រាជធានីភ្នំពេញ ៖ រថយន្តដឹកក្រុមអ្នកសិល្បៈ និងរថយន្តកុងតឺន័របានបើកបុកគ្នាពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកមនុស្ស៧នាក់ទៀតរបួសធ្ងន់-ស្រាលត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ មេសា ២០១៤ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលាតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌមានជ័យ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ២R០៤៤៦ ដឹកក្រុមអ្នកសិល្បៈត្រឡប់មកពីលេងកម្សាន្តក្នុងកម្មវិធីមួយក្នុងខេត្តកណ្តាលឆ្ពោះទៅរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលាក៏ត្រូវរថយន្តកុងតឺន័រពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ៣A៦៤៥១ ធ្វើដំណើរបញ្ច្រាសទិសគ្នាបុកចំពីមុខពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ និង៧នាក់ទៀតរបួសធ្ងន់-ស្រាល ចំណែករថយន្តកុងតឺន័រមិនទាន់អស់ល្បឿនបានជ្រុលទៅបុករបងផ្ទះគេធ្លាយបាក់រាបដល់ដី។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះស្រី នាត់ អាយុ២៥ឆ្នាំ មានទីលំនៅខេត្តកណ្តាល ជាអ្នកចម្រៀងប្រចាំក្នុងវង់សិល្បៈនោះតែម្តង៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ