រាជធានីភ្នំពេញ ៖ ថ្លែងក្នុងពិធីផ្សព្វផ្សាយពីកត្តាហានិភ័យនៃការមិនពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១ មេសា នៅទីស្តីការក្រសួង តំណាងលោករដ្ឋមន្ត្រី បានផ្ញើសារដល់ប្រជាពលរដ្ឋទាំងអស់ធ្វើយ៉ាងណាចៀសវាងគ្រោះថ្នាក់ចរាចរណ៍ នៅពេលធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅពេលខាងមុខនេះ។
លោកជំទាវ មឹន មាណវី ថ្លែងថា ប្រជាពលរដ្ឋត្រូវតែយកចិត្តទុកដាក់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ព្រោះថា នៅពេលចូលឆ្នាំម្តងៗ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានសម្រុកចាកចេញពីទីក្រុង ដើម្បីឆ្ពោះទៅកាន់ស្រុកកំណើត ។ ដូច្នេះ ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន សូមផ្ញើសារដល់ប្រជាពលរដ្ឋថា មុននឹងធ្វើដំណើរត្រូវគិតពីសុវត្ថិភាពជាចម្បង គឺត្រូវពិនិត្យបច្ចេកទេសយានជំនិះមុនចេញដំណើរ ហើយត្រូវតែយកចិត្តទុកដាក់ខ្ពស់នៅពេលបើកបរ និងប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងសូមឱ្យអ្នកបើកបរ និងអ្នករួមដំណើរ ត្រូវពាក់មួកសុវត្ថិភាព (សម្រាប់អ្នកជិះម៉ូតូ) និងខ្សែក្រវាត់សុវត្ថិភាព ឱ្យបានត្រឹមត្រូវ (សម្រាប់អ្នកជិះរថយន្ត) ។
លោកជំទាវថ្លែងទៀតថា សារ៩ចំណុចដែលទាមទារឱ្យប្រជាពលរដ្ឋគោរពគឺ ៖
១-មុនចាប់ផ្តើមបើកបរយានជំនិះ អ្នកបើកបរត្រូវប្រកាន់ទម្លាប់ជាស្វ័យប្រវត្តិត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជានិច្ច ចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុនៅលើផ្លូវថ្នល់ ។
២-អ្នកបើកបររថយន្ត និងអ្នករួមដំណើរជាមួយទាំងអស់ សូមពាក់ខ្សែក្រវាត់សុវត្ថិភាព ឱ្យបានគ្រប់ៗគ្នា ហើយភារកិច្ចពាក់ខ្សែក្រវាត់នេះ ត្រូវឱ្យក្លាយជាទម្លាប់ជាប្រចាំរបស់ខ្លួនពេលឡើងបញ្ជា ឬជិះរថយន្តម្តងៗ ។
៣-អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ សូមពាក់មួកសុវត្ថិភាពគ្រប់ៗគ្នា ពេលធ្វើដំណើរជិត ឬឆ្ងាយ និងគ្រប់ពេលវេលា ។ ត្រូវចងចាំជានិច្ចថា «មួកសុវត្ថិភាពមួយ ការពារជីវិតបានម្នាក់» ។
៤-អ្នកបើកបរត្រូវបន្ថយល្បឿនបើកបររបស់ខ្លួនទៅតាមស្ថានភាពផ្លូវ និងស្ថានភាពចរាចរណ៍ ដូចជាផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចុះ ឡើងចំណោត ផ្លូវចង្អៀត ឬរអិល ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍កន្លងមក ដោយសារតែការបើកលឿនហួសកំណត់ គឺរថយន្តបើកបរក្នុងល្បឿនត្រឹមតែ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅក្រៅទីប្រជុំជន និងល្បឿនបើកបរត្រឹមតែ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅទីប្រជុំជន ។ ចំពោះម៉ូតូដែលបើកបរក្នុងទីប្រជុំជន សូមបន្ថយល្បឿនឱ្យមកត្រឹមតែ៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ ៥-អ្នកបើកបរ មុននឹងជែង ត្រូវដឹងឱ្យច្បាស់ថា ផ្លូវខាងមុខទំនេរ និងអាចជែងបានដោយសុវត្ថិភាព ចៀសវាងការជែងប្រថុយប្រថាន ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។ ៦-អ្នកបើកបរត្រូវគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ដោយត្រូវបើកបរបន្ថយល្បឿននៅពេលជិតដល់ផ្លូវប្រសព្វ និងត្រូវទុកសិទ្ធិឱ្យអ្នកបើកបរដែលធ្វើចរាចរណ៍នៅលើផ្លូវត្រង់មានសិទ្ធិទៅមុន ។
៧-ចងចាំជានិច្ចនូវពាក្យស្លោកថា «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ។ ៨-ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ជាពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សលើដំបូលឡើយ ។
៩-នៅពេលបើកបរ ត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ និងការអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ។
ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃ ដែលជាកត្តាកំពុងព្រួយបារម្ភនោះ លោកជំទាវ មឹន មាណវី បានថ្លែងទៀតថា ដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធារ និងមានរថយន្តប្រើប្រាស់ ពេលទៅណាមកណា ពួកគាត់ធ្វើដំណើររួមគ្នា ដល់ពេលមានគ្រោះថ្នាក់ គឺមានជាក្រុម ។ បញ្ហានេះរាជរដ្ឋាភិបាល បានស្នើសុំឱ្យមានការប្រុងប្រយ័ត្ន កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ។ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនដោយសារកត្តាមនុស្ស ។ បញ្ហានេះត្រូវបានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការជួយពីដៃគូ ពិសេសអង្គការសុខភាពពិភពលោក តែងតែបើកវគ្គបណ្តុះបណ្តាលនានាដើម្បីរំលឹកឱ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ។
លោក ស្ទឺវិន អុីឌីង ប្រធានក្រុមការងារជំងឺឆ្លង និងសុខភាពបរិស្ថាននៃអង្គការសុខភាពពិភពលោក ថ្លែងថា បានជាអង្គការសុខភាពពិភពលោកចាប់អារម្មណ៍ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ព្រោះថា កម្ពុជាកំពុងតែមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ដែលជាកត្តាកំពុងព្រួយបារម្ភ និងជាបញ្ហាមួយដែលស្ថិតក្នុងគម្រោងរបស់អង្គការសុខភាពពិភពលោក ដែលគាំទ្រដោយមូលនិធិប៊្លូមបឺតភីលែនត្រូភី ហើយក្នុងចំណោមប្រទេសចំនួន១០ មានតែកម្ពុជាទេ ដែលគម្រោងនេះបានគាំទ្រ ។ ដូច្នេះ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ សូមបងប្អូនទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់ ។
សូមបញ្ជាក់ថា ក្នុងពិធីផ្សព្វផ្សាយហានិភ័យនៃការមិនពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង អង្គការសុខភាពពិភពលោក ក្រោមជំនួយមូលនិធិប៊្លូមបឺតភីលែនត្រូភី បានចែកមួកចំនួន១៥០ដល់មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ៕
ចែករំលែកព័តមាននេះ