ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ត្រូវបានគេសង្ស័យថា កើតខ្យល់គ ទើបប្រកាច់ធ្លាក់ពីលើផ្ទះចូលក្នុងទឹក ខណៈទឹក ទន្លេកំពុងតែឡើង បណ្តាលឱ្យលង់ទឹកស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២២ កញ្ញា ឆ្នាំ២០១៩ នៅក្នុងភូមិកំពង់ប្រសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ស្ត្រីរងគ្រោះដែលស្លាប់ឈ្មោះ ញ៉ែម សុភ័ណ្ឌ អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ មានប្តីឈ្មោះ ង្វៀង យ៉ាំងចាំង ជនជាតិវៀតណាម មុខរបរជាកម្មករលីសែង និងមានកូន២នាក់នៅក្នុងបន្ទុក ។ គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ
លោកអធិការនគបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា ស្ត្រីរងគ្រោះតែងតែផឹកស្រាស្រវឹងជាប្រចាំ លុះនៅថ្ងៃកើតហេតុប្តីស្ត្រីរងគ្រោះមិននៅផ្ទះនោះទេ ចំណែកស្ត្រីរងគ្រោះបានស្រវឹងស្រា ដោយមានស្ថានភាពទន់ខ្សោយផងនោះ ទើបកើតទៅជាខ្យល់គ និងប្រកាច់ធ្លាក់ពីលើកាំជណ្តើរផ្ទះចូលក្នុងទឹក ស្របពេលទឹកទន្លេកំពុងតែហក់ឡើង បណ្តាលឱ្យស្ត្រីរងគ្រោះលង់ទឹកស្លាប់តែម្ដង។
ក្រោយពេលកើតហេតុ អ្នកជិតខាងបានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចដើម្បីអោយចុះមកកន្លែងកើតហេតុ និងពិនិត្យសព បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ករណីស្លាប់របស់ស្ត្រីរងគ្រោះខាងលើនេះ គឺបណ្តាលមកពីស្រវឹងស្រា ហើយបានធ្លាក់ពីលើផ្ទះចូលក្នុងទឹក ទើបបណ្តាលអោយលង់ស្លាប់ បែបនេះ ។
បច្ចុប្បន្ន សពស្ត្រីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ