ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនួញ​ស្នើ​រដ្ឋាភិបាល​ព​ន្លឿ​ន​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​ឱ្យ​ចេញ​ឆាប់​ៗ​ចៀសវាង​ការ​បោកប្រាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្រប​ពេល​កំណើន​អាជីវកម្ម​អន​ឡាញ​នៅ​កម្ពុជា កាន់តែ​មាន​សន្ទុះ​តែ​មិន​មានច្បាប់​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​នេះ​នៅឡើយ បាន​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ និង​ប៉ះពាល់​ដល់​អ្នក​ធ្វើ​អាជីវកម្ម​ដែល​ស្មោះត្រង់ និង​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ផង​ដែរ ។ ដោយសារ​តែ​មើលឃើញ​នូវ​ផល​ប៉ះពាល់​ទាំងនេះ អ្នកជំនួញ​អន​ឡាញ​មួយ​ចំនួន​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ព​ន្លឿ​ន​ក្នុង​ការ​ចេញ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​នេះ​បាន​ឆាប់…

រាជធានី​ភ្នំពេញ​៖ ស្រប​ពេល​កំណើន​អាជីវកម្ម​អន​ឡាញ​នៅ​កម្ពុជា កាន់តែ​មាន​សន្ទុះ​តែ​មិន​មានច្បាប់​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​នេះ​នៅឡើយ បាន​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ និង​ប៉ះពាល់​ដល់​អ្នក​ធ្វើ​អាជីវកម្ម​ដែល​ស្មោះត្រង់ និង​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ផង​ដែរ ។ ដោយសារ​តែ​មើលឃើញ​នូវ​ផល​ប៉ះពាល់​ទាំងនេះ អ្នកជំនួញ​អន​ឡាញ​មួយ​ចំនួន​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ព​ន្លឿ​ន​ក្នុង​ការ​ចេញ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​នេះ​បាន​ឆាប់ ដើម្បី​គ្រប់គ្រង​សណ្ដាប់ធ្នាប់​ក្នុង​ការ​ធ្វើ​មុខ​ជំនួញ​មួយ​នេះ ។

បើ​តាម​លោក ច​ន ប្រុស អ្នកជំនួញ​តាម​ប្រព័ន្ធ​អន​ឡាញ​មួយ​រូប​នៅ​កម្ពុជា បានឱ្យ​ដឹង​ថា​សម័យ​បច្ចុប្បន្ន ជា​សម័យ​បច្ចេកវិទ្យា ដែល​មនុស្ស​ជា​ច្រើន​នៅ​លើ​ពិភពលោក​បាន​អភិវឌ្ឍន៍​ជំនួញ​របស់​ខ្លួន តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ដែល​គេ​អាច​ធ្វើ​ជំនួញ​បាន​គ្រប់ពេលវេលា និង​ទីកន្លែង ។ ហើយ​មហាសេដ្ឋី​លើ​ពិភពលោក​មួយ​ចំនួន​ក៏​មានបាន​ដោយសារ​តែ​ការ​ធ្វើ​ជំនួញ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ដែរ ជាក់ស្ដែង Jack Ma មហាសេដ្ឋី​ចិន ក៏​បាន​ក្លាយជា​មហាសេដ្ឋី​ពី​ការ​លក់ទំនិញ​តាម​អន​ឡាញ​នេះ​ដែរ ។

សម្រាប់​នៅ​កម្ពុជា ជំនួញ​អន​ឡាញ​ក៏​ចាប់ផ្ដើម​កក្រើក​ឡើង​នៅ​រយៈពេល​ប្រមាណ​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​នរណា​ៗ​ក៏​អាច​ប្រកប​អាជីវកម្ម​អន​ឡាញ​នេះ​បាន​ដែរ ដោយ​មិន​ចាំបាច់​មាន​ឃ្លាំង ឬ​ផលិតផល​ស្តុក​ទុក​ក្នុង​ឃ្លាំង​ឡើយ ពួក​គេ​មាន​តែ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ជាមួយនឹង​អ៊ី​ន​ធើ​ណេ​ត​ក៏​អាច​ក្លាយជា​អ្នកជំនួញ អន​ឡាញ​បាន​ដែរ ។ លោក​បន្ត​ថា ការ​មិន​មានច្បាប់​ក្នុង​ការ​គ្រប់គ្រង​លើ​អាជីវកម្ម​អន​ឡាញ​នេះ​វា​អំណោយផល​ដល់​ពួក​អ្នក​រកស៊ី​មិន​ស្មោះត្រង់​កឹ​ប​កេង​នានា ដូច្នេះ​ក្នុង​នាម​ជា​អ្នក​ធ្វើ​ជំនួញ អាជីវកម្ម​អន​ឡាញ​នេះ សូម​គាំទ្រ និង​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល ព​ន្លឿ​ន​ធ្វើ​ច្បាប់​នេះ​ឱ្យ​បាន​លឿន​ៗ ហើយ​បើសិនជា​អាច​រួចរាល់​នៅ​ចុងឆ្នាំ ២០១៩​នេះ​វា​កាន់តែ​ល្អ​ប្រសើរ​ទៅ​ទៀត ព្រោះថា​អាជីវកម្ម​នេះ វា​កំពុង​តែ​រីកសាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​បន្ត​ថា​៖ «​បើសិនជា​យើង​នៅ​តែ​មិន​មានច្បាប់​គ្រប់គ្រង​ត្រឹមត្រូវ អ្នករក​ស៊ីក្នុង​វិស័យ​អន​ឡាញ​នឹង​ក្រឡុក​តាម​អំពើ​ចិត្ត ។ មួយវិញទៀត​អាជីវកម្ម​បណ្ដាញ​ទីផ្សារ ដែល​កំពុង​តែ​មាន​សកម្មភាព​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មិន​ទាន់​មានច្បាប់​នេះ​នៅឡើយ​ដែរ ដូច្នេះ​ក៏​សូម​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ព​ន្លឿ​ន​ច្បាប់​នេះ​ឱ្យ​បាន​ឆាប់​ដែរ ដើម្បី​គ្រប់គ្រង​អាជីវកម្ម​ឱ្យ​មាន​លំនឹង ព្រោះ​វិស័យ​បច្ចេកវិទ្យា​នេះ​នឹង​អាច​ជួយ​ដល់​ប្រជាជន និង​រាជរដ្ឋាភិបាល​បាន​ច្រើន​ណាស់ បើសិនជា​មានដំណើរ​ការ​ល្អ​ប្រសើរ​» ។

លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​នេះ ត្រូវ​បាន​ទីស្ដីការគណរដ្ឋមន្ត្រី​អនុម័ត​រួចរាល់​ហើយ កាលពីដើម​ខែកក្កដា ២០១៩​កន្លង​ទៅ​នេះ និង​បាន​ដាក់​ជូន​ទៅ​រដ្ឋសភា ដើម្បី​ពិនិត្យ និង​ធ្វើ​កិច្ចការ​នេះ​បន្ត ។ លោក​បានឱ្យ​ដឹង​ទៀត​ថា​៖ «​យើង​មិន​ទាន់​អាច​ដឹង​ច្បាស់​ថា ច្បាប់​នេះ​នឹង​ចេញ​ជា​ផ្លូវការ​នៅ​ពេល​ណា​ទេ គឺ​រង់ចាំ​រដ្ឋសភា និង​ព្រឹទ្ធសភា ពិនិត្យ​មើល​សិន រួច​ហើយ​ទើប​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដាក់​អោយ​ប្រើប្រាស់​» ។

សូម​រំឭក​ថា ច្បាប់​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​អន​ឡាញ​នៅ​កម្ពុជា មាន​វិធាន​ការពារ​ផលប្រយោជន៍​អ្នក​ធ្វើ​អាជីវកម្ម​តាម​អេ​ឡិច​ត្រូ​និក​ទាំង​ក្នុង និង​ក្រៅប្រទេស ហើយ​វា​ក៏​អាច​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ។ ច្បាប់​នេះ​ដែរ​ក៏​អាច​ភ្ជាប់​ទំនាក់ទំនង​រវាង​សហគ្រិន​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា ទៅ​នឹង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ហើយ​វា​ក៏​អាច​រក​ឱកាស​ទីផ្សារ​សម្រាប់​ផលិតផល​ក្នុងស្រុក​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ទៀត​ផង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អាជីវកម្ម​អន​ឡាញ​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​មាន​សកម្មភាព​មមាញឹក​ខ្លាំង ហើយ​ការ​ទិញ​លក់​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នេះ​ក៏​ត្រូវ​បាន​មើលឃើញ​ថា មាន​កំណើន​ខ្លាំង​គួរសម​ដែរ តែ​ក្នុង​នោះ​ក៏​មាន​បាតុភាព​លក់ដូរ​ជា​រូបភាព​បោក​បញ្ឆោត លក់​ផលិតផល​ដែល​មិន​មានគុណ​ភាព ឬ​ក្លែងក្លាយ ឬ​មួយទៀត​ផ្ញើ​ប្រាក់​ទៅ​ហើយ​តែ​មិន​ផ្ញើ​របស់​មក​វិញ​ជាដើម ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ