នៅពេលបានឃើញតាមរយៈរូបភាព លោកអ្នកប្រាកដជាជញ្ជក់មាត់សរសើរ ឬចង់ទៅឃើញផ្ទាល់ ឬចង់ធ្វើដំណើរលើដងផ្លូវទាំងនោះ ដែលជាដងផ្លូវដ៏ល្អប្រណីតចំនួន៧នៅលើពិភពលោក ដែលកោះសន្តិភាពស្រាវជ្រាវយកមកបង្ហាញជូន ។
១-ដងផ្លូវ Lombard នៅអាមេរិក
ដងផ្លូវ Lombard ស្ថិតនៅចន្លោះរវាងដងផ្លូវ Hyde និង Leavenworth ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ប្រទេសអាមេរិក ។ ដងផ្លូវ Lombard រចនាឡើងដោយមានរូបរាងកាច់កេលចុះឡើង លម្អដោយសួនច្បារនៅសងខាងជារបាំង។
អ្នកបើកបរទាំងអស់ត្រូវគោរពច្បាប់មួយចំនួន គឺបើចង់ធ្វើដំណើរលើដងផ្លូវមួយនេះ ត្រូវប្រើប្រាស់ល្បឿនត្រឹមតែ៨គីឡូម៉ែត្រក្នុងមួយម៉ោង និងមិនអនុញ្ញាតឱ្យបោះសម្រាមចោលផ្តេសផ្តាសជាដើម ។
២-ដងផ្លូវ Orchard
ដងផ្លូវ Orchard រចនាដោយពន្លឺអគ្គិសនីចម្រុះពណ៌ ស្ថិតក្នុងប្រទេសសិង្ហបុរី ។ អ្នករស់នៅក្នុងតំបន់នោះនិយាយថា មូលហេតុដែលគេហៅផ្លូវ Orchard ដោយសារតែមានដើមឈើ Orchard ដុះលើចិញ្ចើមផ្លូវនេះ ។ ដោយសារតែផ្លូវនោះមានពន្លឺដ៏ស្រស់ស្អាតបានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិជាច្រើននាក់ទៅទស្សនា ។
៣-ដងផ្លូវផ្កាក្ងោកពណ៌ស្វាយ
ផ្លូវផ្កាក្ងោកពណ៌ស្វាយ ស្ថិតក្នុងទីក្រុងចូហានណេសស៊្បើកប្រទេសអាហ្វ្រិកខាងត្បូង ដែលជាតំបន់សម្បូរព្រៃឈើ ។ ដងផ្លូវនោះនៅពេលក្ងោកចេញផ្កាក្រហមច្រាល មានសោភ័ណភាពស្រស់ត្រកាល ។
មានរឿងដែលអ្នកស្រុកតំណាលតៗគ្នាថា កាលពីដើមតំបន់នោះខ្វះខាតទឹកប្រើប្រាស់ ដោយគ្រោះរាំងស្ងួតស្ទើររៀងរាល់ឆ្នាំ ដូច្នេះហើយប្រជាជនក្នុងភូមិក៏សម្រេចចិត្តនាំគ្នាដាំដើមឈើដើម្បីទាក់ទាញទឹកភ្លៀង និងបង្ការគ្រោះមហន្តរាយនានា ។
៤-ដងផ្លូវក្នុងប្រទេសអាល្លឺម៉ង់គ្របដណ្តប់ដោយផ្កាសាគូរ៉ា
ដងផ្លូវសាគូរ៉ា ជាផ្លូវនៅប្រទេសអាល្លឺម៉ង់ ដែលគេហៅយោងទៅតាមផ្លូវនោះលម្អសងខាងដោយដើមផ្កាសាគូរ៉ា ។ សោភ័ណភាពស្រស់ស្អាតរបស់ដងផ្លូវមួយនេះ មានរយៈពេលខ្លីបំផុត គឺត្រឹមតែ៧ទៅ១០ថ្ងៃប៉ុណ្ណោះ ព្រោះរដូវផ្កាសាគូរ៉ារីក មានរយៈពេលខ្លីជាងរដូវផ្កាផ្សេងៗរីក ។
៥-ដងផ្លូវក្នុងឧទ្យាន Kawachi Fuji
ផ្លូវស្ថិតក្នុងឧទ្យាន Kawachi Fuji ក្នុងតំបន់ Kitakyushu ប្រទេសជប៉ុន មានភាពស្រស់ត្រកាល លម្អដោយផ្កាចម្រុះពណ៌ជាច្រើនប្រភេទធ្លាក់សំយុងចុះមកក្រោម ដែលធ្វើឱ្យមនុស្សម្នា មានអារម្មណ៍ហាក់បីដូចជាស្ថិតនៅក្នុងឋានសួគ៌ ។
៦-ដងផ្លូវក្រោមដីនៅប្រទេសអ៊ុយក្រែន
ផ្លូវរថភ្លើងដែលឆ្លងកាត់ភូមិ Klevan ស្ថិតក្នុងតំបន់ Rivne ក្នុងប្រទេសអ៊ុយក្រែន លម្អសងខាងដោយដើមឈើតូច-ធំខៀវស្រងាត់។ ក្នុងរដូវផ្ការីក តាមដងផ្លូវនោះពោរពេញទៅដោយភាពស្រស់បំព្រង ។
៧-ដងផ្លូវក្នុងឧទ្យាន Meji Shine
ដងផ្លូវក្នុងឧទ្យាន Meji Shine គេកំណត់ថាជាដងផ្លូវមានសោភ័ណភាពស្អាតដាច់គេក្នុងចំណោមផ្លូវនៅប្រទេសដទៃទៀត និងលម្អដោយដើម Gingko ។ ប្រទេសជប៉ុនមានដើមឈើមួយប្រភេទគឺ Gingko ដែលមានចំនួនច្រើនជាង៦៥.០០០ដើម និងត្រូវគេដាំតាមដងផ្លូវនានាក្នុងប្រទេស ។
យោងតាមអ្នកបច្ចេកទេសខាងរុក្ខជាតិ និងអភិរក្សព្រៃឈើថា Gingko គឺជារុក្ខជាតិពិសេសមួយក្នុងចំណោមរុក្ខជាតិដទៃទៀត ព្រោះវាអាចស្រូបសារធាតុពុលក្នុងបរិយាកាស និងបញ្ចេញឧស្ម័នអុកស៊ីសែនឱ្យមនុស្សប្រើ ប្រាស់ ៕
ចែករំលែកព័តមាននេះ