រាជធានីភ្នំពេញ៖ លំនៅដ្ឋានប្រជាពលរដ្ឋមួយកន្លែងស្ថិតក្នុងអតីតសាលាសង្កាត់បឹងកក់១ ដែលកំពុងមានរឿងចម្រូងចម្រាសជាមួយក្រុមហ៊ុនទទួលបានសិទ្ឋិដោះដូរ ត្រូវបានមនុស្សមួយក្រុមមានគ្នាជាង១០នាក់ បានឆ្មក់ចូលទៅក្នុងផ្ទះវាយកម្ទេចចាន ឆ្នាំង និងសម្ភារមួយចំនួនទៀត ខណៈពេលម្ចាស់ផ្ទះកំពុងលក់បាយ ។
ហេតុការណ៏នេះ បានកើតឡើងនៅម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៦ មេសា ២០១៤ នៅចំណុចផ្ទះលេខ ១៨ អតីតសាលាសង្កាត់បឹងកក់១ ផ្លូវលេខ៥២៨ កែងផ្លូវលេខ២៨៩ ខណ្ឌទួលគោក ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងហេតុការណ៏នេះ ក៏មានស្រ្តីចំណាស់ម្នាក់បានដួលសន្លប់ ក្រោយមានការប្រតាយប្រតប់គ្នាជាមួយជនមួយក្រុមខាងលើនេះ ។ ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ ស៊ា ខេង អាយុ៦២ឆ្នាំ និង ប្រពន្ឋឈ្មោះ ម៉ក់ សៀវហុង អាយុ៥១ឆ្នាំ (ស្រ្តីដែលសន្លប់) ។
គួរបញ្ជាក់ថា នេះជាករណីទី៣ហើយ ដែលមានមនុស្សទៅធ្វើបាបក្រុមគ្រួសារខាងលើ ដែលលើកទី១គឺស្រ្តីចំណាស់ឈ្មោះ ម៉ក់ សៀវហ្វុង បានត្រូវគេវាយ២ញញួរ ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវ និង លើកទី២ មានមនុស្សយកសត្វពស់វែក ទៅដាក់ចូលក្នុងផ្ទះ ក្នុងចេតនាធ្វើឃាត ។
ក្នុងហេតុការណ៏ទំាង៣ខាងលើនេះដែរ ត្រូវបានគេដាក់ការសង្ស័យលើក្រុមកម្មកររបស់ក្រុមហ៊ុនមួយដែលទទួលបានសិទ្ឋិអភិវឌ្ឍ៏នៅលើទីតំាងអតីតសាលាសង្កាត់បឹងកក់១ ។
យ៉ាងណាក៏ដោយនៅព្រឹកថ្ងៃទី០៦ មេសា ២០១៤នេះ កោះសន្តិភាពនៅមិនទាន់អាចរកការសុំអត្ថាធិប្បាយបានភ្លាមៗនៅឡើយទេពីតំណាងក្រុមហ៊ុន ។
សូមបញ្ជាក់ថា ទីតំាងអតីតសាលាសង្កាត់បឹងកក់១ គឺមានប្រជាពលរដ្ឋរស់នៅចំនួន៧គ្រួសារ ប៉ុន្តែ៤គ្រួសារបានទទួលយកការដោះដូរ ចំណែក៣គ្រួសារទៀតមិនទទួលយកក្នុងនោះក៏មានម្ចាស់ផ្ទះរងគ្រោះខាងលើនេះផងដែរ ៕
ចែករំលែកព័តមាននេះ