អំណោយ​សម្តេច​តេ​ជោ ផ្តល់​ជូន​អ្នក​របួស​ដោយសារ​គ្រោះថ្នាក់​បាក់​ដី​ភ្នំ​សង្កត់


ខេត្តបាត់ដំបង​ ៖ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះ​មហន្ដរាយ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន១០​លាន​រៀល​ដល់​គ្រួសារ​សព​ជន​រង​គ្រោះ និង​ចំនួន​៥​លាន​រៀល​ជូន​ដល់​អ្នក​របួស ដោយសារ​គ្រោះថ្នាក់​បាក់​ដី​ភ្នំ​សង្កត់​លើ​នៅ​ស្រុក​សំឡូត ក្បែរ​ច្រករបៀង​ពាម​តា​ព្រំដែន​ថៃ ។

ថវិកា​អំណោយ​របស់​សម្ដេច​តេ​ជោ ត្រូវ​បាន​លោក​ទេស​រដ្ឋមន្ដ្រី គន់ គី​ម អនុប្រធាន​ទី​១​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រោះ​មហន្ដរាយ នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ចាត់​ឲ្យ​លោក​ឧត្ដមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ យក​ទៅ​ប្រគល់​ជូន​អ្នក​រង​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង និង​ក្រុម​គ្រួសារ​របស់​អ្នក​ស្លាប់​នៅ​គេហដ្ឋាន​ផ្ទាល់ ។

លោក​ទេស​រដ្ឋមន្ត្រី គន់ គី​ម ថ្លែង​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ​ភ្លាម គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រោម​បញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រុករក ជន​រង​គ្រោះ​ទាំងអស់
​ដែល​បាត់​ខ្លួន តែ​ជា​អកុសល ក្នុង​ពេល​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ម្នាក់​បាន​ស្លាប់ ហើយ​ម្នាក់​ទៀត​ត្រូវ​បាន​
ជួយ​សង្គ្រោះ​ទាន់​ពេល និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឯ​ម្នាក់​ទៀត​បាត់​ខ្លួន ។

សូម​ជម្រាប​ថា អាជ្ញាធរ​ខេត្តបាត់ដំបង កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែកញ្ញា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ពលរដ្ឋ​ម្នាក់​ដែល​បាត់​ខ្លួន​ក្នុង​ករណី​ដី​ភ្នំ​បាក់​សង្កត់​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ត្រូវ​បាន​រក​ឃើញ​សព​ហើយ ។ អ្នក​ដែល​បាត់​ខ្លួន​នេះ​ឈ្មោះ ផា​ន់ រី អាយុ​២០​ឆ្នាំ ត្រូវ​បាន​កម្លាំង​ចម្រុះ​ស្វែងរក​ឃើញ​នៅ​ក្នុង​ទឹកដី​ថៃ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​បុរស​នេះ​បាន​ស្លាប់ ហើយ​សព​មាន​សភាព​ហើម​ស្អុយរលួយ​ទៅ​ហើយ ។

អាជ្ញា ធរ​បាន​បញ្ជាក់​ទៀត​ថា សព​ជន​រង​គ្រោះ​រូប​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​និង​សាច់ញាតិសម្រេច​បូជា​នៅ​ទីកន្លែង​ដែល​កងកម្លាំង​បាន​រក​ឃើញ​តែ​ម្តង នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា នៅ​លើ​ទឹកដី​ថៃ រួច​ទើប​យក​ឆ្អឹង​មក​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​ក្នុងភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង ។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​១៦ ខែកញ្ញា​កន្លង​ទៅ មាន​ពលរដ្ឋ​៧​នាក់​បាន​ចូល​ទៅ​ក្នុង​ព្រៃ នៅ​ចំណុច​ព្រំដែន​កម្ពុជា​​-​​ថៃ ច្រក​ពាម​តា ឃុំ​តា​តោកដើម្បី​ដាក់​អន្ទាក់​សត្វ ហើយ​ត្រូវ​ជំនន់​ទឹកភ្លៀង​វាយប្រហារ​បណ្តាល​ឱ្យ​ដី​ភ្នំ​បាក់​សង្កត់​លើ​ពួក​គេ​។ ក្នុង​ពេល​នោះ​មាន​ពលរដ្ឋ​៤​នាក់​បាន​រត់​រួច​និង​ម្នាក់​រង​របួសធ្ងន់ ២​នាក់​បាត់​ខ្លួន តែ​រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែកញ្ញា សមត្ថកិច្ច​ចម្រុះ​បាន​ស្រាវជ្រាវ​រក​ឃើញ​មនុស្ស​ទាំង​២​នាក់​ដែល​បាត់​ខ្លួន​នោះ​អស់ហើយ ដោយ​ម្នាក់​នៅ​មានជីវិត ដោយ​គ្រាន់តែ​រង​របួស និង​ម្នាក់​ទៀត​ស្លាប់​។

អភិបាលស្រុក​សំឡូត លោក សើ សា​វ៉េ​តថ្លែង​ថា ពលរដ្ឋ​ឈ្មោះ ផា​ន់ រី ដែល​បាត់​ខ្លួន​ក្នុង​ចំណោម​ពលរដ្ឋ​២​នាក់ ដែល​បាន​រក​ឃើញ​ម្នាក់ កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា លុះ​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា កម្លាំង​ចម្រុះ​ដែល​បាន​ចុះ​ទៅ​ស្វែងរក​បន្ត​ទៀត​នៅ​ក្នុង​ទឹកដី​ថៃ​បាន​ជួប​ហើយ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ គឺ​បុរស​ឈ្មោះ ផា​ន់ រី អាយុ ២០​ឆ្នាំ បាន​ស្លាប់ ហើយ​សព​មាន​សភាព​ហើម ស្អុយរលួយ​បាត់​ទៅ​ហើយ ។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុម​គ្រួសារ​សព​និង​សាច់ញាតិ​បាន​សម្រេច​ទៅ​បូជាសព នៅ​ទីកន្លែង​ដែល​បាន​រក​ឃើញ​នៅ​លើ​ទឹកដី​ថៃ រួច​ហើយ ទើប​យក​ឆ្អឹង​មក​ធ្វើបុណ្យ​នៅ​គេហដ្ឋាន គឺ​នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត ។

យុវជន​ឈ្មោះ ទ្រី​ន កុសល អាយុ​២៥​ឆ្នាំ គឺជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​៧​នាក់ ដែល​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​ដាក់​អន្ទាក់​ចាប់​សត្វ​នៅ​ចំណុ​ច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ក្នុងស្រុក​សំឡូត កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ហើយ​ត្រូវ​ដី​ភ្នំ​បាក់​សង្កត់​ពេល​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​រង​របួសធ្ងន់​បាក់​ស្មា ។

អ្នក​ភូមិ​៧​នាក់ ដែល​បាន​ចូល​ទៅ​ដាក់​អន្ទាក់ចាប់​សត្វ​នោះ​រួម​មាន ១-​ឈ្មោះ ដុំ សុភាព អាយុ​៦៤​ឆ្នាំ ២-​ឈ្មោះ ឆែម ប្រុស អាយុ​២៥​ឆ្នាំ ៣-​ឈ្មោះ កៅ កាន់ អាយុ​១៧​ឆ្នាំ ៤-​ឈ្មោះកៅ នី អាយុ​២០​ឆ្នាំ ៥-​ឈ្មៅះ ទ្រី​ន កុសល អាយុ២៥​ឆ្នាំ​(​របួស​) ៦-​ឈ្មោះ ផា​ន រី អាយុ​២៧​ឆ្នាំ​(​បាត់ខ្លួន​) និង​៧-​ឈ្មោះ ធាន កុយ អាយុ​១៧​ឆ្នាំ​(​បាត់ខ្លួន​) ។ ពួក​គេ​រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង ។

ប្រតិបត្តិការ​រ​រុករក បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ដែល​កម្លាំង​ចម្រុះ​មាន​២៥​នាក់ រ​យម​មាន​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បាន​បន្ត​រុករក​ប្រជាពលរដ្ឋ​ខ្មែរ​២​នាក់ ដែល​បាន​បាត់​ខ្លួន​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​ទាំង២​រូប​នេះ បាត់​ខ្លួន​នៅ​ក្នុង​ទឹកដី​ថៃ ៕​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ