FIFA អនុញ្ញាតឱ្យកម្ពុជាលក់សំបុត្រតែ១ប្រកួត ខណៈកន្លែងអង្គុយមិនត្រូវតាមស្តង់ដា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះបានឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ(FIFA)អនុញ្ញាតឱ្យកម្ពុជាលក់សំបុត្រចូលទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់នៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ តែមួយប្រកួតទៀតប៉ុណ្ណោះ ព្រោះថាទីលានប្រកួតបាល់ទាត់កម្ពុជាមិនត្រឹមត្រូវតាមស្តង់ដា ។

លោក ខៀវ សាម៉េត មានប្រសាសន៍ថា ទីលានប្រកួតកីឡាបាល់ទាត់របស់កម្ពុជានៅក្នុងពហុកីឡដ្ឋានជាតិមិនមានលក្ខណៈតាមស្តង់ដាររបស់ FIFA នោះទេ ហើយក៏មិនសមជាកន្លែងលក់សំបុត្រនោះឡើយ ។ កន្លងមក ដោយសារតែមានការស្នើសុំពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបការប្រកួតខាង FIFA អនុញ្ញាតឱ្យលក់សំបុត្របាន ។ ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិបានឱ្យដឹងកាលពីពេលថ្មីៗមកនេះថា កម្ពុជាអាចមានឱកាសលក់សំបុត្រចូលទស្សនាសម្រាប់ការប្រកួតវគ្គជម្រុះ FIFA World Cup 2022 រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិប្រទេសអអ៊ីរ៉ាក់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលាខាងមុខនេះមួយប្រកួតទៀតប៉ុណ្ណោះ ទាល់តែរៀបចំបំពាក់កៅអីត្រឹមត្រូវតាមស្តង់ដាររបស់ FIFA ទើបអាចលក់សំបុត្រវិញបាន ។

បច្ចុប្បន្ន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំពុងស្នើសំទៅខាងសហព័ន្ធកីឡាបាល់ទាត់អន្តរ
ជាតិ ដើម្បីរៀបចំបំពាក់កៅអីនៅកន្លែអង្គុយ ឱ្យត្រឹមត្រូវតាមស្តង់ដាររបស់ FIFA។ លោកបានឱ្យដឹងទៀតថា ក្រោយពីការប្រកួតជាមួយក្រុមអ៊ីរ៉ាក់ចប់ ខណៈការបំពាក់កៅអីនៅកន្លែង
អង្គុយទស្សនាមិនទាន់បាន ប្រហែលជាមិនអាចលក់សំបុត្របានទៀតទេ។

តាមច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ទីលានអង្គុយដែលគ្មានកៅអីអង្គុយសម រម្យគឺមិនអាចលក់សំបុត្របានឡើយ ។ ខាងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិគេយល់ឃើញថា ខ្លាចមានការបន្លំចូលមើលនិងមានភាពរញ៉េរញៃ៉ពេលកំពុងប្រកួត ។ ទីកន្លែអង្គុយទស្សនាការប្រកួតកីឡាបាល់ទាត់ ខាងកន្លែងមានដំបូលបានបំពាក់កៅអីអង្គុយរួចរាល់អស់ហើយ នៅតែ កន្លែងអត់ដំបូលប៉ុណ្ណោះដែលមិនទាន់បានបំពាក់កៅអីអង្គុយ ៕ (កែសម្រួលដោយ ៖ បុប្ផា)


ចែករំលែកព័តមាននេះ