ខេត្តកំពង់ធំ ៖ លោក ជឹម ភ័ណ ភេទប្រុសអាយុ៥២ តំណាងឲ្យប្រជាពលរដ្ឋទាំង១២គ្រួសារ បានឲ្យដឹងថានៅលើដីដែលមានទំនាស់នេះស្ថិតនៅតំបន់ អូរញ៉ាច់ ក្នុងភូមិត្រពាំងកកោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ គឺជាដីព្រៃសម្បទាន សង្គមកិច្ចរបស់រដ្ឋ ដោយខ្វះដីសង់ផ្ទះ និងដាំដំណាំនោះ នៅក្នុងឆ្នាំ២០១០ ពួកគាត់ទាំង១២គ្រួសារ បាននាំគ្នាចូលទៅកាប់ព្រៃនៅចំណុចខាងលើ បានប្រហែលជាង១០ហិតា ដោយសន្យាគ្នាថា នៅពេលរើរុះធ្វើស្អាតពេលណា ទើបវាស់ចែកស្មើៗគ្នាចាប់តាំងពីពេលនោះមកជារៀងរាល់ឆ្នាំ ពួកគាត់តែងតែនាំគ្នាទៅត្រួសត្រាយកូនឈើដែលដុះតូចៗនោះចេញរហូតមកដល់ខែមករា ដើម ឆ្នាំ២០១៤ពួកគាត់នាំគ្នាទៅរើព្រៃនោះដើម្បីដាំដំណាំ ស្រាប់តែមានជនជាតិចាម២៣នាក់ទៅឃាត់និងនិយាយថាដីនេះគឺជាដីរបស់គេដែលបានទិញពីលោក យ៉ា សុះ ដែលមានឋានៈជាអគ្គធ្វើការ២៤ខេត្តក្រុងដោយស្ថានភាពតានតឹងដាក់គ្នានោះពួកគាត់ក៏នាំគ្នាឲ្យមេភូមិ ជួយដោះស្រាយដល់ពួកគាត់ ។
លោក គិន ហោមេភូមិកកោះប្រាប់ថាបន្ទាប់ពីទទួលបានតំណឹងនេះ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៤រូបលោកជាមួយជំនួយការនិងប្រជាការពារនាំគ្នាទៅសម្របសម្រួល តែត្រូវបាន លោក យ៉ា សុះ ទូរស័ព្ទមកគំរាមលោកថា សូកុំឲ្យលូកដៃក្នុងរឿងនេះឲ្យសោះ។
លោក ប៉ែន លឿ មេឃុំបឹងល្វា បានឲ្យដឹងថា បញ្ហារឿងដីនេះ បើគិតតាមច្បាប់ គឺវាខុសទៅនិងច្បាប់ពីព្រោះដីទំនាស់ខាងលើនេះគឺជាដីរបស់រដ្ឋ ក្នុងនាមអាជ្ញាធរឃុំ មានការលំបាកណាស់ក្នុងការគ្រប់គ្រង ដោយសារតែប្រជាពលរដ្ឋនិងមន្ត្រីរាជការមួយចំនួនដែលនាំគ្នាមកទិញដី និងចូលទៅកាប់ព្រៃខុសច្បាប់ ភាគច្រើនមកពីខេត្តផ្សេងៗ ចំណែករឿងលោក យ៉ា សុះ ឃុបឃិតគ្នាទិញ-លក់ដីខាងលើនេះ គឺរូបលោកពុំ បានអនុញ្ញាតិនោះទេ លោកគ្រាន់តែដឹងថាលោក យ៉ា សុះមានស្រុកកំណើតនៅភូមិគីឡូម៉ែត្រលេខ៧ ឃុំ អូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមឯណោះ បានមកចាប់ដីនៅកន្លែងកើតហេតុខាងលើ ដោយសារតែមានប្រជាពលរដ្ឋអ្នកចំណាកស្រុកមករស់នៅច្រើន រូបគាត់បានសុំឲ្យលោក យ៉ា សុះ ធ្វើជាមេភូមិបណ្តោះអាសន្ននៅទីនោះ លុះក្រោយលិចលឺពាក្យថាលោក យ៉ា សុះធ្វើការជាអគ្គ តែមិនដឹងថាជាអគ្គខាងស្អីនោះទេ។
ម្យ៉ាងវិញទៀតលោក យ៉ា សុះ មករស់នៅក្នុងភូមិឃុំរបស់លោកក៏ពុំទាន់មានលិខិតផ្លាស់ផ្តូរ្ទីលំនៅៗឡើយដែរ រូបលោកក៏បានចេញលិខិត បដិសេធកាលពី ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៤ ថានូវរាល់ការលក់ និងទិញដីខុសច្បាប់ ក្នុងនាមមេឃុំលោកមិនទទួលស្គាល់ជាផ្លូវការនោះឡើយ ចំណែករឿងដីទំនាស់ខាងលើបើតាមការចុះសិក្សាស្រាវជ្រាវរបស់លោកប្រជាពលរដ្ឋទាំង១០គ្រួសារក្នុង១គ្រួសារៗមានដីប្រហែលជា២ហិតាប៉ុណ្ណោះ លោកសូមសន្យាថានឹងដោះស្រាយជូនពួកគាត់ឲ្យទាល់តែបានមិនឲ្យមានទំនាស់គ្នាទៀតទ។
ចែករំលែកព័តមាននេះ