ខេត្តស្ទឹងត្រែង ៖ ទោះបីក្រុងស្ទឹងត្រែងមានទីតាំង និងការសម្អាតកាកសំណល់ស្របការអប់រំណែនាំយ៉ាងណាក្តី តែបុគ្គលមួយចំនួននៅ តែបន្តការបោះចោលនូវកាកសំណល់ពាសវាលពាសកាលរាយប៉ាយជាច្រើនកន្លែងបង្កផលប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង។

ទន្ទឹមការអប់រំឥតឈប់ឈរនេះដែរ អាជ្ញាធរខេត្តស្ទឹងត្រែងបានដាក់វិធានការឲ្យមន្ត្រីសាលាក្រុងបង្កើនការអនុវត្តច្បាប់ ហើយផាកពិន័យចំពោះអ្នកចោលសំរាមរាយប៉ាយនៅឆ្នាំ២០១៩នេះ ដើម្បីឲ្យអ្នកចោលសំរាមរាយប៉ាយទាំងនោះភ្ញាក់រលឹកចូលរួមសំអាតបរិស្ថានជួយលើកកំពស់សោភ័ណ្ឌភាពទីក្រុងស្អាតក្នុងពេលដែលខេត្តកំពុងសាងសង់ផ្លូវបេតុងនៅ មុខសួនច្បាត្រីប៉ាសេអុី។

ក្នុងយុទ្ធនាការសំអាតបរិស្ថានពិភបលោកលើកទី៤០ឆ្នាំ២០១៩ នៅថ្ងៃទី៩ តុលា នេះលោក ម៉ុម សារឿន អភិបាលខេត្តមានបានលើកឡើងថា ការធ្វើបែបនេះគឺចង់ឲ្យទីក្រុងរបស់យើងស្អាតមានសោភ័ណ្ឌភាពហើយអាជ្ញាធរ ក៏មិនចង់ធ្វើរឿងដដែលៗនោះទេចំពោះបញ្ហាដើររើសសំរាមនេះ។

លោកបន្តថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ក្នុងក្រុងត្រូវបង្កើនការអនុវត្តច្បាប់ និងចុះអប់រំប្រជាពលរដ្ឋបន្ថែមនៅតាមផ្ទះឲ្យវេចខ្ជាប់សំរាមទុកដាក់ទៅតាមទីកន្លែងកំណត់ដើម្បីធ្វើឲ្យភូមិស្អាត ទីសាធារណៈល្អ ក្រុងមានសោភ័ណ្ឌភាពដើម្បីជាការទាក់ទាញ។

លោកសាយ កុសល អភិបាល ក្រុងស្ទឹងត្រែងបានទទួលស្គាល់ថា ភាពស្អាតពិតជាអាចធ្វើយើងទទួលបានការលើកសរសើរពីភ្ញៀវ ដូច្នេះយើងត្រូវតែចូលរួមសំអាតបរិស្ថានកុំចាំបាច់អាជ្ញាធរណែនាំ។ លោកបញ្ជាក់ថា ឆ្នាំនេះសាលាក្រុងបានរៀបចំរួចហើយទាំងកំលាំងចុះអប់រំទាំងសមត្ថកិច្ចដើម្បីឃាត់និងផាកពិន័យដោយអនុវត្តទៅតាមអនុក្រិត្យលេខ១១៣របស់រាជរដ្ឋាភិបាលដើម្បីយើងរៀបចំចូលរួមប្រកួតប្រជេងទីក្រុងស្អាតនៅខែកុម្ភៈ ឆ្នាំ២០២១បន្តទៀត។

លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចេណ៍ខេត្ត បានបញ្ជក់ថា កាលណាប្រជាពលរដ្ឋអនុវត្តបានល្អ វាជាការរួមចំណែកមួយជួយឲ្យទីក្រុងមានបរិស្ថានស្អាត ការរស់នៅក៏មានសុខភាពល្អ ម្យ៉ាងទៀតដើម្បីសុខភាពសាធារណៈដោយយើងកាត់បន្ថយបានពីការកើតជម្ងឺផ្សេងៗដូចជាការចំលងមេរោគពីសត្វរុយមកជាដើម។

កញ្ញាឈុន វត្តី សិក្សានៅសាលាវិទ្យាល័យព្រះរាជបូជនីយកិច្ចក្រុងស្ទឹងត្រែងបានចូលរួមលើកឡើងថា រាល់បញ្ហាខាងលើនេះអាជ្ញាធរមានសមត្ថកិច្ចបានផ្សព្វផ្សាយជាញឹកញាប់រួចមកហើយរាប់បញ្ចូលទាំងការធ្វើសកម្មភាពដើររើសសំរាមនេះផងដែរដើម្បីចង់ដាស់តឿនស្មារតីឲ្យប្រជាពលរដ្ឋទូទៅចេះសំអាតបរិស្ថាន។

គួរបញ្ជាក់ថា នៅ២ឆ្នាំទៀតគណៈកម្មាធិការថ្នាក់ជាតិរៀបចំប្រលងប្រណាំងទីក្រុងស្អាតនឹងចុះមកវាយតំលៃពីទីក្រុងស្អាតទៅតាមខេត្តនីមួយៗ ដើម្បីរៀបចំដាក់ពិន្ទុនឹងត្រៀមទទួលយកស្លាកសញ្ញាផ្ការំដួលចាប់ពី១ទងទៅដល់៣ទង ចំពោះទីក្រុងណាមានសោភ័ណ្ឌភាពបៃតងល្អ ៕ (កែសម្រួលដោយ ៖ ធីតា)







ចែករំលែកព័តមាននេះ