រាជធានីភ្នំពេញ ៖ បេក្ខនារីដែលត្រូវអាណិកជនខ្មែរជ្រើសរើសពីប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងបវរកញ្ញានៅប្រទេសអាមេរិកនាង សៅ ឆេងហុង កំពុងតែបាត់ខ្លួននៅក្នុងទឹកដីអាមេរិក ។
ប្រភពស្និទ្ធជាមួយអ្នករៀបចំនាំនាងសៅ ឆេងហុង ទៅប្រកួតបវរកញ្ញានៅអាមេរិកអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទ កាលពីថ្ងៃទី៣១ មីនា ២០១៤ ថា នាងសៅ ឆេងហុង បានបាត់ខ្លួនដោយមិនដឹងមូលហេតុនៅលើទឹកដីអាមេរិករយៈពេលជិតមួយខែមកហើយ បន្ទាប់ពីនាងសម្តែងនៅទីនោះបានមួយរយៈ ។ ជាធម្មតាគ្រប់អ្នកសិល្បៈដែលត្រូវបានធានាដោយអ្នកឧបត្ថម្ភណាមួយនោះគឺត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកឧបត្ថម្ភនោះ ដូច្នេះក្នុងករណីដែលមានបំណងចេញទៅណាត្រូវតែផ្តល់ដំណឹងដល់អ្នកគ្រប់គ្រងឲ្យដឹងជាមុន ប៉ុន្តែនាងសៅ ឆេងហុង បានចេញពីផ្ទះបាត់ដោយមិនមានដំណឹងអ្វីសោះ រហូតមកដល់ពេលនេះរយៈពេលជិតមួយខែហើយ ។
ប្រភពដដែលនោះនិយាយថា ដោយសារតែមានការព្រួយបារម្ភអ្នកឧបត្ថម្ភ របស់នាងសៅ ឆេងហុង បានសម្រេចចិត្តប្តឹងប៉ូលិសឲ្យជួយស្វែងរក និងបានដកហូតGreen Card ពីនាងរួចហើយ ។
ប្រភពដដែលនោះបញ្ជាក់ថា ប្រសិនបើនាងសៅ ឆេងហុង គេចខ្លួនទៅរៀបការជាមួយអ្នកណាម្នាក់នៅលើទឹកដីអាមេរិក ដើម្បីបានរស់នៅទីនោះដោយស្របច្បាប់នោះ នាងត្រូវតែផ្ដល់ដំណឹងឲ្យអ្នកឧបត្ថម្ភរបស់នាងបានដឹងផង តែគ្មានដំណឹងពីនាងទេ ។ រឿងនេះអ្នកឧបត្ថម្ភរបស់នាងកំពុងសម្តែងក្តីបារម្ភដោយសារតែនាងបាត់ខ្លួនដោយមិនដឹងមូលហេតុ។
ភាគីអ្នកឧបត្ថម្ភដៅថា នាងសៅ ឆេងហុង គេចខ្លួនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននៅអាមេរិក ប៉ុន្តែពុំដឹងដំណឹងពីនាងសោះ មិនគួរផ្ដោតបែបនេះពេកទេ នាងអាចជួបគ្រោះថ្នាក់ ឬជួបបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនណាមួយក៏មិនដឹង ។ កន្លងមកអ្នកសិល្បៈខ្មែរមួយចំនួនបានគេចខ្លួនដោយមិនត្រឡប់មកមាតុប្រទេសវិញទេនៅពេលទៅសម្តែងនៅអាមេរិក ។
ការគេចខ្លួនរបស់អ្នកសិល្បៈនៅស្រុកគេបែបនោះរងការរិះគន់ថាធ្វើឲ្យតម្លៃសិល្បៈខ្មែរអាប់ឱន និងបាត់បង់កិត្តិយសផ្ទាល់ខ្លួន ព្រមទាំងធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានចំពោះអ្នកសិល្បៈផ្សេងទៀតដែលមានបំណងចេញទៅសម្តែងនៅឯបរទេស។ បញ្ហានេះកន្លងមកប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច ធ្លាប់បានអំពាវនាវដល់អ្នកសិល្បៈខ្មែរគ្រប់រូបនៅពេលមានឱកាសចេញទៅសម្តែងនៅឯបរទេសនោះត្រូវចេះរៀបចំខ្លួនឲ្យមានសេចក្តីថ្លៃថ្នូរ និងគោរពទៅតាមលក្ខខណ្ឌដែលបានព្រមព្រៀងជាមួយអ្នកឧបត្ថម្ភ ។ លោកសុះ ម៉ាច និយាយថា ការធ្វើខ្លួនឲ្យបានល្អគឺជួយលើកកិត្តិយស និងសេចក្តីថ្លៃថ្នូរដល់វិស័យសិល្បៈខ្មែរ និងផ្តល់ទំនុកចិត្តដល់បណ្តាស្ថានទូតនានាដើម្បីចេញលិខិតអនុញ្ញាតដល់អ្នកសិល្បៈចេញទៅសម្តែងនៅបរទេស ៕
ចែករំលែកព័តមាននេះ