ខេត្តត្បូងឃ្មុំ ៖ សំណង់ទំនប់ និងស្ពានដែលត្រូវបានកសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅ
ត្រង់ចំនុចព្រែកតាខ្វាន់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ជាប់ព្រំប្រទល់ជាមួយនឹងស្រុកកោះសូទិន ខេត្តកំពង់ចាម បានទទួលរងការខូចខាតយ៉ាងដំណំប្រមាណ៨០ភាគរយ មិនអាចធ្វើដំណើរឆ្លងកាត់បាននោះទេក្នុងរដូវទឹកសំរក បើគេចង់ធ្វើដំណើរទៅជីហែគឺត្រូវជិះទូកម៉ាស៊ីន ។ ពាក់ព័ន្ធនឹងបញ្ហានេះ ត្រូវបានលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តអះអាងថាមកពីទឹកស្រកលឿនពេក ធ្វើឲ្យនីវោទឹកហូរពីទីខ្ពស់មកទីទំនាបខ្លាំង ទើបបណ្តាលឲ្យសំណងស្ពានរងការខូចខាត ។
លោកភិន ឈុន មេឃុំទន្លេបិទ មានប្រសាសន៏ឲ្យដឹងនៅព្រឹកថ្ងៃទី៩តុលា ២០១៩ថា ក្នុងពេលដែលទឹកទន្លេមេគង្គបានហក់ឡើងបណ្តាលឱ្យលិចនៅតាមភូមិឋានមួយចំនួនក្នុងឃុំទន្លេបិទ ក្នុងនោះមានស្ពានចំនួន៣កន្លែងត្រូវបានរងផលប៉ះពាល់ ដោយមានកន្លែងខ្លះខូចខាតស្រុតជើងទេរជាប់ស្ពាន ហើយខូចខាតខ្លាំងជាងគេគឺស្ពានព្រែកតាខ្វាន់នេះតែម្តង ។
លោកមេឃុំទន្លេបិទមានប្រសាសន៏បន្តថា ស្របពេលដែលទឹកទន្លេស្រកទៅវិញ លោកបានចុះពិនិត្យតាមផ្លូវក្នុងភូមិទួលគរ ដោយមានល្បាប់ភក់ហូរមកកប់លើផ្លូវបេតុងនិងបានជួលគ្រឿងចក្រមកឈូសដី ដើម្បីជួយសំរួលឲ្យប្រជាជនបានធ្វើដំណើរទៅវិញទៅមក។ ត្រង់ចំនុចកណ្តាលផ្លូវបេតុងព្រែកតាខ្វាន់ត្រូវបានបាក់ស្រុត រួមនឹងបេតុងក្បាលស្ពានទាំងសងខាងក៏ត្រូវបានបាក់ស្រុតខូចខាតប្រវែងប្រហែល៦០ម៉ែត្រ ហើយលោកក៏បានរាយការណ៏ជូនលោកអភិបាលស្រុកត្បូងឃ្មុំចុះមកពិនិត្យ និងបន្ទាប់មកទៀតលោកប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត ។ ត្រង់ទីតាំងព្រែកតាខ្វាន់នេះចរន្តទឹកហូរខ្លាំងណាស់ក្នុងរដូវវស្សាម្តងៗ កាលពីឆ្នាំ២០១៨កន្លងទៅ ក្រោយទឹកស្រកបានរងការខូចខាតតិចតួច តែមកដល់២០១៩ទឹកទន្លេហូរយ៉ាងគំហុក បណ្តាលឲ្យខូចខាតសំណង់ស្ពានខ្លាំងដាច់មិនអាចធ្វើដំណើរកើតនោះទេ ។
លោកមេឃុំទន្លេបិទបានបន្ត ថាប្រសិនបើគេជួសជុលឡើងវិញក្នុងរដូវប្រាំង លុះពេលទឹកឡើងមកទៀតនឹងនៅតែខូចខាតដដែល តាមគំនិតរបស់លោកមានតែការសាងសង់ស្ពានបាឡេទើបប្រសើរ ។
លោកអាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្ត បានប្រាប់ឱ្យដឹងថា លោកបានចុះមកពិនិត្យដោយផ្ទាល់នៅទំនប់ព្រែកតាខ្វាន់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ សំណង់ស្ពានត្រូវបានកសាងរួចរាល់ និងមានការធ្វើដំណើរឆ្លងកាត់រយៈពេល៥ឆ្នាំមកហើយ មូលហេតុដែលខូចនេះគឺដោយសារទឹកទន្លេបានស្រកលឿនពេក ក្នុង១ថ្ងៃស្រកជាងកន្លះម៉ែត្រ ឬមួយម៉ែត្រក៏មាន ធ្វើឲ្យនីវោទឹកហូរពីទីខ្ពស់មកទីទំនាបខ្លាំងទើបបណ្តាលឲ្យសំណងស្ពានរងការខូចខាត ។ សម្រាប់ទិសដៅបន្តថាតើ ត្រូវសាងសង់សំណង់ស្ពានបែបណាជាបន្តទៀតនោះ គឺមិនទាន់ដឹងនៅឡើយទេ រង់ចាំក្រុមបច្ចេកទេសរបស់ម្ចាស់ជំនួយ World Bank ចុះមកពិនិត្យសិន ៕ (កែសម្រួលដោយ ៖ ធីតា)