទៅទីលានប្រជាធិបតេយ្យនេះគឺគ្រាន់តែចង់បញ្ចេញមតិនៅទីនោះតែប៉ុណ្ណោះ មិនគួរសមត្ថកិច្ចរារាំងឡើយ ។ មន្ដ្រីនគរបាលដែលឈរជើងការពារទីលានប្រជាធិបតេយ្យបានឱ្យដឹងថា ក្រោយពីបរាជ័យក្នុងការសម្រុកចូលទីលានប្រជាធិបតេយ្យជាច្រើនដងរួចមក លោកស្រី មូរ សុខហួរ លោក រៀល ខេមរិន្ទ្រ និងលោក ឡុង បុត្ដា ដែលជាតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិ រួមទាំងសកម្មជនរបស់ខ្លួនបាននាំគ្នាទៅប្រមូលផ្ដុំនៅមុខនាឡិកាក្នុងរមណីយដ្ឋានវត្ដភ្នំ ហើយថ្លែងសារថ្កោលទោសមួយចំនួន រួចក៏រំសាយរៀងៗខ្លួននៅម៉ោង១០និង៤៥នាទីព្រឹក និងពុំមានការរារាំងពីកម្លាំងសមត្ថកិច្ចទេ ។
លោក គឹម វុត្ថា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌដូនពេញបានបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលលោកស្រី មូរ សុខហួរ បានដឹកនាំក្រុមសកម្មជនរបស់ខ្លួនទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីផ្សព្វផ្សាយមូលនិធិសព ជា វិជ្ជា និងបញ្ចេញមតិនៅទីនោះ តែត្រូវរារាំងពីកម្លាំងសណ្ដាប់ធ្នាប់របស់ខណ្ឌដូនពេញ និងកម្លាំងនគរបាល ។ ការរារាំងនេះដោយសារទីលានប្រជាធិបតេយ្យត្រូវបានក្រសួងមហាផ្ទៃ តាមរយៈសាលារាជធានីភ្នំពេញ ហាមមិនឱ្យមានការជួបជុំ និងបញ្ចេញមតិ ខណៈតំបន់មួយនេះស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការនៅឡើយ ។ មន្ដ្រីដដែលនិយាយថា ដឹងថាទីនេះគេហាមដែរ ប៉ុន្ដែពួកគេនៅតែផ្គើន! ៕
ចែករំលែកព័តមាននេះ