ល្បិច​សម្រេចចិត្ត​របស់​កំពូល​មហា​សេ​ដ្ឋី​ពិភពលោក


មហាសេដ្ឋី និង​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft គឺ​លោក Bill Gates ចូល​ចិត្ត​ធ្វើការ​សម្រេចចិត្ត​ដែល​មាន​ហានិភ័យ​ខ្ពស់​។ កាលពី​ឆ្នាំ ១៩៧៥ លោក​បាន​សម្រេចចិត្ត​បញ្ឈប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Harvard ដើម្បី​បង្កើត​ក្រុមហ៊ុន Microsoft​។ នៅ​ឆ្នាំ​២០០៨ លោក​ក៏​បាន​សម្រេចចិត្ត​ចាក​ចេញពី Microsoft និង​ទៅ​ធ្វើការ​ពេញ​ម៉ោង​នៅ​មូលនិធិ The Bill & Melinda Gates Foundation វិញ ។

ការ​សម្រេចចិត្ត​ទាំងនោះ​បាន​នាំ​យក​ភាព​ជោគជ័យ​ដល់​លោក​ជា​ពិសេស​នៅ​ឆ្នាំ​២០១៣ ពេល​ដែល​មូលនិធិ​របស់​លោក​ចូលរួម​ថវិកា​៥.៥​ប៊ី​លាន​ដុល្លារ ដើម្បី​ប្រឆាំង​នឹង​ជំងឺ​រោគ​ខួរឆ្អឹងខ្នង ។ ប៉ុន្តែ​តើ​បុគ្គល​ម្នាក់​អាច​ដឹង​ថា ការ​សម្រេចចិត្ត​បែប​ណា​ជា​ការ​សម្រេចចិត្ត​ដែល​ល្អ​សម្រាប់​ពួក​គេ ?

យោង​ទៅ​តាម​ភាពយន្ត​ឯកសារ​មួយ​ដែល​មានឈ្មោះ​ថា Inside Bill’s Brain: DEcoding Bill Gates បាន​ឲ្យ​ដឹង​ថា លោក Gates មិន​ភ័យ​ខ្លាច​ក្នុង​ការ​វិនិយោគ​ពេលវេលា និង​ថវិកា​រលើ​គម្រោង​ដែល​មិន​អាច​ធានា​ថា លោក​អាច​ជោគជ័យ​ឡើយ ។

លោក Gates បាន​សរសេរ​ឆ្លើយ​តប​នឹង​កម្មវិធី​នេះ​ថា កម្មវិធី​នេះ​បាន​ធ្វើ​ឲ្យ​លោក​គិត​ពី​និយម​ន័យ​នៃ​ពាក្យ​ថា​ហានិភ័យ ។ លោក​បាន​បន្ត​ថា មិន​ថា​ពួក​លោក​វិនិយោគ​១០​ម៉ឺន​ដុល្លារ ឬ​១០០​លាន​ដុល្លារ​ទេ ការ​សម្រេចចិត្ត​របស់​លោក​តែងតែ​ត្រូវ​បាន​ឆ្លងកាត់​ការ​គិតគូ​វាយតម្លៃ និង​ការ​ពិភាក្សា​ជាមួយនឹង​អ្នកជំនាញ​ច្បាស់លាស់ ។

ប៉ុន្តែ​លោក​បាន​បន្ថែម​ថា មិន​ថា​មនុស្ស​ម្នាក់​គិត​វាយតម្លៃ​ច្រើន​ប៉ុណ្ណា​ទេ អ្វី​ដែល​សំខាន់ គឺ​ពួក​គេ​ត្រូវ​តែ​មិន​ភ័យ​ខ្លាច​ភាព​មិន​ប្រាកដប្រជា ។ គន្លឹះ​ក្នុង​ការ​មិន​ភ័យ​ខ្លាច​ពី​ភាព​មិន​ប្រា​ដក​ប្រជា​ដែល​លោក Gates អនុវត្ត គឺ​ការ​បន្ត​រៀនសូត្រ និង​មាន​ភាព​បើក​ទូលាយ​សម្រាប់​យុទ្ធសាស្ត្រ​ថ្មី​ៗ​ដែល​អាច​ជួយ​ឲ្យ​លោក​ខិត​ជិត​គោលដៅ​លោក​បាន​។

ប្រាកដ​ណាស់ ការ​មិន​ភ័យ​ខ្លាច​ហានិភ័យ គឺ​សំខាន់ ប៉ុន្តែ​លោក Gates បាន​កត់សម្គាល់​កត្តា​សំខាន់​មួយទៀត​នោះ គឺ​ការ​សម្រេចចិត្ត​ដោយ​យោង​តាម​គំរូ​ច្បាស់លាស់​មិនមែន​តាម​អារម្មណ៍​ទេ ។ ឧទាហរណ៍​ដូច​ជា គម្រោង​ប្រឆាំង​នឹង​ជំងឺ​រោគ​ខួរឆ្អឹងខ្នង គឺ​យោង​តាម​គំរូ​នៃ​ជំងឺ​អុតតូច ដែល​មនុស្ស​បាន​កម្ចាត់​វា​ទាំងស្រុង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ