រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដែលកោះសន្តិភាពទទួលបាននៅព្រឹកថ្ងៃទី១ មេសា គឺជាការឆ្លើយតបទៅនឹងគណបក្សសង្គ្រោះជាតិដែលបានចេញសេចក្តីថ្លែងការណ៍ដោយចោទប្រកាន់ថា «កម្លាំងអាជ្ញាធរមានសមត្ថកិច្ចបានបង្ក្រាបដោយហិង្សាមកលើការជួបជុំរបស់ប្រជាពលរដ្ឋ ដែលដឹកនាំដោយលោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំសំឡេងប្រជាពលរដ្ឋ ក្នុងគោលបំណងទាមទារសិទ្ធិប្រើប្រាស់ហ្វ្រេកង់វិទ្យុ និងទូរទស្សន៍ពីក្រសួងព័ត៌មាននៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី៣១ មីនា ២០១៤» ។
ការចោទប្រកាន់នេះត្រូវបានសាលារាជធានីច្រានចោលដោយសំអាងថា គ្មានមូលដ្ឋានគតិយុត្តច្បាស់លាស់ដែលប្រាសចាកពីការពិតទាំងស្រុង ។ សាលារាជធានីភ្នំពេញបានរំលឹកពីហេតុការណ៍ឡើងវិញថា ៖ ១-នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣១ មីនា ២០១៤ មានមនុស្សប្រមាណ២០០នាក់បានប្រមូលផ្តុំនៅលើសួនច្បារ និងស្ពាននាគ ធ្វើឱ្យកកស្ទះចរាចរណ៍តាមដងមហាវិថីព្រះនរោត្តម ដោយមានវត្តមានលោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំសំឡេងប្រជាពលរដ្ឋ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត និងសកម្មជនមកពីគណបក្សសង្គ្រោះជាតិ សកម្មជនដីធ្លីមកពីតំបន់បឹងកក់ បុរីកីឡា ថ្មគោល និងអង្គការសង្គមស៊ីវិលមួយចំនួន បានមកជួបជុំដើម្បីដង្ហែក្បួនតវ៉ាទៅក្រសួងព័ត៌មាន ដោយគ្មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ។
២-ករណីសុំដំឡើងកម្លាំងផ្សាយនៅតាមបណ្តាខេត្តមួយចំនួន និងសុំហ្វ្រេកង់បង្កើតទូរទស្សន៍របស់លោកម៉ម សូណង់ដូ នោះ សាលារាជធានីភ្នំពេញធ្លាប់បានជូនដំណឹងជាច្រើនលើកច្រើនសា និងបានបង្កលក្ខណៈឱ្យទំនាក់ទំនងដោយផ្ទាល់ជាមួយក្រសួងព័ត៌មានដើម្បីរកដំណោះស្រាយស្របតាមនីតិវិធីរដ្ឋបាល ព្រោះថាការដង្ហែក្បួនតវ៉ាតាមដងផ្លូវបែបអនាធិបតេយ្យ ពុំមែនជាដំណោះស្រាយល្អប្រសើរឡើយ។
៣-សាលារាជធានីភ្នំពេញ សូមសម្តែងការសោកស្តាយចំពោះការប៉ះទង្គិចរវាងក្រុមអ្នកតវ៉ា និងសមត្ថកិច្ចដែលមានភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ បង្កឡើងដោយការអុជអាលញុះញង់ពីគណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិលមួយចំនួនដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលធ្វើឱ្យមានអំពើហិង្សានេះកើតឡើង ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ មីនា គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្ក្រាបដោយហិង្សាមកលើការជួបជុំរបស់ប្រជាពលរដ្ឋដែលដឹកនាំដោយលោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ FM105 MHZ ក្នុងគោលបំណងទាមទារសិទ្ធិប្រើប្រាស់ហ្វ្រេកង់វិទ្យុ និងទូរទស្សន៍ពីក្រសួងព័ត៌មាននៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី៣១ មីនា ឆ្នាំ២០១៤ ។
ខ្លឹមសារនៃសេចក្តីថ្លែងការណ៍បានលើកឡើងថា គណបក្សសង្គ្រោះជាតិសង្កេតឃើញថា រាល់ការទាមទារសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋក្នុងការជួបជុំ ឬសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ឬទីសាធារណៈនានា ត្រូវបានទទួលរងការគំរាមកំហែង ការរារាំងទប់ស្កាត់ និងការបង្ក្រាបដោយហិង្សាពីសំណាក់អាជ្ញាធរដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលនេះគឺជាការរំលោភបំពានលើសិទ្ធិមនុស្ស ពិសេសសិទ្ធិសេរីភាពក្នុងការជួបជុំ ការសម្តែងមតិ ដែលសិទ្ធិទាំងអស់នេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិ ។ ចំណែកសង្គមសីុវិលវិញ នៅថ្ងៃទី១ មេសា ក៏មានប្រតិកម្មចំពោះការលើកឡើងរបស់សាលារាជធានីភ្នំពេញដែលថា ក្រុមអង្គការសង្គមសីុវិលមួយចំនួនបានញុះញង់ឱ្យមានការប៉ះទង្គិចរវាងកម្លាំងសមត្ថកិច្ច និងក្រុមអ្នកតវ៉ារបស់លោក ម៉ម សូណង់ដូ កាលពីថ្ងៃទី៣១ មីនា ២០១៤ រហូតដល់មានមនុស្ស២នាក់រងរបួស ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ លោកអំ សំអាត ដែលបានតាមដានព្រឹត្តិការណ៍នោះត្រូវបានដកស្រង់សម្ដីថា ការដែលសាលារាជធានីភ្នំពេញចោទប្រកាន់បែបនេះ គឺជាការទម្លាក់ចោលការទទួលខុសត្រូវរបស់ខ្លួន ។ លោកបន្តថា ក្នុងនាមជាសង្គមសីុវិល គឺគ្រាន់តែទៅឃ្លាំមើលប្រជាពលរដ្ឋ ចៀសវាងមានការរំលោភសិទ្ធិមនុស្ស តែផ្ទុយទៅវិញ អាជ្ញាធរទេដែលប្រើហិង្សាដាក់ប្រជាពលរដ្ឋ ដែលគ្រាន់តែសម្ដែងមតិ ធ្វើឱ្យពួកគាត់មានរបួស ៕
ចែករំលែកព័តមាននេះ