រាជធានីភ្នំពេញ ៖ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ សហការជាមួយនគរបាលប្រឆាំងបាតុកម្ម បានរារាំងក្រុមយុវជនគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកស្រីមូរ សុខហួរ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១ មេសា បន្ទាប់ពីពួកគេព្យាយាមចូលទីលានប្រជាធិបតេយ្យដើម្បីធ្វើសន្និសីទសារព័ត៌មានដោយមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ។ ការបណ្តេញចេញដោយមានការរុញច្រាននោះមិនមានប្រើអំពើហិង្សាអ្វីធ្ងន់ធ្ងរនោះទេ ហើយទីបំផុតលោកស្រីបានដឹកនាំកម្លាំងយុវជនគណបក្សសង្គ្រោះជាតិវិលត្រឡប់ទៅវិញ និងសន្យាថា នឹងវិលមកវិញនៅថ្ងៃពុធនេះ (២ មេសា) ។
ពួកគេមិនមែនមិនដឹងថា ទីលានប្រជាធិបតេយ្យជាតំបន់ហាមឃាត់ដ៏ក្តៅនោះទេនាពេលបច្ចុប្បន្ន បុ៉ន្តែគឺជាចរិតមានះចង់ឈ្នះលើអ្នកកាន់អំណាច ។
លោកគឹម វុត្ថា ប្រធានសណ្តាប់ធ្នាប់ខណ្ឌដូនពេញឱ្យដឹងថា នៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១ មេសា លោកស្រីមូរ សុខហួរ និងយុវជនគណបក្សសង្គ្រោះជាតិចំនួន៦នាក់ជិះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ស៊េរី RX ៣០០ ពណ៌ស្ករ ពាក់ស្លាកលេខរដ្ឋសភា៤ ដែលជាលេខរថយន្តហួសដេឡេ បើកមកឈប់លើផ្លូវលេខ១០៦ កែងផ្លូវលេខ៥១ រួចនាំគ្នាដើរមកទីលានប្រជាធិបតេយ្យយ៉ាងព្រងើយ ក្នុងគោលបំណងរៀបចំធ្វើសន្និសីទសារព័ត៌មានដើម្បីសម្តែងមតិ ដោយទាមទារឱ្យមានការដោះលែងសកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស និងកម្មករ សរុប២១នាក់ឱ្យមានសេរីភាពឡើងវិញ និងទាមទារឱ្យមានការសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ព្រមទាំងចង់ផ្សព្វផ្សាយមូលនិធិជាវិជ្ជាយុត្តិធម៌សម្រាប់ពលរដ្ឋកម្ពុជា ។
ទោះបីជាមានការបុ៉នប៉ងបែបនេះក្តី គោលបំណងពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើទេ ដោយសារតែគ្មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ហើយចង់ធ្វើស្រេចតែចិត្ត ដូច្នេះត្រូវតែចាកចេញដោយគ្មានលក្ខខណ្ឌ ។ យុវជនគណបក្សប្រឆាំងម្នាក់ដែលចូលរួមនិយាយថា ពិតជាអយុត្តិធម៌ណាស់ គ្រាន់តែយុវជនជួបជុំគ្នា ហើយនាំគ្នាសម្តែងមតិនៅទីលានប្រជាធិបតេយ្យ បែរជាត្រូវកម្លាំងសមត្ថកិច្ចបណ្តេញចេញ ទោះជារូបគេលើកហេតុផលយ៉ាងណាក៏ដោយ ដូច្នេះចាប់ពីថ្ងៃនេះតទៅ មិនគួរហៅទីលានប្រជាធិបតេយ្យទៀតឡើយ ។ ពួកគេនិយាយអះអាងថា នឹងវិលត្រឡប់មកវិញម្តងទៀតនៅព្រឹកថ្ងៃពុធនេះដើម្បីសម្តែងមតិឱ្យទាល់តែបាន ។ មន្ត្រីនគរបាលដែលមានភារកិច្ចយាមប្រចាំការនៅទីលានប្រជាធិបតេយ្យឱ្យដឹងថា កម្លាំងសមត្ថកិច្ចដែលយាមប្រចាំការនៅទីលានប្រជាធិបតេយ្យ គឺអនុវត្តទៅតាមបទបញ្ជាពីគណៈស្នងការនគរបាល និងសាលារាជធានីភ្នំពេញតែបុ៉ណ្ណោះ ។ បុ៉ន្តែនៅព្រឹកថ្ងៃអង្គារនោះក្រុមយុវជនគណបក្សសង្គ្រោះជាតិ៦នាក់ដឹកនាំដោយលោកស្រីមូរ សុខហួរ បានព្យាយាមចូលទីលានប្រជាធិបតេយ្យដើម្បីធ្វើសន្និសីទសារព័ត៌មាន បុ៉ន្តែត្រូវបានហាមឃាត់ ហើយមិនមានអំពើហិង្សាកើតឡើងនោះទេ គឺនគរបាលរុញច្រានឱ្យចាកចេញ បើមិនចេញទេ ច្បាស់ជាត្រូវឥឡូវ ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣១ មីនា លោកម៉ម សូណង់ដូ និងក្រុមសកម្មជនគាំទ្រវិទ្យុសំបុកឃ្មុំ និងដីធ្លីជាង១០០នាក់នាំគ្នាសម្រុកចូលទៅកាន់ទីលានប្រជាធិបតេយ្យ ដោយមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ក្នុងបំណងតវ៉ាទាមទារដំឡើងស្ថានីយវិទ្យុផ្សព្វផ្សាយបន្តទៅតាមបណ្តាខេត្ត និងសុំហ្វ្រេកង់ទូរទស្សន៍ ។ បុ៉ន្តែការព្យាយាមសម្រុកចូលទីលានប្រជាធិបតេយ្យបណ្តាលឱ្យប៉ះទង្គិចគ្នាមួយឈុត តែមិនបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរនោះទេ។ ក្រុមអ្នកតវ៉ាពីរនាក់រងរបួសបែកក្បាល និងម្នាក់ទៀតឃាត់ខ្លួនមួយរយៈ រួចដោះលែងវិញ ។ បន្ទាប់ពីមានការប្រឈមមុខគ្នាមួយឈុតនោះ មានក្រុមអ្នកតវ៉ារួមជាមួយលោកម៉ម សូណង់ដូ ក៏បានរំសាយចេញរៀងៗខ្លួនទៅ ។
គេមិនទាន់ដឹងថា តើថ្ងៃនេះ (២ មេសា) នឹងមានការសម្រុកចូលមកលើទីលានប្រជាធិបតេយ្យម្តងទៀត ឬបែបណានោះទេ ។ ក្រុមអ្នកតាមដានបាននិយាយថា ទីនោះជាភ្លើង ហេតុអ្វីក៏ចង់រលាកដៃម៉្លេះ ? មានតែកូនក្មេងទេ ដែលហាមវាកុំឱ្យលេងភ្លើងខ្លាចរលាក វានៅតែលេងទាល់តែរលាកក្តៅ ទើបស្រែកយំ ។ តើខ្វះណាស់ទៅឬ កន្លែងធ្វើសន្និសីទសម្តែងមតិនោះ ? បុ៉ន្តែគេហៅថា មានះពេក… ៕
ចែករំលែកព័តមាននេះ