រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានបុរស២នាក់ជាជនសង្ស័យបានបើកម៉ូតូសណ្តោងរ៉ឺម៉កអេតចាយ១គ្រឿងទៅឈប់មុខផ្ទះ១កន្លែងកំពុងជួសជុលតាមបណ្ដោយផ្លូវ430 ស្រាប់តែសកម្មភាពចូលលួចសែងយកទ្វារដែកមួយចំហៀងដែលម្ចាស់គេគរទុកនៅក្នុងផ្ទះបម្រុងសែងចេញមកក្រៅ តែក៏ត្រូវម្ចាស់ផ្ទះគេទាន់ស្រែកឆោឡោ និងឃាត់ខ្លួនបានភ្លាមៗ រួចប្រគល់ទៅឱ្យសមត្ថកិច្ចតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង12និង15នាទីយប់ ថ្ងៃទី9 ខែតុលា នៅចំណុចផ្ទះកំពុងសាងសង់មួយកន្លែង នៅតាមបណ្តោយផ្លូវ430 កែងនឹងផ្លូ478 ស្ថិតក្នុងសង្កាត់ទួលទំពូង2 ខណ្ឌចំការមន ។

បើតាមប្រភព ពីអ្នកម៉ៅការសំណង់ជួសជុលផ្ទះខាងលើ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គឺពួកគាត់កំពុងសម្រាកនៅក្នុងផ្ទះ ហើយក៏មានជនសង្ស័យ2នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កអេតចាយមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវ430 ពីជើងទៅត្បូង លុះមកដល់ចំណុចផ្ទះកើតហេតុ ក៏ឈប់ម៉ូតូចោលនៅមុខផ្ទះ ហើយនាំគ្នាលួចចូលទៅក្នុងផ្ទះធ្វើសកម្មភាពសែងយកទ្វាររបងដែកមួយចំហៀង ដែលខាងអ្នកម៉ៅការសំណង់បានគរទុកនៅចំហៀងផ្ទះ រួចបម្រុងសែងចេញយកទៅដាក់លើរ៉ឺម៉កអេតចាយរបស់គេតែម្តង ប៉ុន្តែក៏ត្រូវខាងអ្នកធ្វើការនៅផ្ទះកន្លែងកើតហេតុ ឃើញទាន់ក៏បានស្រែកឆោឡោថា «ចោរៗ» និងឃាត់ខ្លួនបានភ្លាមៗ ប្រគល់ទៅឱ្យសមត្ថកិច្ចមូលដ្ឋានតែម្តង។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូង2 សួរនាំបន្ត និងកសាងសុំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី។ (កែសម្រួលដោយ ៖ បុប្ផា)



ចែករំលែកព័តមាននេះ