ខេត្តព្រៃវែង ៖ ដើម្បីការពារនិងអភិរក្សធនធានមច្ឆជាតិអោយនៅគង់វង្ស សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មន្រ្តីជំនាញនិងសមត្ថកិច្ច រួមជាមួយប្រជាពលរដ្ឋនៅក្នុងឃុំធាយ ស្រុកបាភ្នំ សហការគ្នាចុះរើសម្រាស់នៅក្នុងអន្លង់បឹងស្នេហ៍(បឹងអភិរក្ស) ដែលត្រូវបានជនល្មើសលួចដាក់ប្រមូលចាប់ត្រី យ៉ាងអនាធិបតេយ្យនាពេលកន្លងមក។
តាមការឱ្យដឹងពីមន្រ្តីអង្គការ women ដែលកំពុងធ្វើការលើផ្នែកអភិរក្សនៅក្នុងបឹងស្នេហ៍នេះបានឱ្យដឹងថា បឹងស្នេហ៍គឺជាបឹងអភិរក្ស ដែលមានអន្លង់ដ៏ធំមួយនៅចំកណ្តាល ហើយត្រូវបានកំណត់យកជាទីតាំងអភិរក្សដើម្បីរក្សាប្រភពត្រីសំរាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ប៉ុន្តែថ្មីៗនេះមានជនខិលខូចមួយចំនួន បានលួចយកសម្រាស់ ទៅដាក់នៅក្នុងអន្លង់ដែលហាមឃាត់នោះយ៉ាងអនាធិបតេយ្យ ដោយក្នុងរយៈពេល៣ទៅ៤ថ្ងៃគេរើសម្រាស់ម្តង ដោយចាប់ប្រមូលយកត្រីក្នុង១សម្រាស់ៗ ពី១០០០ទៅ១៥០០គីឡូក្រាមឯណោះ។
មន្រ្តីដដែលបញ្ជាក់ថា ការចាប់ប្រមូលយកត្រីក្នុងទំហំដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ នឹងធ្វើឱ្យបាត់បង់ធនធានមច្ឆជាតិ ដែលអាចនឹងធ្វើឱ្យមានបញ្ហាកង្វះខាតត្រីសំរាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសគឺប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទជាលក្ខណៈគ្រួសារនៅក្នុងដែនបឹងស្នេហ៍នេះ។ ដោយមើលឃើញពីបញ្ហានេះទើបអង្គការ សហការជាមួយមន្រ្តីជលផល សមត្ថកិច្ចនិងប្រជាពលរដ្ឋក្នុងឃុំធាយធ្វើការចុះបង្រ្កាបនិងរើសម្រាស់ទាំងនោះចោល និងចាត់វិធានការ ការពារដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាននៅក្នុងមូលដ្ឋាន។
ចែករំលែកព័តមាននេះ