ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិ​ការបង្ក្រាប​រថយន្តទុន​ដ្រា​បំពាក់​សីុរ៉ែន​ដឹកឈើ​គ្រញូង

11 ឆ្នាំ មុន

ខេត្ដ​សៀមរាប​ ៖ ជា​ញយ​ដង​មក​ហើយ​ សម្ដេច​អគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ បាន​អំពាវ​នាវ​ និងព្រមានខ្លាំង​ៗ​ចំពោះ​បញ្ជា​ការ​កងកម្លាំង​ប្រដាប់​​អាវុធ​ទាំង​អស់ដែលឈរ​ជើង​ការ​ពារ​បូរណ​ភាព​ដែន​ដី​ក្នុង​ទឹក​ដី​ខេត្ដ​ជាប់​ព្រំ​ប្រទល់​ខ្មែរ​-ថៃ​ គឺ​ខេត្ដ​ឧត្ដរ​មានជ័យ​ និង​ខេត្ដ​ព្រះ​វិហារ​ ត្រូវ​ជំរុញ​ឱ្យ​មាន​ការ​ការ​ពារ​ព្រៃ​ឈើ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ និង​ហាម​ដាច់​ខាត​ការរក​ស៊ី​ដឹក​ឈើ​គ្រប់ប្រភេទ ។

ខេត្ដ​សៀមរាប​ ៖ ជា​ញយ​ដង​មក​ហើយ​ សម្ដេច​អគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ បាន​អំពាវ​នាវ​ និងព្រមានខ្លាំង​ៗ​ចំពោះ​បញ្ជា​ការ​កងកម្លាំង​ប្រដាប់​​អាវុធ​ទាំង​អស់ដែលឈរ​ជើង​ការ​ពារ​បូរណ​ភាព​ដែន​ដី​ក្នុង​ទឹក​ដី​ខេត្ដ​ជាប់​ព្រំ​ប្រទល់​ខ្មែរ​-ថៃ​ គឺ​ខេត្ដ​ឧត្ដរ​មានជ័យ​ និង​ខេត្ដ​ព្រះ​វិហារ​ ត្រូវ​ជំរុញ​ឱ្យ​មាន​ការ​ការ​ពារ​ព្រៃ​ឈើ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ និង​ហាម​ដាច់​ខាត​ការរក​ស៊ី​ដឹក​ឈើ​គ្រប់ប្រភេទ ។

ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ​ គេ​នៅ​តែ​សង្កេត​ឃើញបុគ្គល​មាន​ឯក​សណ្ឋាន​ជា​យោធា​មួយ​ចំនួន​តូច​ នៅ​តែ​បន្ដ​ប្រព្រឹត្ដ​កំហុស​ផ្គើន​ទៅ​នឹង​ការ​ព្រមាន​នោះ​ដដែល​ ។ ទាក់​ទិន​នឹង​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ដែល​ប្រព្រឹត្ដ​ឡើង​ដោយ​មន្ដ្រី​កង​យោធពល​ខេមរ​ភូមិន្ទ​នោះ​ដែរ​ នាយក​តំបន់​ការពារ​ទេស​ភាព​ឧទ្យាន​អង្គរ​នៃ​ក្រសួង​បរិស្ថាន​ លោក​ ហុង​ តារា​វុធ​ បាន​ថ្លែង​កាល​ពី​រសៀល​ថ្ងៃ​ទី​១​ មេសា​ ថា​ ជន​៤នាក់​ក្នុង​ចំណោម​៥​នាក់ ដែល​មាន​ឯក​សណ្ឋាន​យោធា​ត្រូវ​បាន​ចាប់​ខ្លួន​ជា​មួយ​នឹង​កំណាត់​ឈើ​គ្រញូង​ប្រមាណ​៣០០​ដុំ បង្កប់​នៅ​បាត​រថយន្ដ​ទំនើប​មួយ​គ្រឿង​ដែល​មាន​បំពាក់​ស៊ីរ៉ែន​ និង​ស្លាក​លេខ​កង​យោធពល​ខេមរភូមិន្ទ​។

លោក​បាន​បញ្ជាក់​ថា​ ប្រតិបត្ដិការ​ចាប់​ខ្លួន​​មន្ដ្រី​យោធា​ដែល​មាន​ជាប់ពាក់​ព័ន្ធ​នឹង​បទល្មើស​ឈើ​គ្រញូង​ទាំង​៤​នាក់​នេះ​ ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១​ មេសា​ នៅ​ចំណុច​ផ្លូវ​កូម៉ៃ​ (ផ្លូវ​ទៅអង្គរ​) ​ក្នុង​ភូមិ​សាស្រ្ដ​ភូមិ​ទក្សិណ​ត្បូង​ សង្កាត់​គោក​ចក​ ក្រុង​សៀម​រាប​ ក្រោមការ​ដឹកនាំ​របស់លោក​ សំ​រិទ្ធ សុខុន​ ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ដ​ និង​មាន​កម្លាំង​ប្រតិបត្ដិការ​ដោយ​មន្ដ្រី​បរិស្ថាន​តំបន់​ការ​ពារ​ទេសភាព​ឧទ្យាន​អង្គរ​ រួម​ទាំង​កម្លាំង​នគរ​បាល​ក្រុង​សៀម​រាប​ផង​ដែរ​ ។

លោក​ ហុង តារា​វុធ បានបន្ថែម​ថា​ រថយន្ដ​ដែល​បាន​បង្ក្រាប​នោះ​ម៉ាក​ទុនដ្រា​ ស៊េរី​ឆ្នាំ​២០០៧​ ពណ៌​ទឹក​ប៊ិក​ តែ​បិទ​ស្កុត​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ខេមរ​ភូមិន្ទ​០២-២៦៩៨​ ។​ នៅ​យប់​នោះ​ រថយន្ដ​បានបើក​ក្នុង​ល្បឿន​មធ្យម​ប្រមាណ​៨០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហើយ​បាន​ធ្វើ​ឱ្យ​សង្ស័យ​នៅ​ពេល​មាន​ស្នូរ​អ្វី​ម៉្យាង​ចេញ​ពី​រថយន្ដ​នោះ​ ។ លោក​បាន​បន្ថែម​ថា​ នៅ​ពេល​ប្រតិបត្ដិការ​តាម​ប្រមាញ់​ គេ​ឃើញ​មនុស្ស​ចំនួន​៥​នាក់​​ ស្ថិត​ក្នុង​សម្លៀក​បំពាក់​ជា​យោធា​នៅ​ក្នុង​រថ​យន្ត ។​ ប៉ុន្ដែ​ពេល​ដែល​សមត្ថកិច្ច​ស្ទាក់​រថយន្ដ​ភ្លាម​ ជនម្នាក់​ក្នុង​ចំណោម​នោះ​ដែល​គេ​ជឿ​ថា​ ជា​អ្នក​ពាក់​ព័ន្ធ​ជ្រៅ​នៅ​ក្នុង​បទ​ល្មើស​នោះ​បាន​ចុះរត់​បាត់​ ។​

នៅក្នុង​ការ​ត្រួត​ពិនិត្យ​រួមគ្នា​មួយ​នៅព្រឹក​ថ្ងៃ​ទី​១​ មេសា​ នៅ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​សៀម​រាប​ គេ​បាន​រក​ឃើញ​ប្រអប់ច​ំនួន​២​មាន​រាង​ដូច​មឈូស​បានផ្សារ​ភ្ជាប់​នៅ​ផ្នែក​ខាង​ក្រោម​​បាតរថយន្ដ​ ដោយ​មាន​កំណាត់​ឈើ​គ្រញូង​ពេញ​ទាំង​២​ គឺសរុប​ទៅ​មាន​ចំនួន​១០៥​ដុំ មាន​ទម្ងន់​៣៦៦​គីឡូក្រាម​ ។​
ស្រដៀង​​គ្នា​ដែរ លោក​ សឿន​ សូ​ ជំនួយ​ការ​តំបន់​ការ​ពារ​ទេស​ភាព​អង្គរ​ បាន​ថ្លែង​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា ជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​មាន​ ១-ឈ្មោះ​ តិល​ វិសុទ្ធ​ អាយុ​៣៥​ឆ្នាំ​ រស់​នៅ​ភូមិ​ស្វាយ​ សង្កាត់​សាលា​កំរើក​ ក្រុង​សៀម​រាប ២-ឈ្មោះ សៅ វា៉ន់ អាយុ​២៩​ឆ្នាំ​ រស់​នៅ​ភូមិ​ព្រះ​ ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់​ចាម ៣-ឈ្មោះ នី​ វណ្ណ​ថន​ អាយុ​២៨​ឆ្នាំ​ រស់​នៅ​ភូមិ​ពួក​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្ត​សៀម​រាប។ ៤-ឈ្មោះ​ ហេង​ ធី​ អាយុ​២៧​ឆ្នាំ​ នៅ​ភូមិ​ពោចិន​តុង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ ជា​អ្នក​បើក​បរ​រថ​យន្ត​​ដែល​ប្រព្រឹត្ត​បទ​ល្មើស ។

លោក​ សឿន​ សូ បាន​បញ្ជាក់​ថា នៅ​ពេល​ចាប់​ខ្លួន​ជន​ទាំង​បួន​នាក់​ ស្ថិត​នៅ​ក្នុង​ឯក​សណ្ឋាន​យោ​ធា និង​បាន​អះ​អាង​ថា ​ពួក​គាត់​បម្រើ​ការ​នៅ​អង្គ​ភាព​កង​ពល​លេខ​៧០​ ប៉ុន្តែ​មិន​ដឹង​ថា​នៅ​​ក្នុង​អង្គ​ភាព​នេះ​មែន​ឬ​ក៏​អត់​នោះ​ទេ​ ។ បន្ទាប់​ពី​ធ្វើ​កំណត់​ហេតុ​សាក​សួរ​រួច​ ជន​ទាំង​បួន​នាក់​នោះ​ត្រូវ​បាន​ចង​ក្រង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ពី​បទ​ «ប្រមូល​ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​​គ្មាន​ច្បាប់​អនុ​ញ្ញាត​» ដែល​ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​មាន​ចែង​នៅ​ក្នុង​មាត្រា​៦២​ ចំណុច​ទី​២​នៃ​ច្បាប់​ស្តី​ពី​តំបន់​ការ​ពារ​ធម្ម​ជាតិ​ ។ លោក​ ហុង​ តា​រា​វុធ​ បាន​អះ​អាង​ថា នេះ​ជា​ការ​បង្ក្រាប​សកម្ម​ភាព​ដឹក​ឈើ​គ្រញូង​លើស​ច្បាប់​ដែល​មាន​ទាំង​ចាប់​បាន​អ្នក​ពាក់​ព័ន្ធ​ចំនួន​ច្រើន​​នាក់​ ជា​លើក​ដំបូង​ហើយ​សម្រាប់​ឆ្នាំ​២០១៤​នេះ ។

ថ្វី​បើ​យា៉ង​​នេះ​ក្តី​ ពេញ​មួយ​រសៀល​ថ្ងៃ​ទី​១​ មេសា គេ​មិន​អាច​ស្វែង​​រក​ជួប​មេ​បញ្ជា​ការ​កង​ពល​លេខ​៧០​ ឬ​មន្ត្រី​ណា​ម្នាក់​ ដែល​អាច​ផ្តល់​ព័ត៌​មាន​បាន​ទេ ដោយ​គ្មាន​អ្នក​ស្គាល់​លេខ​ទូរ​ស័ព្ទ​ ​។ ដូច្នេះ​ហើយ​គេ​មិន​អាច​សុំ​ការ​បំភ្លឺ​ជុំ​វិញ​ការ​ចាប់​ខ្លួន​ជន​ទាំង​បួន​ខាង​លើ​នោះ​បាន​​ឡើយ​ ហើយ​ក៏​រឹត​តែ​មិន​ដឹង​ថា​រថ​យន្ត​ទុន​ដ្រា​ ដែល​មាន​បំពាក់​សីុរ៉ែន​​នោះ​ជា​របស់​អង្គ​​ភាព​ឬ​គ្រាន់​​តែ​ជាល្បិច​កែ​ខៃ​របស់​ជន​កំហូច​ឬ​យា៉ង​ណា​នៅ​ឡើយទេ​ ។ គួរ​បញ្ជាក់​ថា ជុំ​វិញ​ករណី​មន្ត្រី​យោ​ធា​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រព្រឹត្តបទ​ល្មើស​ឈើ​គ្រញូង​ និង​ឈើ​ព្រៃ​គ្រប់​ប្រភេទ​នា​ពេល​កន្លង​មក​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ធ្លាប់​បាន​ធ្វើ​ការ​ព្រមាន​ធ្ងន់ៗ​ជា​សាធារណៈ​ថា សុំ​ឱ្យ​មន្ត្រី​ទាំង​អស់​ដក​ខ្លួន​ចេញ​ជា​បន្ទាន់​ កុំ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​គ្រប់​ប្រភេទ បើ​ពុំ​ដូច្នេះ​​ទេ​ ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់ ឬ​អាច​ដក​ហូត​ចេញ​ពី​មុខ​តំណែង​ ដោយ​សង្កត់​ធ្ងន់​ថា «កុំ​ថា​ឡើយ​ពាក់​ត្រឹម​ផ្កាយ​ សូម្បី​តែ​លោក​ខែ​ក៏​ត្រូវ​ដក​ចេញ​ដែរ​» ៕