ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ ផល​​ឌឿ​ និង​​នន់ ជំនិត​​ សាក​កម្លាំង​​គ្នា​ម្តង​​ទៀត​នៅ​​សង្វៀន​​ស្ទឹង​មាន​​ជ័យ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ បន្ទាប់​ពី​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ដ៏​កក្រើក​រវាង​កីឡាករ​វង្ស ណយ​ និង​កីឡាករ​កែវ រំចង់​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​ធ្វើ​ឱ្យ​មាន​ភាព​រញ្ជួយ​ និង​ជក់​ចិត្ត​ពី​សំណាក់​អ្នក​ទស្សនា​ និង​ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​ភាគច្រើន​នោះ​ នៅ​សង្វៀន​ស្ទឹង​មាន​ជ័យ​នា​ល្ងាច​ថ្ងៃសៅរ៍ ទី​៥​ មេសា​ ស្អែក​នេះ​ ក៏​មាន​គូ​ល្អ​ប៉ះ​គ្នា​ដែល​រំពឹង​ថា នឹង​ជក់​ចិត្ត​ដូច​គ្នា​ផង​ដែរ ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ បន្ទាប់​ពី​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ដ៏​កក្រើក​រវាង​កីឡាករ​វង្ស ណយ​ និង​កីឡាករ​កែវ រំចង់​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​ធ្វើ​ឱ្យ​មាន​ភាព​រញ្ជួយ​ និង​ជក់​ចិត្ត​ពី​សំណាក់​អ្នក​ទស្សនា​ និង​ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​ភាគច្រើន​នោះ​ នៅ​សង្វៀន​ស្ទឹង​មាន​ជ័យ​នា​ល្ងាច​ថ្ងៃសៅរ៍ ទី​៥​ មេសា​ ស្អែក​នេះ​ ក៏​មាន​គូ​ល្អ​ប៉ះ​គ្នា​ដែល​រំពឹង​ថា នឹង​ជក់​ចិត្ត​ដូច​គ្នា​ផង​ដែរ ។​

កីឡាករ​ដែល​មហា​ជន​កំពុង​ផ្តោត​ការ​ចាប់​អារម្មណ៍​នោះ​ គឺ​កីឡាករ​ចៅ ផលឌឿ​ មក​ពី​ក្លិប​សំរោង​កោងកីឡា​ខេត្ត​បាត់​ដំបង​ ប៉ះ​ជា​មួយ​នឹង​កីឡាករ​​នន់ ជំនិត​ មកពី​ក្លិប CMAC ។​ រវាង​ពួក​គេ​ទាំង​២ធ្លាប់​​ប៉ះ​គ្នាច្រើន​លើក​រួច​មក​ហើយ​ ដោយ​ជួបគ្នា​លើក​ដំបូង​កីឡាករ​​នន់ ជំនិត​ យក​ឈ្នះ​ប្រកប​ដោយ​មោទន​ភាព​ និង​លើក​ចុង​ក្រោយ​កីឡាករ​​ចៅ ផល​ឌឿ​ បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​ប្រកប​ដោយ​មោទន​ភាព​វិញ ។​ ជំនួប​ជា​ថ្មី​នា​ល្ងាច​​ថ្ងៃ​សៅរ៍​នេះ​មិន​ត្រូវ​​បាន​គេ​រំពឹង​ថា​ អាច​រញ្ជួយ​សង្វៀន​ដូចគ្នា​នឹង​ការ​ប្រកួត​រវាង​កីឡាករ​វង្ស ណយ​ និង​កីឡាករ​កែវ រំចង់​ ដែលបាន​ប៉ះ​គ្នា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ក្នុង​ជំនួប​លើក​ទី​៣​ ហើយ​ជា​ការ​ប្រកួត​ដែល​មាន​លក្ខណៈ​ វង្ស ណយ​ ឡើង​ដណ្តើម​ខ្សែ​ក្រវាត់​ពីកីឡា​ករ​កែវ រំចង់​ នោះ​ទេ បុ៉ន្តែ​អ្វី​ដែល​គេមាន​ជំនឿ​ចិត្ត​ គឺ​កីឡាករ​ចៅ ផល​ឌឿ​ និង​នន់ ជំនិត​ ក៏​ពិត​ជា​ធ្វើ​ឱ្យ​ជក់​ចិត្ត​ដូច​គ្នា​បន្ទាប់​ពី​ពួកគេ​ប៉ះ​គ្នា​បុ៉ន្មាន​លើក​កន្លង​មក​ គឺ​តែង​ធ្វើ​ឱ្យ​ជក់ចិត្ត​ដិត​អារម្មណ៍ ។​

ក្រុម​អ្នក​ស្នេហា​កីឡាប្រដាល់​កំពុង​ផ្តល់​ការ​​វិភាគ​ថា ចៅ ផលឌឿ​ អាចមាន​ប្រៀប​សម្រាប់​​​ល្ងាច​នេះ បុ៉ន្តែ​ម្នាក់ៗ​ហាក់​មិន​ហ៊ាន​ផ្តល់​ការ​ជឿ​ជាក់​នោះ​ឡើយ​ ក្នុង​ពេល​ភាគី​ម្ខាងៗ​ដែល​ជា​អ្នក​ប្រកួត​លើ​រេញ​សុទ្ធ​តែ​មាន​ចំណុច​ខ្លាំង​ ​និង​ចំណុច​ខ្សោយ​ប្រហាក់​ប្រហែល​គ្នា​បែប​នេះ ។​ អ្នក​ខ្លះ​យល់​ថា​ ចៅ​ ផលឌឿ​ នឹងឈ្នះ​​ដោយ​ព្យាយាម​សំអាង​ថា គេ​មាន​ស្នៀត​ប្រកួត​រស់​រវើក​ និង​មិន​ទុក​ដៃ​ឱ្យ​នៅ​ទំនេរ​នាំ​ឱ្យខាត​ពេល​វេលា​ទេ ។​ គេ​មាន​កម្លាំង​ស៊ុហ្វ​រឹង​មាំ​ និង​​មាន​មាឌ​ល្អ​ ដែល​ពិបាក​ឱ្យ​គូ​ប្រកួត​យក​ប្រៀប​ បុ៉ន្តែ​គេ​មាន​ចំណុចខ្សោយ​មួយគឺវាយ​ចេញ​ច្រើន ហើយ​​មិន​សូវ​ត្រូវ​ចំ​គោល​ដៅ​ដែល​នាំ​ឱ្យ​ខ្ជះ​ខ្ជាយ​កម្លាំង​ចោល​ផង និង​ងាយ​មាន​ចន្លោះ​ប្រហោង​ផង ។​ ងាក​មក​កាន់​កីឡាករ​នន់ ជំនិត​ វិញ​ ដ្បិត​ថា​គេ​មិន​ខ្លាំង​ ហើយ​មិន​បាន​ឈាន​ដល់​ចំណុច​កំពូល​ដូច​អំឡុង​ពេល​មុន បុ៉ន្តែ​កម្លាំង​និង​ស្នៀត​របស់​គេ​ ក៏​អាច​​កំដរ​សិស្ស​ប្អូន ចៅ ផល​ឌឿ​ ដល់​បញ្ចប់​៥​ទឹក​ដោយ​គ្មាន​ការ​ពិបាក​នោះ​ដែរ​ ។ ម្យ៉ាង​កីឡាករ​ចៅ ផល​ឌឿ​ កាល​ឈ្នះ​គេ​ក្នុង​ជំនួប​ចុង​ក្រោយ​ ក៏​ឈ្នះ​ទាំង​វេទនា​បំផុត ។

កីឡាករ​រូប​នេះ​វាយ​ចេញ​មួយៗ​ បុ៉ន្តែ​កម្រ​នឹង​ខុស​គោល​ដៅ​ណាស់ ។​​ ក្នុង​នោះ​សូម្បី​តែ​កម្លាំង​ស៊ុហ្វ​ ក៏​គេ​មិន​ចាញ់​ដៃ​គូ​ជា​ក្មេងៗ​នោះ​ដូចគ្នា ។​ ទោះ​បី​យ៉ាងណា​ នន់ ជំនិត​ ហាក់​មាន​ចំ​ណុច​ខ្សោយ​តូច​មួយ​ គឺ​វាយមិ​នសូវ​រហ័ស​ ដែល​អាច​ចាញ់​ប្រៀប​កីឡា​ករ​ ចៅ ផលឌឿ បើ​គេ​ប្តូរ​ស្នៀត​វាយ​ឆ្វេង​ផង​​វាយ​ស្តាំ​ផង​ព្រម​គ្នា ។​ ចាំ​មើល តើ​រវាង​កីឡាករ​ចៅ ផល​ឌឿ​ និង​នន់ ជំនិត​ មួយណា​ទទួល​បាន​ជោគ​ជ័យ​នៅ​វគ្គ​ចុង​ក្រោយ​ ?​ នៅ​លើ​សង្វៀន​នា​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ដែរ​ កីឡាករ​ជួប​ ជាង​ មក​ពី​ក្លិប​​និរោធ​មាន​ជ័យ​ នឹង​ប៉ះ​ជា​មួយ​កីឡាករ​រិទ្ធិ កៅ​ មក​ពី​មជ្ឈមណ្ឌល​កីឡា​ខេមរ​ភូមិន្ទ​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​ BTV ប្រចាំ​ឆ្នាំ​២០១៤​ និង​កីឡាករ​ម៉ន​ បារាំង​ មក​ពី​ក្លិប​ការិយា​ល័យ​ទី​៦ ទ័ព​ជើង​គោក​ ជួប​ជាមួយ​កីឡាករ​នួន​ តុលា​ មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា ។​

ដោយ​ឡែក នៅ​ថ្ងៃ​អាទិត្យ​ខាន​ស្អែក​ កីឡាករ​សារឹម​ ង៉ា មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ នឹង​ប៉ះ​ជា​មួយ​​កីឡាក​រ​ទេស​​ សំខាន់​ មក​ពី​ក្លិប​កង​ពល​តូច​លេខ​៧០​ និង​កីឡា​ករ​ថន វាសនា​ មក​ពី​ក្លិប​នាគ​មាន​ជ័យ​ ប៉ះ​ជា​មួយ​កីឡា​ករ​ឡង់​ ភីរម្យ​ មក​ពីក្លិប​​រាហ៊ូ​កីឡា​​នៅ​សង្វៀន​បឹង​ស្នោ​រួម​គ្នា និង​កីឡាករ​ឌុន រដ្ឋា​ មក​ពី​ក្លិប​អេភូថង​កីឡា​ នឹង​ប៉ះ​ជា​មួយ​កីឡាករ​មាស​ ភីរម្យ​ មក​ពីក្លិប​កង​ទ័ព​ជើង​ទឹក​នៅ​សង្វៀន​ស្ទឹង​មាន​ជ័យ​ ៕​