ខេត្តបន្ទាយមានជ័យ ៖ អាងត្រពាំងថ្មមិនត្រឹមតែជាតំបន់ទេសចរណ៍នោះទេ គឺជាកន្លែងអភិរក្សសត្វដែលកម្រមានផងដែរ ហើយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សង្កេតឃើញអ្នកទៅលេងក្នុងមួយថ្ងៃមានជាង៥.០០០នាក់ ដែលទីតាំងស្ថិតក្នុងស្រុកភ្នំស្រុក ។

លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក បានប្រាប់ថ្ងៃទី២៩ កញ្ញា ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៩នេះ នៅអាងត្រពាំងថ្មស្រុកភ្នំស្រុកឃើញមានភ្ញៀវទេសចរមកលេងកំសាន្តក្នុង១ថ្ងៃមានប្រមាណជាង៥.០០០នាក់ គឺមានការកើនឡើង បើប្រៀបធៀបឆ្នាំ២០១៨ មានត្រឹមតែជាង៣.០០០នាក់ទេ ។

លោកបញ្ជាក់ថា ភ្ញៀវជាតិមកកំសាន្តដូចជាមកលេងទឹក និងជិះកាណូតទៅមើលទេសភាពកណ្តាល
អាងនិងអង្គុយលេងមើលទេសភាពហូបបាយលក្ខណៈគ្រួសារនៅតាមមាត់អាងត្រពាំងថ្ម ។ លោក យឹម សំណាង បានបញ្ជាក់ទៀតថា អាងត្រពាំងថ្មស្រុកភ្នំស្រុក នៅមានផ្ទៃអាងបណ្តោយប្រវែងជាង១៤គីឡូ ម៉ែត្រ និងទទឹងជាង១០គីឡូម៉ែត្រ និងផ្ទៃទឹកឆ្នាំ២០១៩នេះ មានប្រមាណ១៨០លានម៉ែត្រគីប ដែលផ្ទៃទឹកមានច្រើនជាងឆ្នាំ២០១៨កន្លង ។ ដោយឆ្នាំនេះ ស្រុកភ្នំស្រុករងការលិចលង់ដោយទឹកជំនន់ធ្លាក់ពីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ បណ្តាលប៉ះពាល់ឃុំមួយចំនួននិងលិចកសិផលមានស្រែនិងចំការនិងលិចផ្លូវមួយចំនួន។

លោកបានបញ្ជាក់ថា អាងត្រពាំងថ្មក្រៅពីតំបន់ទេសចរណ៍ គឺជាតំបន់អភិរក្សសត្វដែលកម្រក្នុងលោកដែលរស់នៅតំបន់នេះ មានសត្វស្លាបជាច្រើនប្រភេទដូចសត្វដែលកម្រមានសត្វគ្រាលក្បាលក្រហម ដែលរស់នៅអភិរក្សដោយមន្ត្រីជំនាញដែលកំពុងការពារថែរក្សាទុក ។





ចែករំលែកព័តមាននេះ