ជាធម្មតាយើងតែងតែសង្កេតឃើញមានការបើកភោជនីយដ្ឋានប្រកបដោយភាពស្រស់ស្អាត ដើម្បីទាក់ទាញអតិថិជនឱ្យចូលមកទទួលទានអាហារ ។ ដោយឡែកបើតាមប្រភពសារព័ត៌មានបរទេសនាពេលថ្មីៗនេះ បានបង្ហាញនូវភាពភ្ញាក់ផ្អើលមួយ ខណៈដែលនៅឯប្រទេសអង់គ្លេសមានបើកភោជនីយដ្ឋានមួយសម្រាប់សត្វឆ្កែ ។ នេះជាភោជនីយដ្ឋានដំបូងបង្អស់នៅក្នុងប្រទេសអង់គ្លេស ដែលគេសង្កេតឃើញភ្ញៀវដែលនៅក្បែរតុអាហារ គឺជាសត្វឆ្កែ។
ប្រភពដដែលបានឱ្យដឹងទៀតថា «ភោជនីយដ្ឋានចម្លែកនេះមានឈ្មោះថា Lily’s Kitchen ស្ថិតនៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ជាភោជនីយដ្ឋានដែលទើបបើកដំណើរការក្នុងរយៈពេលខ្លីក៏ពិតមែន តែគេសង្កេតឃើញមានម្ចាស់ឆ្កែជាច្រើនបានយកឆ្កែរបស់ខ្លួន ដើម្បីឱ្យពួកវាស៊ីអាហារ ដែលចម្អិនពីចុងភៅដ៏ចំណានប្រចាំនៅក្នុងភោជនីយដ្ឋាននោះ។ ភោជនីយដ្ឋានដែលគេបង្កើតឡើងសម្រាប់តែសត្វឆ្កែក៏ពិតមែន ប៉ុន្តែគេបានរៀបចំតុបតែងនៅក្នុងភោជនីយដ្ឋាននោះ គឺមានភាពស្រស់ស្អាតមិនចាញ់ភោជនីយដ្ឋានដទៃៗទៀតសម្រាប់ទទួលមនុស្សជាភ្ញៀវនោះឡើយ» ។
បើតាមអ្នកគ្រប់គ្រងនៅក្នុងភោជនីយដ្ឋាននោះបាននិយាយរៀបរាប់បន្ថែមទៀតថា «ម្ចាស់ភោជនីយដ្ឋាននេះ គឺបុរសម្នាក់ដែលស្រឡាញ់ និងចូលចិត្តចិញ្ចឹមសត្វឆ្កែជាទីបំផុត អាស្រ័យហេតុនេះហើយទើបគាត់បើកដំណើរការឱ្យមានភោជនីយដ្ឋានសម្រាប់សត្វនោះឡើង ។ ចំពោះភោជនីយដ្ឋាន គឺមានកម្មវិធីពិសេសមួយ ពោលគឺម្ចាស់ឆ្កែទាំងអស់អាចយកសត្វឆ្កែមកស៊ីអាហារបានដោយឥតគិតថ្លៃក្នុងរយៈពេល៦សប្តាហ៍ដំបូង ។ ទោះបីក្នុងរយៈពេល៦សប្តាហ៍ដំបូងឱ្យសត្វឆ្កែស៊ីដោយសេរីក៏ពិតមែន តែនេះជាវិធីទាក់ទាញអតិថិជនតែប៉ុណ្ណោះ ។ ជាងនេះទៅទៀត គាត់មានជំនឿយ៉ាងមុតមាំថា ភោជនីយដ្ឋានចម្លែកនេះ នឹងអាចបើកដំណើរការបានប្រកបដោយភាពជោគជ័យ ព្រោះតែម្ចាស់ឆ្កែទាំងអស់មានការពេញចិត្តភោជនីយដ្ឋានសម្រាប់សត្វឆ្កែ»៕
ចែករំលែកព័តមាននេះ