ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​យ៉ាងនេះ !​តើ​អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ​សុវត្ថិភាព​ចំណីអាហារ បើ​ឈ្មួញ​នៅ​តែ​នាំ​ចូល​បែប​នេះ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ដើម្បី​ធានា​ឲ្យ​បាន​សុវត្ថិភាព​ចំណីអាហារ​ជូន​ប្រជាពលរដ្ឋ​មន្ត្រី​សាខា​កាំកុងត្រូល ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា​នេះ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដឹកនាំ​ក្រុមការងារ​បន្ត​ចុះ​ពិនិត្យ​មុខទំនិញ​ជា​ច្រើន​មុខ នៅ​ក្នុង​ផ្សារ​ដូន​ស ស្រុក​ស្វាយ​ជ្រំ…

ខេត្តស្វាយរៀង ៖ ដើម្បី​ធានា​ឲ្យ​បាន​សុវត្ថិភាព​ចំណីអាហារ​ជូន​ប្រជាពលរដ្ឋ​មន្ត្រី​សាខា​កាំកុងត្រូល ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា​នេះ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដឹកនាំ​ក្រុមការងារ​បន្ត​ចុះ​ពិនិត្យ​មុខទំនិញ​ជា​ច្រើន​មុខ នៅ​ក្នុង​ផ្សារ​ដូន​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង បាន​រក​ឃើញ​ចា​ហ៊ួ​យ​ដំណាប់​ដូង «​យីហោ​ថា​ញ់​ប៊ី​ញ​» ដែល​នាំ​ចូល​ពី​វៀតណាម​ជា​ប្រភេទ​ទំនិញ​ហាមឃាត់ គ្មាន​មន្ត្រី​ជំនាញ​នៅ​តាម​ព្រំដែន​ត្រួតពិនិត្យ​និង​ពិនិត្យ​ឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជា​ច្រើន​មុខ​បន្ថែម​ទៀត ដែល​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​មួយ​នេះ ។

បើ​តាម​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក ម៉ក់​ពេ​ជ្ជ​រិ​ទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​កាំកុងត្រូល​ក្នុង​នោះ​កាំកុងត្រូល​ខេត្តស្វាយរៀង តែងតែ​ចុះ​ពិនិត្យ​មុខទំនិញ​បានជា​ច្រើន​លើក ហើយ​ការ​ចុះ​ពិនិត្យ​មុខទំនិញ​នៅ​ថ្ងៃនេះ ក្នុង​គោលបំណង​ធានា​បាន​សុវត្ថិភាព​ម្ហូបអាហារ ព្រោះ​វា​មាន​សារសំខាន់​ចាំបាច់​ណាស់ ក្នុង​សង្គម និង​ជីវភាព​ប្រចាំ​ថ្ងៃ ។

ការ​ទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការ​ទទួលខុសត្រូវ​រួម​គ្នា​ទាំង​ស្ថាប័ន​ជំនាញ​ទាំង​អ្នក​នាំ​ចូល​អ្នក​ផលិត​អ្នក​ចែកចាយ និង​អ្នក​ទាំងអស់​គ្នា ជា​អ្នក​ប្រើប្រាស់​ផង​ដែរ​ព្រោះ​សុខភាព គឺជា​កត្តា​ចំបង​នៃ​ភាព​រស់រាន​នៃ​ជីវិត​របស់​មនុស្ស ។

លោក​ផឹង និល បាន​បញ្ជាក់​ថា ក្រោយ​ធ្វើកា​ពិនិត្យ​មុខទំនិញ​ជា​ច្រើន​មុខ​ក្នុង​ផ្សារ​ដូន​ស​នេះ​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព និង​ហួសកា​បរិច្ឆេទ​ក្នុង​នោះ​បាន​ដកហូត​ដំណាប់​ចា​ហ៊ួ​យ ដូច​ម៉ា​កថា​ញ់​ប៊ី ចំនួន​២៩​កេស ដែល​ជា​ទំនិញ​ហាមឃាត់ និង​តែ​ប៉ៃ​តង​២៤​ដប ទឹកក្រូច cocacola១៣​ដប ,​នំ​ធុង​១​ធុង , ទឹកស៊ីអ៊ីវ​១៧​ដប ,​ទឹកត្រី​មច្ឆា​មាស​១៧​ដប ,​នំ​ចំរុះ​កញ្ចប់​៣១.៥​គីឡូក្រាម ដកហូត​យក​ទៅ​ដុត​កម្ទេច​ចោល ។

ចំណែក​អ្នកលក់​ក៏​បាន​យល់ព្រម​បញ្ឈប់​ការ​ដាក់​លក់ទំនិញ​ដែល​ខូចគុណភាព​ហួសការ​បរិច្ឆេទ​ប្រើប្រាស់ ព្រោះ​ពួក​គេ​ទាំងអស់​គ្នា​បាន​យល់​ដឹង​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ ។

លោក​បាន​បញ្ជាក់​ថា ចា​ហ៊ួ​យ​ដំណាប់​ដូង​ដែល​មាន​ស្លាក​សញ្ញា​ថា​ញ់​ប៊ី​ញ​នេះ ជា​ទំនិញ​ហាមឃាត់ ព្រោះ​វា​បាន​បំផ្លាញ​សុខមាលភាព​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ ជា​ពិសេស​ក្មេង​ៗ​សិស្សសាលា ខណៈ​ដែល​បាន​បរិភោគ​បង្ក​ផល​ប៉ះពាល់​ដល់​ក្រពះ​រលាក​ពោះវៀន និង​រាក​រុស​ជាដើម ព្រោះ​វា​មាន​ជាតិ​រឹង​ដូច​កៅស៊ូ ពិបាក​ក្រពះ​កិន​រំលាយ​អាហារ និង​ឈាន​ទៅ​រក​មហារីក​ក្រពះ ។

លោក​ផឹង និល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ចំណីអាហារ​ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា​កាលបរិច្ឆេទ​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​ទិញ​យក​ទៅ​បរិភោគ ។ ជា​ពិសេស​ចំណីអាហារ​ក្មេង​ៗ​និយម​បរិភោគ​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​បរិភោគ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់​គ្នា ហើយ​មន្ត្រី​កាំកុងត្រូល​នឹង​បន្ត​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ​នានា​នៅ​ក្នុង​ខេត្តស្វាយរៀង​ឲ្យ​បានជា​បន្តបន្ទាប់​បន្ថែម​ទៀត​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ