រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា គ្រឿងញៀនជិត៤០គីឡូក្រាម ត្រូវនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាននៅក្នុងបន្ទប់ខុនដូមួយកន្លែង កាលពីយប់ថ្ងៃទី២ ខែតុលា និងចាប់ឃាត់ខ្លួនជនជាតិចិនម្នាក់ដែលសម្ងំលាក់ខ្លួនជួញគ្រឿងញៀន ។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រោមការដឹកនាំរបស់នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី២ ខែតុលា កម្លាំងសមត្ថកិច្ចជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ផល្លា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ត្រី សេង ឃុនណាង នាយការិយាល័យទី១១ បានចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀនមួយករណី នៅចំណុចខុនដូមួយកន្លែងជាន់ទី២៩ បន្ទប់លេខ១៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
លោក ឡឹក វណ្ណៈ បន្តថា ជាលទ្ធផលសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិនឈ្មោះ Yun Lianfu ភេទប្រុស អាយុ៥១ឆ្នាំ និងចាប់យកវត្ថុតាងថ្នាំញៀនចំនួន៣៩កញ្ចប់ធំ ដែលមានទម្ងន់៣៩គីឡូក្រាម ។ ជាមួយនេះ កម្លាំងសមត្ថកិច្ចក៏កំពុងបន្តតាមចាប់ខ្លួនមុខសញ្ញាម្នាក់ជាម្ចាស់ថ្នាំញៀនដែលនាំយកមកលក់ និងប្រគល់ឲ្យជនជាតិចិនរូបនេះ ។ ជនសង្ស័យជាជនជាតិចិននិងថ្នាំញៀនជិត៤០គីឡូក្រាមនេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។

ជនជាតិឡាវម្នាកនាំថ្នាំញៀនជិត3គ.ក្រចូលកម្ពុជា
ខេត្តស្ទឹងត្រែង ៖ ថ្នាំញៀនឆ្លងដែនពីប្រទេសឡាវចូលមកកម្ពុជាជិត៣គីឡូក្រាម រួមនិងបុរសជនជាតិឡាវ ជាអ្នកនាំចូលត្រូវកម្លាំងនគរបាលស្ទាក់ចាប់ និងរឹបអូសវត្ថុតាង ហើយបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។
នគរបាលព្រំដែនអន្តរជាតិត្រពាំងគ្រៀលបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបលើករណីគ្រឿងញៀន កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២ តុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ7A ប៉ុស្តិ៍ព្រំដែនចាស់ ចម្ងាយ៤គីឡូម៉ែត្រនៃច្រកអន្តរជាតិត្រពាំងគ្រៀលកម្ពុជា-ឡាវ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

ការបង្ក្រាបនេះ ធ្វើឡើងដោយមានកម្លាំងសហការរវាងកម្លាំងនគរបាលព្រំដែន(BLO) នគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន«ក៩» និងកម្លាំងរបស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។
លោក ចែម ផានិត នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សា វី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិឡាវ ជាកសិករ រស់នៅភូមិឡាក់ សៅ ស្រុកខាំកឺប ខេត្តបូលីខាំសៃ ប្រទេសឡាវ រឹបអូសវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនអាយ ចំនួន៣កញ្ចប់ធំ មានទម្ងន់២៩៩០ក្រាម គឺជិត៣គីឡូក្រាម ទូរស័ព្វ២គ្រឿង និងអត្តសញ្ញាណប័ណ្ណឡាវ១សន្លឹក ។ លោកនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី៣ ខែតុលា សមត្ថកិច្ចកំពុងសួរចម្លើយនិងកសាងសំណុំរឿងទាំងមនុស្ស និងវត្ថុតាងបញ្ជូនទៅតុលាការ ។

រឹបអូសគ្រឿងញៀន៣ដុំធំនៅក្បែរព្រំដែនឡាវ
ខេត្តស្ទឹងត្រែង ៖ ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត លោក ចែម ផានិត បានឱ្យដឹងថា បុរសជនជាតិឡាវម្នាក់បានត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី២ ខែតុលា វេលាម៉ោង១៩និង៣០នាទី ខណៈនាំយកគ្រឿងញៀនចេញពីប្រទេសឡាវឆ្លងដែនចូលមកដោះដូរនៅក្នុងទឹកដីកម្ពុជា ។
ការបង្ក្រាបការជួញដូរគ្រឿងញៀននេះកម្លាំងប្រតិបត្តិការរួមមាន កម្លាំងការិយាល័យ«ក៩»នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កម្លាំងBLOប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល និងកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនខេត្ត ។

ការបង្ក្រាបទ្រង់ទ្រាយធំនេះ កម្លាំងសហការបានចាប់ខ្លួនបុរសជនជាតិឡាវម្នាក់នៅចំណុចប៉ុស្តិ៍ព្រំដែនចាស់ ចម្ងាយប្រមាណ៤គីឡូម៉ែត្រពីច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលកម្ពុជា-ឡាវ ស្ថិតក្នុងភូមិអូរស្វាយ
ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដោយដកហូតបានគ្រឿងញៀនជិត៣គីឡូក្រាម ។ ក្រោយការបង្ក្រាបនិងចាប់ខ្លួនជនជាតិឡាវខាងលើ នគរបាលបានបង្ហាញមុខជនសង្ស័យ ព្រមទាំងថ្លឹងវត្ថុតាងដែលដកហូតបបាននៅព្រឹកថ្ងៃទី៣ ខែតុលា មុននឹងបញ្ជូនទៅសាលាដំបូង ។
ជនសង្ស័យឈ្មោះ សាវី ភេទប្រុស អាយុ៣៩ឆ្នាំ ជាកសិករ រស់នៅភូមិឡាក់សៅ ស្រុក ខាំកឺប ខេត្តបូលីខាំសៃ ប្រទេសឡាវ។ បន្ទាប់ពីចាប់បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកម្លាំងជំនាញបានធ្វើតេស្តលើវត្ថុតាងចំពោះមុខជនសង្ស័យ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូង ។
ជាក់ស្តែង វត្ថុតាងដែលរឹបអូសជាប្រភេទមេតំហ្វេតាមីនម្សៅក្រាម ពណ៌សថ្លា មានទម្ងន់សរុប២.៩៩០ក្រាម(ជិត៣គីឡូក្រាម) ។ ជនជាតិឡាវរូបនេះ កំពុងស្ថិតក្រោមការសាកសួរពីសមត្ថកិច្ចនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ