រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣១ មីនា បានស្រាវជ្រាវ និងឃាត់ខ្លួនបុរសម្នាក់ដែលកំពុងសម្រាកព្យាបាលរបួសនៅគ្លីនិកសម្ភពមនោរម្យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ការស្រាវជ្រាវ និងឃាត់ខ្លួនបុរសនេះ គឺសមត្ថកិច្ចហៅថា ជាការស្វែងរកចាប់ខ្លួនតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដោយយុវជនរូបនេះជាប់ពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀន និងមានការផ្ទុះអាវុធដាក់គ្នាជាច្រើនគ្រាប់នៅក្បែរក្រសួងព័ត៌មាន រវាងពួកគេ២ក្រុមបណ្ដាលឱ្យម្នាក់ស្លាប់ និងម្នាក់ទៀតរបួស តែភ្លាមៗនោះ គេមិនដឹងថាភាគីខាងខ្មាន់កាំភ្លើងមានរងរបួសនោះទេ ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ការផ្ទុះអាវុធនៅក្បែរក្រសួងព័ត៌មាន កាលពីវេលាម៉ោងជាង៥ភ្លឺថ្ងៃទី២៣ មីនា កន្លងមក បណ្ដាលឱ្យម្នាក់ស្លាប់ និងម្នាក់រងរបួសគឺជារឿងពាលស៊ីពាល ដែលក្រុមទាំង២នោះគឺជាក្រុមជួញដូរគ្រឿងញៀន ។ ជនសង្ស័យដែលនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាវជ្រាវឃាត់ខ្លួននៅក្នុងគ្លីនិកមានឈ្មោះថា ឆន លីម ហៅរ៉ូនី ហៅថាយ ម៉េង អាយុ ២៧ឆ្នាំ ស្នាក់នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ ទាក់ទិននឹងការឃាត់ខ្លួន ជនសង្ស័យនេះលោកឧត្ដមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការរង និងជាប្រធានការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឱ្យដឹងថា នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី តី វិសាល អនុប្រធានការិយាល័យ បានស្រាវជ្រាវ និងឃាត់ខ្លួនជនឈ្មោះ ឆន លីម ដែលទៅសម្ងំព្យាបាលរបួសនៅគ្លីនិកឯកជនសម្ភពមនោរម្យ ថែមទាំងដកហូតបានកាំភ្លើងខ្លី២ដើម និងថ្នាំញៀន១កញ្ចប់ទៀតផង ។ លោកស្នងការរងបន្ដថា ជនឈ្មោះ ឆន លីម ហៅ ថាយ ម៉េង ជាមុខសញ្ញាប្លន់ប្រដាប់អាវុធ និងធ្លាប់ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ចាប់ខ្លួនទៀតផង ជាមួយគូកនឈ្មោះ វ៉ាន់ សុធារ៉ា ហៅជ័រ ដែលត្រូវគេបាញ់សម្លាប់ ។
ក្រោយពីឃាត់ខ្លួន និងនៅពេលរបួសគេបានធូរស្រាល សមត្ថកិច្ចនឹងនាំខ្លួនជននេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
គួររំលឹកថា បុរស២នាក់ត្រូវបានមិត្ដភក្ដិដឹកតាមម៉ូតូមកកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះជីវិត ក្រោយពីត្រូវខ្មាន់កាំភ្លើងដេញបាញ់ កាលពីវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃទី២៣ មីនា ខណៈពេលជិះម៉ូតូមកដល់មុខផ្ទះសំណាក់មីុលីស ទីតាំងផ្ទះលេខ២៨G មហាវិថីព្រះមុនីវង្ស ខាងត្បូងច្រកចូលក្រសួងព័ត៌មាន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ក្នុងហេតុការណ៍នេះ បណ្ដាលឱ្យជនរងគ្រោះម្នាក់ស្លាប់មុនពេលទៅដល់មន្ទីរពេទ្យ និងបុរសម្នាក់ទៀតរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ រីឯខ្មាន់កាំភ្លើងគេចខ្លួនបាត់ ។
មន្ដ្រីសមត្ថកិច្ចនិយាយថា បុរសដែលត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់ឈ្មោះ វ៉ាន់ សុធារ៉ា ហៅជេម អាយុ ២៦ឆ្នាំ ជាអ្នករត់តាក់ស៊ីពីភ្នំពេញទៅខេត្ដព្រះសីហនុ ស្នាក់នៅផ្ទះលេខ៤១ ក្នុងបុរីប៉េងហួត ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវគ្រាប់ចំលើដោះខាងស្ដាំមួយគ្រាប់ ។ ឯបុរសម្នាក់ទៀតឈ្មោះ ផន ប៉ូលីន អាយុ ២៧ឆ្នាំ ជាអ្នកចែកបៀនៅកាស៊ីណូ ស្នាក់នៅផ្ទះលេខ២៩Eo សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ត្រូវគ្រាប់ចំក្រោមដោះខាងឆ្វេងមួយគ្រាប់របួសធ្ងន់ ។ តាមការស្រាវជ្រាវមិនមែនរងរបួសតែ២នាក់នេះទេ ក្នុងការបាញ់ប្រហារកណ្ដាលទីក្រុងទាំងព្រឹកព្រលឹមនេះ គឺបុរសម្នាក់ទៀតក៏ត្រូវរបួសដែរឈ្មោះ ជិន ហួតរ៉ាឌី អាយុ ២៧ឆ្នាំ ស្នាក់នៅក្នុងសង្កាត់អូរឫស្សី ខណ្ឌ៧មករា ត្រូវគ្រាប់ចំចង្អុលដៃស្ដាំរបួសស្រាល តែបានគេចខ្លួនបាត់ ។
យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុ បុរសឈ្មោះ វ៉ាន់ សុធារ៉ា, ផន ប៉ូលីន និង ជិន ហួតរ៉ាឌី ជិះម៉ូតូម៉ាកឌូក ពណ៌ខ្មៅលាយទឹកក្រូច ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្សឆ្ពោះទៅទិសខាងត្បូង ក្រោយពីពួកគេចេញពីផឹកស៊ីនៅក្លិបមួយនៅម្ដុំគល់ស្ពានជ្រោយចង្វា ហើយក៏មានម៉ូតូ១គ្រឿងទៀតម៉ាកស៊ុយហ្សុ៊ុយគីស្មាស ជិះគ្នា៣នាក់បើកដេញតាមពីក្រោយ ។ ពេលមកដល់មុខផ្ទះសំណាក់មីុលីស ខាងត្បូងច្រកចូលក្រសួងព័ត៌មាន ម៉ូតូស៊ុយហ្សុ៊យគីស្មាសបានវ៉ាខាងឆ្វេងដៃរួចបុរសម្នាក់ដែលអង្គុយកណ្ដាលបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ជាបន្ដបន្ទាប់ចំនួន២គ្រាប់មកលើអ្នកបើកម៉ូតូម៉ាកឌូក រួចហើយក្រុមខ្មាន់កាំភ្លើងនោះក៏បានបើកម៉ូតូបកក្រោយវិញឆ្ពោះទៅទិសខាងជើងបាត់ស្រមោលទៅ ។ ដោយឡែក ជនរងគ្រោះព្យាយាមបើកម៉ូតូរហូតដល់ម្ដុំផ្សារអូរឫស្សី ហើយទូរស័ព្ទហៅមិត្ដភក្ដិរបស់ខ្លួនមកជួយដឹកទៅមន្ទីរពេទ្យកាល់ម៉ែត តែបុរសឈ្មោះ វ៉ាន់ សុធារ៉ា បានស្លាប់នៅពាក់កណ្ដាលផ្លូវ ៕
ចែករំលែកព័តមាននេះ