ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​វិហារ​អាយុកាល​ជាង​១០០​ឆ្នាំ ប្រឈម​​នឹង​បាក់​ធ្លាក់​ចូល​ទន្លេមេគង្គ (វីដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣០ កញ្ញា និង​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១៩​នេះ ទឹកទន្លេ​មេគង្គ​បាន​ស្រក និង​បាន​ធ្វើ​ឲ្យ​សសរ​ព្រះ​វិហារ​ដែល​មាន​អាយុ​កាល​ជាង​១០០​ឆ្នាំ…

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣០ កញ្ញា និង​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១៩​នេះ ទឹកទន្លេ​មេគង្គ​បាន​ស្រក និង​បាន​ធ្វើ​ឲ្យ​សសរ​ព្រះ​វិហារ​ដែល​មាន​អាយុ​កាល​ជាង​១០០​ឆ្នាំ ក្នុង​បរិវេណ​វត្ត​ធម្មយុត្តិ​ចុង​កោះ ស្ថិត​នៅ​ភូមិ​ទី​៩ ឃុំ​កោះសូទិន ស្រុក​កោះ​សូទិន នោះ បាន​បាក់​បេតុង​ចំនួន​២​ដើម​ចូល​ទៅ​ក្នុង​ទឹកទន្លេ​មេគង្គ ហើយ​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត និង​អាជ្ញាធរ​មូលដ្ឋាន​នាំ​គ្នា​សោកស្តាយ​គ្រប់​ៗ​គ្នា និង​ព្រួយបារម្ភ​ខ្លាច​បាក់​ព្រះ​វិហារ​ចូល​ទឹក​ទាំងមូល​ទៀត​ផង​ដែរ​។

បើ​តាម​ព្រះ​តេជគុណ ជឹ​ម ចន្ទ​ថុ​នា ចៅអធិការ​វត្តមាន​សង្ឃដីកា​ឲ្យ​ដឹង​ថា ក្នុង​រដូវប្រាំង​កន្លង​ទៅ ច្រាំង​ទន្លេ​នៅ​ក្រោយ​ព្រះ​វិហារ​បុ​រណ​មាន​ចំងាយ​ប្រមាណ​ជាង​១០​ម៉ែត្រ ដោយ​មាន​ក្តី​ព្រួយបារម្ភ និង​ពុទ្ធបរិស័ទ​ខ្លាច​បាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​មេគង្គ ក៏​បាន​ស្នើ​សុំ​មក​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ដើម្បី​លើក​សំណើរ​សុំ​រុះរើ​ជៀសវាង​កុំ​ឲ្យ​បាក់បែក​ខូចខាត ។ ស្រប​ពេល​ដែល​ទឹកទន្លេ​ឡើង​មក​ក្នុង​រដូវវស្សា​ឆ្នាំ​២០១៩ ប្រហែល​១​ខែ​មុន​នេះ បាន​បាក់​យក​ចេ​តី​យ​របស់​លោកយាយ ម៉​ម នូ នៅ​ជិត​ព្រះ​វិហារ​ដែល កសាង​ក្នុង​អំឡុង​ឆ្នាំ​១៨៨៥ ត្រូវ​បាន​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​បាត់ ។

ព្រះ​ចៅអធិការ​វត្ត​ចុង​កោះមាន​សង្ឃ​កា​បន្ត​ថា លុះ​ព្រឹក​ថ្ងែ​ទី​៣០ កញ្ញា ទឹកទន្លេ​បាន​ស្រក ស្រាប់​តែ​បាក់​ច្រាំង​ដោយ​នាំ​យក​សសរ​បេតុង​ព្រះ​វិហារ​ចំនួន​២​ដើម​ចូល​ក្នុង​ទន្លេ​ទៀត ដូច្នេះ​ព្រះ​អង្គ ក៏​ដូច​ជា​ពុទ្ធិ​បរិស័ទ​ចំណុះ​ជើងវត្ត​មានការ​សោកស្តាយ​ជា​ខ្លាំង​ដែល​ព្រះ​វិហារ​មាន​អាយុកាល​ជាង​១០០​ឆ្នាំ​ត្រូវ​បាន​ខាង​មន្ទីរ​វប្បធម៌​ខេត្ត​ចាត់ទុកជា​សម្បត្តិ​វប្បធម៌​ជាតិ ត្រូវ​បាន​បាក់​ចូល​ទន្លេ ក្រោយ​​ពី​សំណើរ​សុំ​រុះរើ​ហាក់ដូចជា​មាន​ភាពយឺត​យាវ​។ ហើយ​ការ​រុះរើ​ដំបូល​ក្បឿង​បាន​មួយ​ចំនួន ក៏​ត្រូវ​មន្ទីរ​វប្បធម៌​ខេត្ត​មក​ឃាត់​មិន​ឲ្យ​រុះរើ​បន្ត​ទៀត រហូត​ដល់​ទឹក​ឡើង​មក​ធ្វើ​ឲ្យ​បាក់​សសរ​អស់​២​ដើម ទើប​ឲ្យ​រុះរើ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ហ៊ាន​ឡើង​រុះ​ក្បឿង​ទេ ព្រោះ​ខ្លាច​បាក់​បង្ក​គ្រោះ​ថ្នាក់​​ដល់​មនុស្ស ។

ព្រះ​ចៅអធិការ​មាន​សង្ឃដីកា​បន្ត​ទៀត​ថា ទាំង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត បាន​នាំ​គ្នា​រុះ​មេន​នៅ​ជាប់​នឹង​ព្រះ​វិហារ និង​របស់របរ​មួយ​ចំនួន ក្នុង​នោះ​មាន​ទ្វារ និង​បង្អួច​ឈើ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១ តុលា ក៏​បន្តសកម្មភាព ដោយ​ប្រជាជន​មាន​ភាព​ផុលផុស​ក្នុង​ការ​ជួយ​ជា​កម្លាំង​ដល់​វត្ត ។

ព្រះ​ចៅអធិការ​វត្ត​ក៏​សូម​អំពាវនាវ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន សូម​មេត្តា​ជួយ​សង្គ្រោះ​វត្ត​ចុង​កោះ​នេះ​ផង ដោយ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​បាក់​ច្រាំង​បន្ត​ទៀត ព្រោះថា​វត្ត​នេះ​បាន​ចាប់ផ្តើម​កសាង​រហូត​មក​ដល់​សព្វថ្ងៃ​មាន​អាយុកាល​ជិត​២០០​ឆ្នាំ​ហើយ ។

បើ​តាម​អ្នកស្រី​មេឃុំ​កោះសូទិន បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន​ពិតជា​មានការ​សោក​ស្តាយ​ចំពោះ​ព្រះ​វិហារ​មាន​អាយុកាល​ចូល​ដល់​ជាង​១០០​ឆ្នាំ ត្រូវ​បាន​ច្រាំង​បាក់​យក​សសរ​អស់​ចំនួន​០២​ដើម​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ ទើប​នៅ​ព្រឹក​ថ្ងែ​ទី​១ តុលា ក៏​បាន​ជិះទូក​ឆ្លង​មក​មើល​។ ហើយ​ប្រសិនបើ​ទឹក​ស្រក​ក្នុង​ពេល​ខាង​មុខ មិន​បាក់​បន្ត​ទៀត​នោះ និង​ចាត់ចែង​ឲ្យ​គណៈកម្មការ​វត្ត​វត្ត​រុះរើ​យក​សសរឈើ​ចំនួន​១០​ដើម​សុទ្ធ​ល្អ​ៗ ហើយ​ក្លឹ​ម​ជា​ប្រភេទ​​ឈើ​កកោះ ដើម្បី​ទុក​ធ្វើ​អ្វី​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ