ខេត្តឧត្តរមានជ័យ ៖ ដីដុះមានសណ្ឋានដូចជាកូនប្រាសាទនៅឯណោះមួយ ឯណោះមួយជាលក្ខណៈធម្មជាតិដ៏ប្រណីតគួរឱ្យចង់គយគន់ ។ ទីដែលគួរឱ្យចង់ទៅកម្សាន្ត តែពុំមានការរៀបចំជារមណីយដ្ឋាននេះឈ្មោះរលុះធំ ស្ថិតនៅក្បែរជើងភ្នំដងរែកនៃខេត្តឧត្តរមានជ័យ ។ តំបន់រលុះធំមានផ្ទៃដី១.០០០ហិកតា ស្ថិតនៅក្នុងភូមិខ្នាចឫស្សី សង្កាត់កូនក្រៀល ក្រុងសំរោង ។
ចាស់ទុំនៅតំបន់រលុះធំ រៀបរាប់ឱ្យដឹងកាលពីពេល ថ្មីៗនេះថា ចាប់តាំងពីពួកគាត់ដឹងក្តីមក បានឃើញតំបន់នោះមានសោភ័ណភាពធម្មជាតិស្រស់បំព្រង ។ នៅរដូវដើមឈើតូចធំចេញផ្កា ម្តងៗផ្កាចម្រុះពណ៌បង្អួតគ្នា ប្រកបដោយសោភ័ណភាពគួរឱ្យចង់គយគន់ ។ លើសពីនេះនៅតំបន់រលុះធំ មានដីដុះលក្ខណៈធម្មជាតិទ្រង់ទ្រាយដូចជាកូនប្រាសាទ ។ ដីដុះនោះមាននៅឯណោះមួយ ឯណោះមួយ ។
ដីដុះទាំងនោះគួរឱ្យឆ្ងល់ណាស់ វាមិនរលាយ ឬ ហូរច្រោះបាត់រូបរាងនៅពេលភ្លៀងធ្លាក់ទេ ទោះជាឆ្លងកាត់ពេលវេលារាប់សិប រាប់រយឆ្នាំក៏ដោយ ។ វាជាដី មិនមែនជាថ្ម តែមិនដឹងហេតុអ្វីមិនដាច់ច្រោះទៅតាមទឹកភ្លៀង ។ ដោយសារតែមានសម្រស់ធម្មជាតិ តំបន់រលុះធំសមតែជារមណីយដ្ឋាន តែបច្ចុប្បន្នពុំទាន់មានការរៀបចំនៅឡើយទេ ។ ផ្ទុយទៅវិញ តំបន់នោះរងការកាប់បំផ្លាញដើមឈើ ទន្ទ្រានយកដីជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ ។ កាលពីប៉ុន្មានឆ្នាំមុន លេចឮថា មានក្រុមហ៊ុនមួយចង់រៀបចំតំបន់រលុះធំជារមណីយដ្ឋាន តែពុំដឹងយ៉ាងម៉េចបានស្ងប់ស្ងាត់ទៅវិញ។
កោះសន្តិភាពបានជួបលោកជា គឹមហាន់ អនុប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ លោកឱ្យដឹងថា តំបន់រលុះធំនៅក្នុងអំឡុងឆ្នាំ១៩៩៨ មន្ទីរទេសចរណ៍បានគ្រប់គ្រងទៅលើផ្ទៃដីចំនួន១.០០០ហិកតា តែដល់អំឡុងឆ្នាំ២០០៨ បាត់បង់ផ្ទៃដីចំនួន៥០០ហិកតា ដោយសារតែមានការឯកភាពគ្នាពីថ្នាក់លើ និងអាជ្ញាធរមូលដ្ឋាន កាត់ទៅឱ្យភូមិខ្នាចអូរឫស្សី រៀបចំប្រជាពលរដ្ឋរស់នៅក្បែរនោះ ។
លោកអនុប្រធានមន្ទីរទេសចរណ៍ ឱ្យដឹងថា នៅខេត្តឧត្តរមានជ័យ មានសម្បត្តិវប្បធម៌ និងរមណីយដ្ឋានជាច្រើន នៅមិនទាន់បានអភិរក្ស និងអភិវឌ្ឍន៍នៅឡើយទេ ។ ចំពោះនៅស្រុកអន្លង់វែង មានកន្លែងទេសចរណ៍ចំនួន១៤ កំពុងទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្ត ។ ខេត្តឧត្តរមានជ័យ មានប្រាសាទបុរាណចំនួន១៨ រមណីយដ្ឋានធម្មជាតិ-ប្រវត្តិសាស្ត្រចំនួន១៤ ស្ពានបុរាណ៧ និងទួលបុរាណចំនួន៩០កន្លែង ។ ក្នុងចំណោមតំបន់ទេសចរណ៍ទាំងនោះ តំបន់ដែលកំពុងតែទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិនាពេលសព្វថ្ងៃ គឺរមណីយដ្ឋានប្រវត្តិសាស្ត្រផ្ទះតាម៉ុក សារមន្ទីរតាម៉ុក រមណីយដ្ឋានកែច្នៃបឹងស្នោ និងស្ពានទ័ព ហៅស្ពានអូរជីក ស្ថិតនៅក្នុងស្រុកចុងកាល់ ។
លោកស ថាវី អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍បុរាណទាំងអស់នៅក្នុងខេត្ត លោកបានជំរុញដល់មន្ទីរទេសចរណ៍ខេត្ត ឱ្យយកចិត្តទុកដាក់ការពារ និងថែរក្សាឱ្យបានគង់វង្ស ។ លើសពីនេះស្វែងរកប្រាក់អភិរក្ស និងអភិវឌ្ឍតំបន់ទេសចរណ៍គ្រប់កន្លែង ដើម្បីទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិទៅកម្សាន្ត ៕
ចែករំលែកព័តមាននេះ