ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចបានបើកយុទ្ធនាការបង្ក្រាបផ្ទះកត់កន្ទុយលេខមួយកន្លែង ស្រាប់តែឮសំឡេងផ្ទុះជាច្រើនគ្រាប់ ធ្វើឱ្យអ្នកចោមរោមមើលរត់ជាន់ជើងគ្នាបណ្តាលឱ្យអ្នកខ្លះរងរបួសផងដែរ ។ ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ មីនា នៅភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។ ម្ចាស់ផ្ទះត្រូវបានគេស្គាល់ថាឈ្មោះ ចែមុំ និងប្តីឈ្មោះ ញឹប អាយុប្រមាណ៣៨ឆ្នាំ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ដោយទទួលព័ត៌មានថាផ្ទះខាងលើមានបើកកត់កន្ទុយលេខ សមត្ថកិច្ចនគរបាលដែលមានការចូលរួមពីលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា ផងនោះ បានឆ្មក់ចូលផ្ទះកត់កន្ទុយលេខនេះ ដោយក្នុងនោះមានមនុស្សប្រុសស្រី៧នាក់ កំពុងរៀបចំបញ្ជូនទៅឱ្យមេធំតាម Fax ។ ប្រភពបន្តថា ក្នុងពេលសមត្ថកិច្ចកំពុងធ្វើការសាកសួរមនុស្សក្នុងផ្ទះ ស្រាប់តែមានជនមួយក្រុម នាំគ្នាហែកជញ្ជាំងផ្ទះដើម្បីរំដោះមនុស្សចេញពីក្នុងផ្ទះ គាប់ជួនពេលនោះ ស្រាប់តែឮសូរសំឡេងផ្ទុះពី៤ទៅ៥គ្រាប់ ធ្វើឱ្យអ្នកចោមរោមមើលរត់ប្រសេចប្រសាច បណ្តាលឱ្យអ្នកខ្លះរងរបួស ។ ឆ្លៀតពេលច្របូកច្របល់នោះ មនុស្សក្នុងផ្ទះក៏រត់រួចអស់៥នាក់ នៅសល់តែម្ចាស់ផ្ទះឈ្មោះ ចែមុំ និងអ្នកកត់កន្ទុយលេខម្នាក់ប៉ុណ្ណោះ ។
ប្រភពពីប្រជាពលរដ្ឋវិញ បានឱ្យដឹងដែរថា សមត្ថកិច្ចជាអ្នកបាញ់កាំភ្លើងផ្ញុចដី ទើបប្លាតបណ្តាលឱ្យមានអ្នករងរបួសបែបនេះ ។ បើទោះជាមានការលើកឡើងដូចនេះក្តី ក៏ខាងសមត្ថកិច្ចបដិសេធ និងអះអាងថា ពេលនោះមានមនុស្សយកផាវប្រភេទគ្រាប់បែកដុត ហើយបោះមកដាក់សមត្ថកិច្ច ទើបបានជាមានការច្របូកច្របល់បែបនេះ ។ ពេលនេះមេឆ្នោត និងអ្នកកត់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ សូមរំឭកថា ល្បែងកន្ទុយលេខនេះ កំពុងពេញនិយមបំផុតនៅក្នុងខេត្តកំពង់ស្ពឺ ហើយដោយសារល្បែងនេះ មានអ្នកខ្លះខកចិត្តមិនស្ទើរនោះទេ ដោយសារតែការចាក់ត្រូវបានលុយ២០លានរៀល តែមេឆ្នោតធំបែរជាមិនសងទៅវិញ ដែលមេឆ្នោតនោះត្រូវបានគេស្គាល់ថា ឈ្មោះ ធី ។ សម្រាប់មេឆ្នោតនៅកំពង់ស្ពឺ វិញ មានម្នាក់ឈ្មោះ យាយង៉ែត គាត់កត់លេខនៅកណ្តាលផ្សារនាគព័ន្ធ កំពង់ស្ពឺ តែម្តង តែមិនដែលឃើញសមត្ថកិច្ចណាបង្ក្រាបទាល់តែសោះ។
ប្រភពដែលស្និទ្ធនឹងយាយង៉ែត បានទម្លាយឱ្យដឹងថា តើឱ្យអ្នកណាមកចាប់ បើក្នុងមួយខែៗ យាយង៉ែតចំណាយលុយអស់២០លានរៀលឯណោះ តែគេមិនដឹងថា លុយទាំងនោះចំណាយឱ្យខាងណាខ្លះទេ ៕
ចែករំលែកព័តមាននេះ