ប្រភពពីបរទេសនាពេលថ្មីៗនេះ បានបង្ហាញនូវភាពភ្ញាក់ផ្អើលមួយ ខណៈមាននារីម្នាក់ឈ្មោះ Yin Mi ជាអ្នករស់នៅក្នុងខេត្ត Guangdon នៃប្រទេសចិន បានឱ្យគេរចនារ៉ូបរៀបការខុសពីកូនក្រមុំដទៃៗទៀត ពោលគឺនាងបានទិញផ្កាកុលាបចំនួន៩.៩៩៩ទង យកមកឱ្យគេច្នៃធ្វើរ៉ូបរៀបការ ។ សម្លៀកបំពាក់ដែលច្នៃពីផ្កាកុលាបដែលមានចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានគេច្នៃនៅមុនថ្ងៃរៀបការរបស់នាងតែមួយថ្ងៃប៉ុណ្ណោះ ។ នាង Yin Mi បានគ្រងនូវរ៉ូបរៀបការ ព្រមទាំងបានថតដាក់បង្ហោះនៅលើបណ្តាញហ្វេសប៊ុក ហើយពិតជាទទួលបានការចាប់អារម្មណ៍ ព្រមទាំងធ្វើការចែកចាយបន្តៗគ្នាជាច្រើនពីសំណាក់អ្នកដែលនិយមលេងហ្វេសប៊ុក ។
នាង Yin Mi បាននិយាយរៀបរាប់ឱ្យដឹងដែរថា «ចំពោះរ៉ូបរៀបការដែលច្នៃពីផ្កាកុលាបនេះ គឺជាគំនិតគូដណ្តឹងរបស់នាងឈ្មោះលោក Xiao Fan ។ លោក Xiao Fan បានទិញផ្កាកុលាបចំនួន៩.៩៩៩ទង ដើម្បីយកឱ្យគេច្នៃជារ៉ូបរៀបការដល់អនាគតភិរយារបស់ខ្លួន ។ នាងថា ក្រោយពីបានផ្កាកុលាបទាំងអស់នោះ គាត់បានឱ្យគេដេរដោត និងដេរភ្ជាប់ទៅនឹងក្រណាត់ដែលមានស្រាប់ ។ នាង Yin Mi បាននិយាយបន្ថែមទៀតថា ក្រោយពីរ៉ូបនេះច្នៃក្នុងរយៈពេលមួយព្រឹកពីសំណាក់អ្នកច្នៃម៉ូដ៦នាក់ ជួយរៀបចំរំលេចចេញបានជារ៉ូបដែលមានភាពអស្ចារ្យបំផុត ។ ពេលរៀបចំរួចរាល់ហើយ នាងក៏បានសាកល្បងស្លៀករ៉ូបនោះភ្លាមៗតែម្តង ហើយវាស្រស់ស្អាត និងមិនមានផលលំបាកកើតមានដល់រូបនាងទេ។ នាងសង្ឃឹមថា នៅថ្ងៃរៀបការនាងនឹងក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតជាងកូនក្រមុំដែលគេធ្លាប់រៀបការនាពេលកន្លងមក ។ ជាពិសេសនាងពិតជាស្រឡាញ់ស្វាមីរបស់នាងណាស់ដែលធ្វើឱ្យសប្បាយចិត្ត និងបានរៀបចំឱ្យនាងមានភាពភ្ញាក់ផ្អើលមែនទែន ចំពោះរ៉ូបមួយនេះ ។ នាងមានអារម្មណ៍ថា វាដូចជានៅក្នុងខ្សែភាពយន្តអីុចឹងសម្រាប់ជីវិតគូរបស់នាង» ។
លោក Xiao Fan ជាគូដណ្តឹងរបស់នាង Yin Mi បាននិយាយផងដែរថា «គាត់បានទិញផ្កាកុលាបពណ៌ក្រហមចំនួន៩.៩៩៩ទង ដើម្បីឱ្យគេច្នៃធ្វើជារ៉ូបរៀបការឱ្យគូដណ្តឹងរបស់គាត់ ។ ទង្វើទាំងអស់នេះ គាត់ធ្វើឡើងគឺដើម្បីបង្ហាញពីទំហំនៃសេចក្តីស្រឡាញ់ និងបង្កើតនូវអនុស្សាវរីយ៍សម្រាប់ជីវិតគូគាប់របស់គាត់ ។ ហេតុផលមួយទៀត ដែលនាំឱ្យគាត់ជ្រើសរើសផ្កាកុលាប ដោយមានលេខ៩ ព្រោះជនជាតិចិនតែងតែមានជំនឿថា លេខ៩ គឺតំណាងឱ្យ «ជារៀងរហូត» ចំណែកពណ៌ក្រហម គឺតំណាងឱ្យ «សេចក្តីស្រឡាញ់ ភាពស្រស់ស្អាត និងគុណធម៌» ។ ដូច្នេះរ៉ូបរៀបការដែលបង្កើតពីផ្កាកុលាបពណ៌ក្រហមទាំង៩.៩៩៩ទង គឺអាចជួយឱ្យគូស្វាមីភរិយាមានការស្រឡាញ់គ្នាជារៀងរហូតមិនមានហេតុផលណាមួយមកបំបែកបំបាក់នូវសេចក្តីស្នេហាពួកគាត់បានឡើយ»៕
ចែករំលែកព័តមាននេះ