រាជធានីភ្នំពេញ ៖ តារាសម្តែងមានឈ្មោះល្បីល្បាញក្នុងពិភពសិល្បៈ តាំងពីវ័យជំទង់អ្នកនាងសឿ សុធារ៉ា ភរិយាតារាចម្រៀងសាពូន មីដាដា កំពុងតែមានវិបត្តិក្នុងក្រុមគ្រួសារធ្ងន់ធ្ងរ ដោយសារបងប្រុសបង្កើតរបស់នាងទទួលមរណភាពដោយជំងឺគាំងបេះដូងនៅក្នុងផ្ទះសំអាងការរបស់នាងក្បែរផ្សារទួលទំពូង និងធ្វើឱ្យមានការភ្ញាក់ផ្អើលពេញពិភពសិល្បៈ និងមជ្ឈដ្ឋានមហាជនសម្តែងការសោកស្តាយនិងក្តីក្តុកក្តួលគ្រប់គ្នា។
បងប្រុសរបស់អ្នកនាងសឿ សុធារ៉ា មានឈ្មោះសឿ រ៉ាវុធហៅរាលុច អាយុ៣៦ឆ្នាំ បានទទួលមរណភាពដោយជំងឺគាំងបេះដូង កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣ មេសា នៅហាងសំអាងការសឿសុធារ៉ា មានទីតាំងនៅខាងត្បូងវិទ្យាល័យទួលទំពូង។
មរណភាពបងប្រុសរបស់សឿ សុធារ៉ានេះបានធ្វើឲ្យអ្នកស្គាល់នាងសោកស្តាយជាខ្លាំង ពិសេសក្រុមគ្រួសារសាច់ញាតិរបស់នាងដែលបាត់បង់សមាជិកម្នាក់ ដែលមានតួនាទីសំខាន់ក្នុងគ្រួសារម្នាក់ដែរនោះ។
ថ្លែងទាំងទឹកមុខស្រងូតស្រងាត់អ្នកនាងសឿ សុធារ៉ា បានឱ្យដឹងថា នាងសោកស្តាយណាស់ពេលដែលបាត់បង់បងប្រុសដ៏ល្អ និងតែងជួយការពារនាងក្នុងការដើរទៅណាមកណាសម្តែងសិល្បៈ និងជាអ្នកជម្រុញឲ្យនាងមានឱកាសចូលសម្តែងសិល្បៈតាំងពីវ័យជំទង់មកគឺមានតែរូបគាត់នេះហើយដែលត្រួសត្រាយផ្លូវដល់នាងលើវិថីសិល្បៈ។ នាងពិតជាស្រឡាំងកាំងណាស់ ព្រោះថ្ងៃកើតហេតុបងរបស់នាងមានវត្តមាននៅក្នុងផ្ទះដែរ តែអ្វីគឺហួសពេលបាត់ទៅហើយដោយម្នាក់ៗមិនអស់ចិត្តក៏ត្រកងគាត់ទៅពេទ្យសង្គ្រោះដែរតែមិនអាចស្រោចស្រង់បាន។
ចែករំលែកព័តមាននេះ