រាជធានីភ្នំពេញ ៖ ស្ថាប័នកំពូលរបស់ជាតិធំចំនួនពីរ គឺស្ថាប័ន រដ្ឋសភា និងព្រឹទ្ធសភាបានចេញសេចក្តីថ្លែងការណ៍ របស់ខ្លួនប្រតិកម្មទៅនឹងលិខិតរបស់ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានថ្វាយព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី កាលពីថ្ងៃទី២ មេសា កន្លងមកថា ធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ន ព្រះមហាក្សក្រ និងរដ្ឋសភា។
តាមសេចក្តីថ្លែងការណ៍របស់រដ្ឋសភាដែលកោះសន្តិភាពទទួលបានលើកឡើងថា រដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា ចាត់ទុកលិខិតរបស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២ មេសា ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ជាលិខិតប្រកបដោយពុតត្បុត ពិសពុល ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នកំពូលរបស់ជាតិពីរ ព្រះរាជបល្ល័ង្គ និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយមិនអាចអត់ឱនឲ្យបានឡើយ។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បានកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទំាងអស់ តាមរយៈការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងជាសម្ងាត់ ហើយមានភាពរលូនគ្មានអំពើហិង្សា។
សេចក្តីថ្លែងការណ៍ដដែលបានលើកឡើងទៀតថា រដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា នីតិកាលទី៥ បានដំណើរការរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា ហើយមាននីត្យានុកូលភាពពេញលេញក្នុងការអនុវត្តការងារ។ ទំាងមុនពេលបោះឆ្នោត ទំាងក្នុងពេលបោះឆ្នោត និងទំាងក្រោយបោះឆ្នោត ថ្នាក់ដឹកនំារបស់គណបក្សសង្គ្រោះជាតិបានប្រកាសថា ចូលរួមការបោះឆ្នោត តែមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតទេ ។
សេចតីថ្លែងការណ៍បញ្ជាក់ថា គណបក្សសង្គ្រោះជាតិជ្រើសរើសយកផ្លូវបាតុកម្មអហិង្សា ធ្វើឲ្យមានអស្ថិរភាពសង្គម បង្កើតភាពច្របូកច្របល់ ប្រជាពលរដ្ឋមានការភិតភ័យ និងរស់មិនបានសុខ ធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិសាធារណៈ និងឯកជន ព្រមទំាងបង្កើតនូវការប្រកាន់ពូជសាសន៍ ដែលសកលលោកទំាងមូលបានថ្កោលទោស។ គណបក្សសង្គ្រោះជាតិបានបោះបង់ចោលតួនាទី និងភារកិច្ចដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតប្រគល់ឲ្យ ។នេះគឺជាសកម្មភាពផ្ទុយនឹងឆន្ទៈប្រជារាស្ត្រ និងផ្ទុយពីការអនុវត្តលិទ្ធប្រជាធិបតេយ្យ។
ចំណែកសេចក្តីថ្លៃការណ៍របស់ព្រឹទ្ធសភាចុះថ្ងៃទី៥ មេសា វិញ បានលើកឡើងថា និងប្រកាសថា គំាទ្រទំាងស្រុងនូវព្រះរាជសាររបស់ព្រះមហាក្សត្រចុះថ្ងៃទី១ មេសា ក្នុងការបើកសម័យប្រជុំលើកទី២ នីតិកាលទី៥។ ព្រមទំាងប្រកាសថ្កោលទោសចំពោះលិខិតចុះថ្ងៃទី២ មេសា របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថា មានចរិករំលោភលើអង្គព្រះមហាក្សត្រ និងបំពានលើឆន្ទៈប្រជាពលរដ្ឋខ្មែរ។
សេចក្តីថ្លែងការណ៍ដដែលបានបន្តលើកទៀតថា ក្នុងរដ្ឋធម្មនុញ្ញត្រង់មាត្រា៧ បានចែងថា «ព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ»។ ជាពិសេសមាត្រា១៨ ថ្មី បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភា ដោយព្រះរាជសារ ហើយព្រះរាជសារនេះ ព្រឹទ្ធសភា និងរដ្ឋសភា មិនអាចយកទៅជជែកពិភាក្សាឡើយ»។ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ មិនគ្រាន់តែមិនចូលរួមសម័យប្រជុំដំបូងរដ្ឋសភា តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រប៉ុណ្ណោះទេ តែថែមទាំងបន្តធ្វើពហិការឥតឈប់ឈរ ដើម្បីរារំាងប្រក្រតីនៃដំណើរការរបស់រដ្ឋសភានីតិទី៥។
ចែករំលែកព័តមាននេះ