ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បួន​បាតុកម្មតូច​ដឹកនាំ​ដោយ​លោក ម៉ម ​សូណង់​ដូ ត្រូវ​បាន​បំបែក

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​​ ៖​​​ ​​ដូច​ការ​គ្រោង​ទុក​​នៅ វេលាម៉ោង​​​ជា​ង​​៨​​​ព្រឹក​ថ្ងៃទី​​៣១ មីនា ​​​​លោក​ ម៉ម សូណង់​ដូ​ ​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ​​ រួម​ជា​មួយ​អ្នក​​​គាំទ្រ​​​សមា​គម​​​អ្នកប្រជា​ធិបតេយ្យ​​​​​ និងក្រុម​​​សកម្ម​ជន​​ដី​ធ្លី​​មុខ​ដដែល​ៗ​​សរុប​ទាំង​​អស់​មាន​​​​​​​ប្រមាណ​១០០​​​នាក់​ ​បាន​ព្យា​យាម​​​​នាំ​គ្នា​សម្រុក​​ចូល​ទីលាន​ប្រជា​ធិប​តេយ្យ​​​​ដែល​ជា​ទី​លាន​​ហាម​ឃាត់​និង​​ដោយ​មិន​​មានការ​អនុញ្ញាត​ពីសាលា​រាជធានី​ភ្នំពេញ​ ​​​ក៏​​ត្រូវ​​​បានកម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ដូន​ពេញ

រាជធានី​ភ្នំពេញ​​​ ៖​​​ ​​ដូច​ការ​គ្រោង​ទុក​​នៅ វេលាម៉ោង​​​ជា​ង​​៨​​​ព្រឹក​ថ្ងៃទី​​៣១ មីនា ​​​​លោក​ ម៉ម សូណង់​ដូ​ ​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ​​ រួម​ជា​មួយ​អ្នក​​​គាំទ្រ​​​សមា​គម​​​អ្នកប្រជា​ធិបតេយ្យ​​​​​ និងក្រុម​​​សកម្ម​ជន​​ដី​ធ្លី​​មុខ​ដដែល​ៗ​​សរុប​ទាំង​​អស់​មាន​​​​​​​ប្រមាណ​១០០​​​នាក់​ ​បាន​ព្យា​យាម​​​​នាំ​គ្នា​សម្រុក​​ចូល​ទីលាន​ប្រជា​ធិប​តេយ្យ​​​​ដែល​ជា​ទី​លាន​​ហាម​ឃាត់​និង​​ដោយ​មិន​​មានការ​អនុញ្ញាត​ពីសាលា​រាជធានី​ភ្នំពេញ​ ​​​ក៏​​ត្រូវ​​​បានកម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ដូន​ពេញ ​និង​នគរ​បាល​ប្រឆាំង​បាតុ​កម្ម​បាន​រា​រាំង​និង​មាន​ការ​ប៉ះទង្គិច​​​​គ្នា​មួយប្រាវ​បណ្ដាល​ឱ្យ​អ្នកតវ៉ា​​​​២នាក់​​បែក​ក្បាល​ និងម្នាក់​ត្រូវ​បាន​ឃាត់​​ខ្លួន​ដោយ​​ចោទ​​ថា​​បាន​​ញុះញង​់​​ឱ្យ​មាន​អំពើហ​​ិង្សា​​និងបាន​គំរាម​​​ដុត​រថយន្ត​សមត្ថ​កិច្ច ។​

មន្ត្រីសាលា​ខណ្ឌ​ដូន​ពេញ​​ដែល​តាម​ដាន​សភាពការណ៍​​​បាតុកម្ម​ដឹកនាំ​​ដោយ​លោក ម៉ម សូណង់ដូ​ នេះ​បាន​និយាយ​​ថា ការប៉ះទង្គិច​​គ្នា​បាន​កើត​នៅវេលាម៉ោង​​៨និង​​​៣៥​នាទី​​​ព្រឹក ខណៈ​​ពេល​ពួកគេ​​​ព្យា​យាម​​​ចូល​ទៅ​កាន់​​​​ទីលាន​ប្រជា​ធិបតេយ្យ​​​ក្នុង​បំណង​​ធ្វើ​ការ​តវ៉ា​ទាម​ទារ​​សុំ​​​​​​​​​​ដំឡើង​​​វិទ្យុផ្សព្វ​ផ្សាយ​​បន្ត​ទៅ​តាម​​បណ្ដា​ខេត្ត​​​​​​​​​និង​សុំ​ហ្វ្រេ​កង់​​ទូរទស្សន៍​​​ ។ ការ​ប៉ះ​ទង្គិច​​​គ្នា​មួយ​ប្រាវ​នេះ​​​​មិន​បង្ក​​ឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​​នោះទេ តែ​បណ្ដាល​​ឱ្យ​អ្នក​តវ៉ា​​២នាក់​​​រង​របួសបែក​ក្បាល​​ ។ ប៉ុន្តែ​ក្រោយ​ពី​​​​​​​​​​​​ប៉ះទង្គិច​​ក្រុម​អ្នកត​វ៉ាបាន​ដក​ថយ​ចេញ​ពី​ក្បែរ​ទីលាន​ប្រជា​ធិបតេយ្យ​មក​ប្រមូល​​ផ្ដុំ​គ្នា​​នៅ​លើសួនច្បារ​​ខាងកើត​ស្ពាន​នាគ​​​វិញ​ម្ដង​ ។

លោក ម៉ម សូណង់​ដូ បាន​និយាយ​ទៅ​​កាន់​ក្រុម​​បាតុករ​នោះថា លោក​និង​​បន្ត​ធ្វើការ​​ទាម​ទារ​ដំឡើង​វិទ្យុ និងហ្រេ្វកង់​ទូរទស្សន៍​​​រហូត​ទាល់​តែ​បាន​សម្រេច​ ​បើទោះបី​ជា​ពេល​នេះមិន​​ត្រូវ​បាន​សាលា​រាជធានី​​ឱ្យ​លោក​ដ​ង្ហែ​​ក្បួន​ទៅកាន់​ក្រសួង​ព័ត៌មាន​​ក៏ដោយ​ ។ បន្ទាប់​​​​មក​​​​លោក ម៉ម សូណង់​ដូ​​បាន​ឱ្យក្រុម​បាតុករ​​​នាំ​គ្នា​រំសាយ​​នៅ​វេលាម៉ោង​​​​៩​និង​​២០នាទី ​​រួច​លោក​ក៏បានឡើង​ជិះ​រថយន្ត​ចេញ​​​ទៅ​​ផ្ទះ​​​វិញ​ ដោយ​​​​បាន​បើក​កញ្ចក់​រថយន្ត​លើក​ដៃ​បាយៗទៀតផង ទុក​​ឱ្យ​អ្ន​កហែ​​ហម​​ទាំង​ឡាយ​​​បែកខ្ញែក​​គ្នា​តាម​យថា​​​កម្ម​ដូច​កូន​មាន់​​​​​បាត់​មេ ។​ មន្ត្រីនគរបាលខណ្ឌ​ដូនពេញ​បាន​ឱ្យដឹង​​​ថា នៅ​វេលាម៉ោង​​១០​ព្រឹក​នា​ថ្ងៃ​ដដែល​​កម្លាំង​នគរ​បាល​​ប្រឆាំងបាតុកម្ម​បាន​រុញ​ច្រាន​​ក្រុម​អ្នក​តវ៉ា​​​ដែល​ដឹកនាំដោយ​​លោក​ ម៉ម សូណង់ដូ​ ​​ចេញ​​ពីសួនច្បារ​​​ខាង​កើត​​​​​ស្ពាននាគ​​ក្រោយ​ពេល​​​​លោក ម៉ម សូណង់​ដូ ​ចេញ​ទៅ​​​ ព្រោះ​​​ការប្រមូល​ផ្ដុំ​គ្នា​​នេះ​មិន​មានការ​អនុញ្ញាត​​ពី​សាលា​រាជធានី​​នោះទេ ។

​​​​​​​ការ​ប៉ះ​ទង្គិច​​​គ្នា​ជា​លើក​ទី​​២​​​នេះមិន​ម​ាន​អ្នក​រង​របួស​នោះទេ គ្រាន់​តែ​បុរស​ម្នាក់​​​ត្រូវ​បាន​ឃាត់​​​​ខ្លួន​បញ្ជូន​ទៅ​​អធិការ​ដ្ឋាន​នគរបាល​ប៉ុស្ដិ៍​​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ ដើម្បី​​សាកសួរ​​​ដោយ​សមត្ថកិច្ច​ចោទ​ថា​​បុរស​​​​នេះ​ប្រើ​ពាក្យសម្ដី​ក្នុងការ​ញុះញង់​​ឱ្យ​មាន​អំពើ​ហិង្សា​​និង​គំរាម​​​​​​​​​​​ដុត​​រថយន្ត​​​សមត្ថកិច្ច​​ ។ មន្ត្រី​សមត្ថ​កិច្ច​បាន​បញ្ជាក់ថា ទោះ​ជា​បែប​​​នេះ​ក្ដី​​​បុរស​រូប​នោះ​​ត្រូវ​បាន​ដោះលែង​​ទៅ​វិញ​ ​បន្ទាប់​ពី​សាកសួរនិងឱ្យ​ធ្វើកិច្ច​សន្យា​ ។​​ ​​គួរ​បញ្ជាក់​ផង​ដែ​រ​ថា ​សាលា​រាជធានី​ភ្នំពេញ​​កាល​ពី​ថ្ងៃទី​​​២៥ មីនា កន្លងទៅ​បាន​ប្រកាស​ជា​សាធារណៈ​​​​​​ថា​​ មិន​អនុញ្ញាត​​ឱ្យ​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ​​​ធ្វើបាតុកម្ម​នៅ​លើទីលានប្រជា​ធិបតេយ្យ​​​​​​នា​ព្រឹកថ្ងៃទី​​​៣១ មីនា ​នេះ​ឡើយ ។ ​​​​​​អភិ​បាល​​រង​​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង​ ​តាម​រយៈ​​លិខិត​​​ផ្ញើជូន​​លោក​ ម៉ម សូណង់​ដូ ​បាន​ឱ្យ​ដឹង​ថា ដើម្បីបន្ត​បាន​នូវ​​ភាព​ស្ងប់​ស្ងៀម​​ក្នុង​ការ​ធានា​​​បានជីវភាព​​​​​​​ជាប្រក្រតី​​​ ក៏ដូច​​ជា​របៀប​​​រៀប​​រយ​​​​សាធារណៈ​​ល្អជូន​ប្រជា​ពលរដ្ឋ​ ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​​​ឱ្យប្រធាន​វិទ្យុសម្បុក​ឃ្មុំ​​​​​មានការ​ជួបជុំ​​គ្នា​ធ្វើបាតុកម្ម​​នៅលើ​ទីលាន​ប្រជា​ធិបតេយ្យ​​​ និងការ​ដង្ហែ​​ក្បួន​​ទៅក្រសួង​​ព័ត៌មាន​​​​នៅថ្ងៃទី​​៣១ មីនា ទេ ។​

​លោ​ក​អភិបាល​រង​​រាជធានី​ភ្នំពេញ​រូប​នេះ​បាន​ថ្លែង​បន្ត​ថា ក្នុងករណីមានការ​ជួប​ជុំ​​​និង​ដង្ហែ​ក្បួន​​​ធ្វើ​​​​ឱ​្យ​ប៉ះពាល់​​​​ដល់សន្ដិសុខ​​​ សុវត្ថិ​ភាព​​​និង​របៀប​រៀប​រយ​​សាធារណៈ​​​ ព្រម​ទាំងមានការ​ប៉ះ​ទង្គិច​​ណា​មួយកើត​​ឡើង​​ លោក​ប្រធាន​វិទ្យុ​​ត្រូវ​ទទួលខុស​ត្រូវ​ទាំងស្រុង​​​​​​​​​​​​​​​​​​​​​ចំពោះមុខ​ច្បាប់​ជា​ធរ​​មាន​ ។ គួរ​រំលឹក​​​ថា កាល​ពីថ្ងៃទី​​២៧ មករា ​​២០១៤ វេលាម៉ោង​​៩​និង​​​២៥នាទី​ព្រឹក លោក ម៉ម សូណង់​ដូ​ បាន​ដឹក​នាំ​បាតុករ​ប្រមាណជា​​​៣០០​នាក់​​​​ចេញ​ពីសួន​​​ច្បារ​ខាង​កើត​​ស្ពាន​នាគ​ឆ្ពោះ​ទៅ​កាន់​​ក្រសួងព័ត៌មាន​​​​ដែលមាន​ទីតាំង​លើ​កំណាត់​មហាវិថី​​​​​ព្រះមុនីវង្ស​ ​ខាងជើង​សាលា​រាជធានី​ភ្នំពេញ​​ ស្ថិត​ក្នុង​សង្កាត់ស្រះចក​ ខណ្ឌ​ដូន​ពេញ ដើម្បី​​​ទាម​ទារ​ដំឡើង​វិទ្យុ​ផ្សព្វ​ផ្សាយ​បន្ត​ទៅ​តាម​​បណ្ដាខេត្ត​​និងសុំហ្វ្រេកង់​​​​​ទូរទស្សន៍ ។ ​ប៉ុន្តែ​​កា​រ​​ធ្វើបាតុកម្ម​បិទផ្លូវ​នា​ពេល​នោះ​​​ត្រូវ​បានកម្លាំង​​កង​រាជអាវុធ​ហត្ថ​​​​ប្រឆាំង​បាតុ​កម្ម​ធ្វើការបំបែក​​ដោយ​ប្រើ​គ្រាប់បែក​ផ្សែង ។ ក្នុងការបង្ក្រាប​បាតុកម្ម​​​ពេល​នោះ​មិន​មាន​​អ្នក​រង​របួស​​ឬស្លាប់​​​នោះ​ទេ ៕ ​