រន្ធត់ទាំង​ព្រឹក! ឡានដឹកដីពន្លះមួយគ្រួ​សារ​​ផ្ទប់ឡានដឹក​អេស្កាវ៉ាទ័រ (មានវីដេអូ)


រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​បឋមបាន​ឱ្យ​ដឹង​ថា យ៉ាង​ហោចណាស់​មួយ​គ្រួសារ​​មានគ្នា​​៤នាក់បាន​រង​របួសធ្ងន់ ​ក្នុងគ្រោះថ្នាក់ចរាចរណ៍​រវាង​​រថយន្ត​ដឹកដីមួយគ្រឿង​បើកបោះពួយបុកម៉ូតូ​​ជនរងគ្រោះ​ផ្ទប់​ជាមួយ​រថយន្ត​មួយគ្រឿងទៀត​មានដឹកអេស្កាវ៉ាទ័រ ក្នុងទិសដៅស្របគ្នា បណ្តាលឱ្យ​ក្រពឹតកៀបជាប់គ្នា ។

គ្រោះថ្នាក់​ដ៏រន្ធត់ខាងលើនេះបានកើតឡើង​កាលពីវេលាម៉ោង​ប្រមាណ​៨​និង​​​៤០នាទីព្រឹកថ្ងៃទី​៦ តុលា ឆ្នាំ​២០១៩ ​ក្បែរវិមានឈ្នះឈ្នះ ត្រង់​ចំណុចរង្វង់មូលមហាវិថីឈ្នះឈ្នះ​ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។

រថយន្តទាំង២គ្រឿង​ខាងលើ ក្នុង​នោះ​​រថយន្តដឹកដីមួយគ្រឿងម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ៣D-៣៣៥១ អ្នកបើកបរ​មិនស្គាល់អត្ត​សញ្ញាណ បានរត់គេចខ្លួនបាត់ ។ ចំណែក​រថយន្ត​មួយគ្រឿងទៀត​មាន​ដឹកអេស្កាវ៉ាទ័រ ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ៣D-៧៩៧២ អ្នកបើកបរ​មិនស្គាល់អត្ត​សញ្ញាណ ​ជារបស់​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន ។

ចំណែក​ម៉ូតូ​​មួយគ្រឿង​ជិះគ្នា​៤នាក់ ម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ១BK-២១៣២ បើកបរដោយ​បុរសជា​ប្តី​ឈ្មោះ ពុធ សុធារ៉ា អាយុ៣៦ឆ្នាំ ជាបុគ្គលិកសណ្ឋាគារសុខា បានរងរបួសធ្ងន់ ​និងអ្នករួម​ដំណើរ​ចំនួន​​៣នាក់ទៀតដែលរង​របួសធ្ងន់​ ក្នុងនោះ ១-ស្ត្រីជា​ប្រពន្ធ​ឈ្មោះតេង រតនា អាយុ​​២៦​ឆ្នាំ ជាបុគ្គលិកសណ្ឋាគារសុខា ២-ឈ្មោះ ម៉ាន ស៊ីណារ៉ាក់ ភេទប្រុស អាយុ​៧​ឆ្នាំ ត្រូវជា​កូន និង​៣-ឈ្មោះពុធ សុលីហ្សា ភេទស្រី អាយុ៦ឆ្នាំ ត្រូវជា​កូន ។ គ្រួសារ​ជនរងគ្រោះរស់នៅ​ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា មុនពេលកើតហេតុ គេឃើញ​រថយន្តទាំង​២គ្រឿង​ខាងលើ រួមទាំង​ម៉ូតូមួយគ្រឿង​ជិះគ្នា​​៤នាក់​ផងនោះ​បាន​ធ្វើដំណើរ​ស្របទិសគ្នា ក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយមហាវិថីឈ្នះឈ្នះ លុះមកដល់ចំណុចកើតហេតុ​ខាងលើ​ ដោយសារ​ឃើញថាជាផ្លូវកោងរង្វង់មូល ទើប​រថយន្ត​​ដឹកអេស្កាវ៉ាទ័រ ក៏​បន្ថយល្បឿន ​ដើម្បី​ឱ្យ​ម៉ូតូរបស់ជនរងគ្រោះធ្វើ​ដំណើរ ស្រាប់តែពេលនោះ​រថយន្ត​ដឹកដី​​បានបុកម៉ូតូជនរងគ្រោះ​ផ្ទប់ជាមួយ​រថយន្ត​ដឹកអេស្កាវ៉ាទ័រ បណ្តាល​ឱ្យក្រពឹតកៀបជាប់គ្នា​ ហើយម៉ូតូ​របស់ជនរងគ្រោះ​រួញខ្ទេចស្ទើរតែដាច់ជាពីរកំណាត់ទៅហើយ ។

​ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង​៤នាក់​ដែលរង​របួសធ្ងន់​ខាងលើ​ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត និង​មន្ទីរពេទ្យគន្ធបុប្ផា ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ